


សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តចេតិយថ្មី
សាខាកក្រកខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះតេជគុណ ភោគ ជ័យរិទ្ធិ ព្រះចៅអធិការវត្តចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។
ក្នុងឱកាសនោះ ព្រះអង្ដមានសង្ឃដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថ្លែងអំណរចំពោះព្រះតេជគុណព្រះចៅអធិការវត្ត ដែលជានិច្ចកាលនៅរៀងរាល់ឆ្នាំព្រះអង្គតែងបានឧបត្ថម្ភអំណោយដល់សាខាខេត្ត និងបានសន្យាចាត់ចែងប្រើ ប្រាស់នូវទេយ្យទានទាំងនេះ ដើម្បីជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
អំណោយមនុស្សធម៌ ដែលសាខាបានទទួលរួមមាន ៖ អង្ករ ២៥០ គីឡូក្រាម មី ១៦ កេស ទឹកដោះគោ ៤០ កំប៉ុង ស្ករស ១១ គីឡូក្រាម តែ ២០ កញ្ចប់ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១៦ កេស សម្ភារដំណេក ១១ សម្រាប់ និងថវិកាចំនួន ៤៥ ម៉ឺនរៀល ។ ក្នុងពេលជាមួយគ្នានេះដែរព្រះចៅ អធិការវត្ត ក៏បានចែកទេយ្យទានដល់ចាស់ជរាទីទ័លក្រគ្មានទីពឹង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសាលាបឋមសិក្សាវត្តចេតិយថ្មី សរុបចំនួន ៥០ នាក់ផងដែរ ។