


យុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ ការការពារជំងឺគ្រុនឈាម និងសម្អាតបរិស្ថាននៅក្រុងព្រៃវែង
សាខាកក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាក្រុងព្រៃវែង អាជ្ញាធរភូមិ-សង្កាត់មណ្ឌលសុខភាពគោកគង់កើត អ្នកស្ម័គ្រចិត្ត សរុបចំនួន ៦៦នាក់ ស្រី ២២នាក់ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ ការការពារជំងឺគ្រុនឈាម និងសម្អាតបរិស្ថានដើម្បីបំបាត់ជម្រកមូសខ្លា នៅក្នុងភូមិជើងទឹក(ក)សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
យុទ្ធនាការនេះធ្វើឡើងដើម្បីអប់រំផ្សព្វផ្សាយនូវសារមួយចំនួនដល់ប្រជាពលរដ្ឋដូចជា៖
១.ត្រូវរួមគ្នាជួយកំចាត់ប្រភពមូសខ្លាតាមរយៈការកាប់ឆ្ការព្រៃ បំបាត់កុំឲ្យមានវត្ថុដក់ទឹកនៅក្នុង ឬជិតផ្ទះ ត្រូវលាងសំអាតពាង ឫអាងទឹក។ល។
២. ការពិនិត្យដង្កូវទឹកក្រោយពេលដាក់ថ្នាំអាបែតបំបាត់ដង្កូវទឹកតើមានដង្កូវទឹកនៅក្នុងពាងឬអាងដែរឬទេ។
គ្រប់ករណីសង្ស័យមានជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៊ុយប្រ៉ូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមនោះឡើយ៕