ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្ដេចឪ សម្ដេចម៉ែ
ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងប្រជារាស្ដ្រក្រីក្រ នៅខេត្ដកណ្ដាល និង ព្រៃវែង

នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១០ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយលោកជំទាវ ភរិយាថ្នាក់ដឹកនាំ បានអញ្ជើញអមព្រះរាជដំណើរ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយស កាកបាទក្រហមកម្ពុជា យាងចុះសួរសុខទុក្ខ និងចែកព្រះរាជអំណោយ ជូនដល់ប្រជារាស្ត្រក្រីក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៦១២ គ្រួសារ ដែលក្នុងនោះមាន ៣៤៥ គ្រួសារ មកពី ឃុំនៃស្រុកលើកដែក ខេត្តកណ្ដាល និង ២៦៧ គ្រួសារ មកពីស្រុកពាមជរ ខេត្តព្រៃវែង ។ ប្រជារាស្ត្រមកទទួលអំណោយមានចំនួនសរុបទាំងអស់ ៩៥៧ គ្រួសារ ដែលក្នុងនោះមួយគ្រួសារ ទទួលបាន អង្ករ ៣០គ.ក,ត្រីខ ១០កំប៉ុង, មីខ្មែរយើង ១កេស, សារុង ១, ក្រមា ១, នំប៉័ងបាក់យ៉ុង ២ដើម, ទឹកបរិសុទ្ធឱរ៉ាល់ចំនួន ២ដប, និងថវិកា ចំនួន ៥ម៉ឺនរៀល សរុបជាថវិកាប្រមាណ ៖ ៣៣,៩៩៦.១៦ ដុល្លារអាមេរិក។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ឈុន ស៊ីរុន អភិបាលខេត្ត និង ជាសមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទូលថ្វាយរបាយការណ៍ យ៉ាងក្បោះក្បាយពីការរីកចម្រើន និងសមិទ្ធផលនៅក្នុងខេត្ដ ដូចជាផ្លូវជាតិលេខ១ ដល់ក្អមសំណរ ត្រូវបានចាក់កៅស៊ូរួចជាស្ថាពរ ដែលនឹងធ្វើឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ប្រកបរបររកស៊ីរបស់ប្រជានុរាស្ត្រ ។ ឯកឧត្ដមក៏បានទូលថ្វាយបន្តពីសកម្មភាពសំខាន់ៗ របស់សាខាកាកបាទក្រហម ខេត្តកណ្ដាលក្នុងការផ្ដល់សេវាកម្មមនុស្សធម៌ ដូចជា ការអប់រំថែទាំសុខភាព ការផ្សព្វផ្សាយតាមសហគមន៍ ទប់ស្កាត់ជំងឺគ្រុនផ្ដាសាយថ្មី ជំងឺអេដស៍ ការឧបត្ថម្ភកុមារកំព្រា និងគ្រួសាររងគ្រោះដោយជំងឺអេដស៍ ការបណ្ដុះបណ្ដាលដល់កម្លាំងយុវជនកាកបាទក្រហម ការអភិវឌ្ឍន៍ អនុសាខា តាមស្រុក ដើម្បីធ្វើឱ្យសាខាមានកម្លាំងរឹងមាំនៅតាមសហគមន៍។
មានព្រះសុវណ្ណីក្នុងព្រះរាជពិធីនោះ សម្ដេចម៉ែ បានឱ្យកូនចៅបានដឹងពីព្រះរាជសុខភាព របស់សម្ដេចឪ សម្ដេចតា ដែលបច្ចុប្បន្ននេះព្រះអង្គមានព្រះជន្ម ៨៩ ព្រះវស្សាហើយ ព្រះអង្គពុំអាចយាងតាមបណ្ដាខេត្តបានតទៅទៀតទេ មានតែបណ្ដាំសាកសួរ សុខទុក្ខកូនចៅ ចៅទួត តាមរយៈសម្ដេចម៉ែ តែប៉ុណ្ណោះ នឹងសូមជូនពរ កូនចៅ ចៅទួត សូមបានប្រកបដោយសេចក្ដីសុខគ្រប់ប្រការ។ សម្ដេចម៉ែ មានព្រះសុវណ្ណី បន្ដថ្លែងកោតសរសើរ ពីភាពវៃឆ្លាត របស់លោកជំទាវ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការដឹកនាំចលនាមហាជន ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ទាក់ទាញបានការចូលរួមយ៉ាងសកម្មពីសប្បុរសជន ក្នុងនឹងក្រៅប្រទេស។ ជាពិសេសក្នុងការកសាងពង្រឹង កំលាំងយុវជនកាកបាទក្រហមកម្ពុជា អប់រំឱ្យចុះធ្វើសកម្មភាពជាក់ស្ដែងជាមួយអ្នកស្ម័គ្រចិត្ត។ ដោយព្រះទ័យសប្បាយរីករាយ ជួបជាមួយ ប្រជារាស្ត្រ មកពីខេត្តពីរក្នុងពេលតែមួយ ដែលជាឱកាសកម្រមាននោះ សម្ដេចម៉ែ បានទ្រង់យាងជូនដំណើរប្រជារាស្ត្រ ដែលធ្វើដំណើរតាមទូក ដល់មាត់ច្រាំងទន្លេ ធ្វើឱ្យ កូនចៅដែលបានទទួលព្រះរាជអំណោយរឹតតែមានក្ដីរំភើបក្នុងចិត្ដឥតឧបមា។
សូមអរគុណ !
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី 16 ខែ មិថុនា ឆ្នាំ២០១០