ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ២០១១
នៅព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១១ នេះ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា និង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៃអង្គមេទ្ទីញ ប្រារឰទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ដែលរៀបចំឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ក្រោមប្រធានបទ "ឈានឆ្ពោះទៅរកគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់" នៅសាលសន្និសីទ ចតុមុខ រាជធានីភ្នំពេញ ។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវសុន្ទរកថា ដែលមានខ្លឹមសារទាំងស្រុង ដូច្នេះថា៖
ថ្ងៃនេះ ខ្ញុំ មានកិត្ដិយស និង ក្ដីសោមនស្សរីករាយ ដោយបានមកចូលរួមជាតំណាងដ៍ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រារឰ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១១ ដែលជាការបង្ហាញ អំពីការប្ដេជ្ញាចិត្ដរបស់យើងទាំងអស់គ្នា ក្នុងការបន្ដចូលរួម ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ក្រោមប្រធានបទ " ឈានឆ្ពោះ ទៅរកគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់ " ។
ក្នុងឱកាសដ៍វិសេសវិសាលនេះ ខ្ញុំសូមសម្ដែងនូវអំណរសាទរ ការកោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធ កាកបាទក្រហម កម្ពុជា សហគមន៍អន្ដរជាតិ សង្គមស៊ីវិល វិស័យឯកជន និង បង-ប្អូនប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺអេដស៍ រហូតសម្រេចបានជោគជ័យ គួរជាទី មោទនៈ ដោយកាត់បន្ថយបាននូវការចម្លងមេរោគអេដស៍ថ្មីៗបន្ថែមទៀត ការបង្កើននូវការថែទាំព្យាបាល ការផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ ការបង្កើននូវការផ្ដល់ការថែទាំសុខភាពសង្គមដល់កុមារកំព្រា និង កុមារ ងាយរងគ្រោះ ដោយសារជំងឺអេដស៍។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាយើង នៅតែអាចគ្រប់គ្រងបាន ប្រកបដោយប្រសិទ្ធភាព នូវស្ថានភាពនៃការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ មិនឱ្យ កើនឡើងទៀតបាន។ យើងអាចធ្វើឱ្យអាត្រាឆ្លងរាលដាល ថយចុះពី ២% នៅឆ្នាំ ១៩៩៨ មកនៅត្រឹម ០.៨% ក្នុងឆ្នាំ ២០១០ គិតក្នុងចំណោមប្រជាពលរដ្ឋ អាយុ ១៥-៤៩ ឆ្នាំ ដែលតួលេខនេះ បានទទួលការសរសើរពី សំណាក់អង្គការសហប្រជាជាតិ ព្រមទាំងពានរង្វាន់ ក្នុងការធ្វើសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ទី ៦ នាឆ្នាំ ២០១៥ ខាងមុខនេះ ។
សន្ទរកថារបស់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភាសាខ្មែរ
សន្ទរកថារបស់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភាសាអង្គគ្លេស
ក្រោយពីបានបញ្ចប់ពីធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបន្តដំណើរចុះ ទៅសួរសុខទុក្ខបងប្អូនដែលផ្ទុកមេរោគអេដស៍ នៅវត្តក្រពើហា ទីរួមខេត្តកណ្តាល ចំនួន ៣០៥ គ្រួសារ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានសម្ដែងនូវការចូលរួមរំលែកទុក្ខដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ និងបានលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទូទាំងប្រទេស សូមកុំឱ្យអស់ក្តីសង្ឃឹម ព្រមទាំងសូមឱ្យ ជួយបន្តផ្សព្វផ្សាយអំពីមេរោគអេដស៍ជំងឺអេដស៍ ដើម្បីចូលរួមជួយកាត់បន្ថយអត្រាឆ្លងដល់អ្នកផ្សេងទៀត។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ស្ត្រីដែលមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យសុខភាព និងសម្រាលកូននៅមន្ទីរពេទ្យបង្អែកដែលមានពេទ្យប្រកបដោយជំនាញច្បាស់លាស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ ត្រូវធ្វើការសម្រាលកូននៅមន្ទីពេទ្យបង្អែក និងត្រូវទទួលថ្នាំការពារឱ្យបានទៀងទាត់ ដើម្បីអោយសម្រេចបាននូវគោលដៅសហស្សវត្សក្នុងឆ្នាំ ២០១៥ ខាងមុចនេះ៕
អត្ថបទដោយ ៖ លោក តាំង សាមឿន
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០២ ខែ ធ្នូ ឆ្នាំ២០១១