ពិធីចែកអំណោយផើងចំរោះទឹកស្អាតជូនប្រជាជននៅស្រុកព្រះស្ដេច ខេត្ដព្រៃវែង
ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្ដម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការសាខា លោកនាយក សាខា កាកបាទក្រហមកម្ពុជា ខេត្ដព្រៃវែង រួមជាមួយសហការី បានអញ្ជើញចែកធុងចំរោះទឹកស្អាត ជូនប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ចំនួន ៨៥០ គ្រួសារ នៅ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាអំណោយឧបត្ថម្ភ របស់សហព័ន្ធអន្ដរជាតិ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ កាកបាទក្រហម អូស្ត្រាលី ក្នុងគម្រោងមូលនិធិសង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ។ គួរបញ្ជាក់ផងដែរថា គ្រួសារទាំង ៨៥០ នេះ ធ្លាប់បានទទួល អំណោយជាអង្ករ និងសាប៊ូ ម្ដងរួចមកហើយពីគម្រោង មូលនិធិសង្គ្រោះបន្ទាន់ របស់ កាកបាទក្រហមកម្ពុជា ។
លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការនឹករលឹកពី លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខ-ទុក្ខ ប្រជាជនគ្រប់ពេលវេលាទាំងអស់ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវអគ្គលេខាធិការ ក៏បានពាំនាំនូវសារគន្លឹះអំពីសុខភាពពី លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ បង-ប្អូន ប្រជាពលរដ្ឋ មានដូចជាការផឹកទឹកស្អាត ញ៉ាំស្អាត ការថែរក្សាអនាម័យខ្លួនប្រាណស្អាត ការប្រើប្រាស់បង្គន់អនាម័យ សុខភាពស្ដ្រី និងកុមារ នារីដែលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបាន ៤ដង មុនពេលសម្រាល ហើយចំពោះអ្នកផ្ទុកជំងឺអេដស៍ សូមកុំលាក់ និងកុំខ្មាសអៀន ហើយត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលថ្នាំពន្យារជីវិត ការពារកុំឱ្យឆ្លងជំងឺពីម្ដាយទៅកូន ចំពោះកុមារត្រូវថែបំប៉នឱ្យបានគ្រប់ជីវជាតិទាំងអស់ ជាពិសេសចំណីអាហារធម្មជាតិដែលដាំនៅ ជុំវិញផ្ទះងាយ ស្រួលរក និងដើម្បីកាត់បន្ថយភាពក្រីក្រ ។ ការថែថាំសុខភាពខ្លួនឯងកុំឱ្យឈឺ មានន័យថាជួយខ្លួនឯង និងរួមចំណែក ជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះបើបង-ប្អូនឈឺត្រូវចំណាយលុយដើម្បីព្យាបាលជំងឺ ។
លោកជំទាវអគ្គលេខធិការ បានបញ្ជាក់ថា យើងជាប្រជាជនកម្ពុជាមានសំណាងណាស់ដែលមាន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប្រធាន ជាថ្នាក់ដឹកនាំដែលយកសុខ និងទុក្ខរបស់ប្រជាជន ជាកង្វល់ផ្ទាល់របស់ លោក សូមបងប្អូនទាំងអស់ ទទួលយកភាពកក់ក្ដៅដែលលោកបានផ្ដល់ជូន។
អត្ថបទដោយ៖ លោកស្រី សំ វន្ថា
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០៤ ខែ មករា ឆ្នាំ២០១២