ខួបលើកទី ១០ នៃទិវាអ្នកស្ម័គ្រចិត្ដកាកបាទក្រហមពិភពលោក
ខួបលើកទី ១០ នៃទិវាអ្នកស្ម័គ្រចិត្ដកាកបាទក្រហមពិភពលោកត្រូវបានប្រារព្ធឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្ដក្រចេះនាព្រឹកថ្ងៃ ពុធ ទី ២១ ខែធ្នូ ឆ្នាំ ២០១១ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្ដម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដក្រចេះ លោកកែ ក្រានីត សមាជិកបំរុងគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងលោក លោកស្រីរួមទាំងមន្ត្រីគម្រោងដែលពាក់ព័ន្ធជាច្រើនរូបទៀត។ គោលបំណងនៃពិធីនេះគឺដើម្បីអបអរសាទរ និង លើកទឹកចិត្ដ ដល់អ្នកស្ម័គ្រចិត្ដទាំងអស់ដែលបានខិតខំចំណាយពេលវេលា កម្លាំងកាយចិត្ដ ដើម្បីជួយដល់ជនងាយរងគ្រោះ ក្នុងសហគមន៍របស់ខ្លួនឱ្យធានាបាននូវនិរន្តរភាព សុខុមាលភាព និង ការវិវឌ្ឍ។
ឆ្លៀតក្នុងនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍សំណេះសំណាល ទៅកាន់អង្គពិធីទាំងមូល ដោយបានពាំនាំនូវមតិផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ កិត្ដិព្រឹទបណ្ឌិត ប៊ុន រានីហ៊ុនសែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូប ទោះជានៅទីណា ពេលណាក៏ដោយ។ លោកជំទាវ កិត្ដិព្រឹទបណ្ឌិត តែងតែផ្តាំផ្ញើតាមរយៈអគ្គលេខាធិការ ឱ្យអ្នកស្ម័គ្រចិត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់ គិតគូដល់សុខភាពរបស់ប្រជាជនងាយរងគ្រោះជាពិសេសស្ត្រី កុមារ ចាស់ជរា អ្នករស់នៅជាមួយមេរោគអេដស៍ ដោយត្រូវថែរក្សាសុខភាពជាចំបង គឺត្រូវបរិភោគទឹកស្អាត ឬ ទឹកដាំពុះ គេងដាក់មុង ជាដើម ដើម្បីការពារជំងឺដង្កាត់ផ្សេងៗមានដូចជា ជងឺគ្រុនឈាម ជំងឺរាគរូស ឬជំងឺឆ្លងនានាលោកជំទាវអគ្គលេខាធិការបានបន្តទៀតថា បច្ចុប្បន្ននេះយើងមានភ័ព្វសំណាងណាស់ដែលមានថ្នាក់ដឹកនាំប្រកបដោយមនុស្សធម៌ជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជនយើង ដែលរាល់ការលំបាករបស់ប្រជាជន គឺជាការកង្វល់របស់ថ្នាក់ដឹកនាំយើងដែរ លោកជំទាវជម្រាបជូនដល់អ្នកស្ម័គ្រចិត្ត ទាំងអស់សូមឱ្យទុកចិត្តនិងអាជ្ញាធរដែនដី រួមទាំងកាកបាទក្រហមកម្ពុជាផងដែរក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូន ដោយមិនមានការរើសអើងឡើយ ពោលគឺឱ្យតែរងគ្រោះ។
លោកជំទាវបានមាន ប្រសាសន៏ថ្លៃងអំណរគុណ ដល់អ្នកស្ម័គ្រចិត្ដទាំងអស់ឱ្យបន្តកិច្ចប្រឹងប្រែងជាបន្តសំដៅ លើកស្ទួយសហគមន៍ខ្លួនឱ្យជៀសផុតពីជំងឺដង្កាត់ និងបញ្ហាប្រឈមផ្សេង។ បើគ្មានអ្នកស្ម័គ្រចិត្ដទេ យើងក៏គ្មានកាកបាទក្រហមដែរ ដូចក្នុងពាក្យស្លោក មួយបានលើកឡើងថា "កម្លាំងអ្នកស្ម័គ្រចិត្ដ ប្រសិទិ្ធភាពមនុស្សធម៌ " ។
នៅចុងបញ្ចប់អង្គពិធី លោក ជំទាវ ពុំ ចន្ទីនី បានចែកជូនថវិកាដល់អ្នកស្ម័គ្រចិត្ដ មេភូមិ ទីប្រឹក្សាយុវជន មន្ដ្រីអង្គការផ្សេងៗទាំងអស់ ដែលម្នាក់ៗទទួលបាន ថវិកា ២០.០០០រៀល និង សំលៀកបំពាក់ ១កំប្លេ រីឯយុវជនទទួលបានថវិកាក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០រៀល និងសំលៀកបំពាក់ ១កំប្លេដែរ ។ សូមបញ្ជាក់ថា កម្មវិធីគម្រោងសុខភាពសហគមន៍ខេត្ដក្រចេះ ក៏បានរៀបចំឱ្យមានការពិសារអាហារសាមគ្គីរួមគ្នាមួយសំដៅបង្កើនភាពស្និទស្នាលនិងជាការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ដកាកបាទក្រហមយើងផងដែរ។
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០៤ ខែ មករា ឆ្នាំ២០១២