វីដីអូ កាកបាទក្រហមកម្ពុជា

ក្លាយជាសមាជិកកក្រក

ជាសមាជិក​កាកបាទក្រហមកម្ពុជា លោក-អ្នក​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ ​ប្ដេជ្ញា​ចិត្ដ​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព និង​កម្មវិធី​កាកបាទក្រហមកម្ពុជា​នៅថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​កណ្ដាល។ ការណ៍​នេះ ផ្ដល់​ឱកាស​ឱ្យ​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ។

ប្រភេទ​សមាជិកភាព

សមាជិកភាព​របស់​កាកបាទក្រហមកម្ពុជា ត្រូវ​បើក​ទូលាយ​សម្រាប់​ជន​គ្រប់​រូប​ ស្ថាប័ន​ជាតិ ឬ​ឯកជន​ ដោយ​មិន​បែងចែក​ពូជសាសន៍ ភេទ ជំនឿ​សាសនា ភាសា វណ្ណៈ ឬ​ទស្សនៈ​នយោបាយ​ឡើយ។ បុគ្គល​មិនមែន​ជា​ពលរដ្ឋ​កម្ពុជា ក៏​អាច​ចូល​ជា​សមាជិក​របស់​កាកបាទក្រហមកម្ពុជា​បាន​ដែរ។ សមាជិក​របស់​កាកបាទក្រហមកម្ពុជា ចែក​ជា​ប្រភេទ​ដូច​ត​ទៅ​ គឺ៖ ទ្រទ្រង់  សកម្ម  ឧបការី  និង​កិត្ដិយស ។

សមាជិក​ទ្រទ្រង់

សមាជិក​ទ្រទ្រង់ គឺ​ជា​សមាជិក​ដែល​បង់ប្រាក់​សមាជិកភាព​ប្រចាំ​ឆ្នាំ តាម​ចំនួន​កំណត់​ដោយ​មហាសន្និបាត​របស់សមាគម​ជាតិ ។

សមាជិក​សកម្ម

សមាជិក​សកម្ម គឺ​ជាអ្នក​ដែល​បាន​ព្រមព្រៀង​ផ្ដល់​សេវាកម្ម​ជូន​សមាគម​ជាតិ និង​បាន​ចុះឈ្មោះនៅតាម​មូលដ្ឋាន។ សមាជិក​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​សាខា  ស្ថិត​នៅ​ក្នុង​ប្រភេទ​សមាជិក​សកម្ម។

សមាជិក​ឧបការី

សមាជិក​ឧបការី គឺ​ជាបុគ្គល​ណាដែល​បាន​ទទួល​ការ​ចាត់​តាំង​ពី​គណៈកម្មាធិការកណ្ដាល​ថាជា​ សមាជិក​ឧបការី ដើម្បី​បញ្ជាក់​នូវ​ការ​ទទួល​ស្គាល់​ថា បាន​ផ្ដល់​វិភាគទាន​ហិរញ្ញវត្ថុ​ជាពិសេស​ដល់​កាកបាទក្រហមកម្ពុជា។ សមាជិក​ឧបការី​អាច​ទទួល​ បាន​ការ​ចាត់​តាំង​ជា​សមាជិក​កិត្តិយស ប្រសិន​បើ​មាន​សេចក្ដី​សម្រេច​ពី​គណៈកម្មាធិការ​កណ្ដាល។

សមាជិក​កិត្តិយស

សមាជិក​កិត្តិយស គឺ​ជាបុគ្គល​ណាដែល​បាន​ទទួល​ការ​ចាត់​តាំង​ពី​គណៈកម្មាធិការ​កណ្ដាល ជាការទទួលស្គាល់​ សេវាកម្ម​ពិសេស ឫ​វិភាគទាន ពិសេស​ដែល​ផ្ដល់​ជូន​កាកបាទក្រហមកម្ពុជា។ បុគ្គល​ម្នាក់​មាន​សិទ្ធិ​ចូល​ជា​សមាជិក​បាន​តែ​ម្ដង​គត់​ក្នុង​មួយ​ឆ្នាំ។

កក្រក​មាន​បញ្ជី​សមាជិក​ច្បាស់លាស់​តាម​ប្រភេទ​ផ្សេងៗ។
បញ្ជី​សមាជិក​ត្រូវ​មាន​ជា​ស្រេច​សម្រាប់​តម្រូវ​ការ​របស់ គណៈកម្មាធិការកណ្ដាល និង​តំណាង​ចូល​រួម​មហាសន្និបាត​នៅ​ពេល​មាន​សំណើ​សុំ។

ករណីយកិច្ច និង​សិទ្ធិ​របស់​សមាជិក

សមាជិក​របស់​កាកបាទក្រហមកម្ពុជា មាន​ករណីយ​កិច្ច​ដូច​តទៅ៖
- ប្រកាន់ខ្ជាប់ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​គោលការណ៍​គ្រឹះ ៧​ប្រការ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​ការពារ​បដិរូប។
- លើក​កម្ពស់​ និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការងារ​របស់​កាកបាទក្រហមកម្ពុជា និង​ពង្រីក សមាជិកភាព។
- អនុវត្ដ​តាម​គោលការណ៍ និង​លក្ខខណ្ឌ​របស់​កាកបាទក្រហមកម្ពុជា។
- បង់ប្រាក់​សមាជិកភាព​ប្រចាំ​ឆ្នាំ (សមាជិក​ទ្រទ្រង់ ឧបការី និង​កិត្តិយស) លើកលែង​តែ​សមាជិក​សកម្ម ដែល​ចុះ​ឈ្មោះ​ជា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និយោជិត និង​គណៈកម្មាធិការ​ចេញ (លុះណាតែ មាន​ការ​ស្ម័គ្រ​ពី​បុគ្គល​ទាំង​នោះ)។

សមាជិក​របស់​កក្រក មាន​សិទ្ធិ​ដូច​ត​ទៅ៖

- បោះឆ្នោត និង ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​គណៈ​អភិបាល​គ្រប់​លំដាប់​ថ្នាក់។
- ចូលរួម និង​បោះឆ្នោត​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្នាក់​សាខា ហើយ​ប្រសិន​បើ​ជាប់​ឆ្នោត​នោះ​ នឹង​មាន​សិទ្ធ​ចូលរួម បោះឆ្នោត នៅ​ក្នុង​សន្និបាត​ថ្នាក់ខ្ពស់​ជាង​ទៀត។
- លើក​សំណើ និង​បញ្ហា​យក​មក​ពិភាក្សា​ជា​មួយ​នឹង​គណៈអភិបាល​នៅក្នុង កក្រក រួម​ទាំង​សំណូមពរ​សុំ​ធ្វើ​ វិសោធនកម្ម​លក្ខន្តិកៈ​នេះ​ផង។
- ចូល​រួម​ក្នុង​ការ​បណ្ដុះបណ្ដាល​អំពី កក្រក  ប្រសិន​បើ​មាន​ធនធាន និង​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ដ​ជូន​កក្រក។

បញ្ជាក់ ៖ ប្រាក់​សមាជិកភាព​ទាំង​នេះ​ អាច​បង់​ជា​រូបិយប័ណ្ណ​បរទេស ដោយ​គិត​តាម​អត្រាប្ដូរប្រាក់​ជាក់ស្ដែង។ សម្រាប់ព័ត៌មាន​បន្ថែមសូម​ទាក់ទង​សាខា​កាកបាទក្រហមកម្ពុជា​នៅ​តាម​ខេត្ដ​ នីមួយៗ  ឬ​មក​ថ្នាក់​កណ្ដាល តាម​អាស័យ​ដ្ឋាន​ ផ្ទះលេខ ១៦A ផ្លូវ​លេខ ៦៥២ កែង ២៧១ អូរ​បែក​ក្អម សង្កាត់​ទឹក​ល្អក់ ៣ ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា  ទូរស័ព្ទ ០២៣-៨៨១-៥១១  ទូរសារ ០២៣-៨៨១-៥២២ ឬ  ០១២-៨១០-៨៥៤ ឬ ០១២-៨១៦-៣៣៣ .០១២-៣៣៧-៣០០។