លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាជនខេត្តមណ្ឌលគីរី
កាលពីព្រឹកថ្ងៃទី ២០ ខែ ឆ្នូ ឆ្នាំ ២០១១ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំកណ្តាល មន្ត្រី-បុគ្គលិកថ្នាក់សាខា ព្រមទាំងសប្បុរសជនជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ជនទីទាល់ក្រ និងជនពិការក្រីក្រ ចំនួន ២០១១ គ្រួសារ មកពី ៥ ស្រុក នៅទីតាំង ស្រុកអូររាំង ខេត្ត មណ្ឌលគីរី។
នៅក្នុងពិធីសួរសុខទុក្ខ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវសេចក្តីរីករាយ និងការនឹករលឹកជាថ្មីម្តងទៀត ដែលបានមកអញ្ជើញចុះមកចែកអំណោយជូនដល់ជនដែលងាយរងគ្រោះនាពេលនេះ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំសាខាខេត្ត ជាពិសេសកិច្ចសហប្រតិបត្តិការ ផ្ទាល់ជាមួយដៃគូ នៅក្នុងការបំរើការងារមនុស្សធម៌ ជូនដល់អ្នកដែលងាយរងគ្រោះទូទាំងខេត្ត និងមាន លទ្ធភាពឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះទៀត លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏អំពាវនាវ ៖
· បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូ និងស្វែងរកដៃគូថ្មីទៀត ដើម្បីធានាបានចេរភាពនៃគំរោង ដែលបានចាប់ផ្តើមដំណើរការហើយ
· បន្តផ្សព្វផ្សាយ ជាពិសេសដល់អ្នកផ្ទុកមេរោគអេដស៏ ពីបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅក្នុងសហគមន៍ ព្រមទាំងសូមឱ្យទៅទទួលថ្នាំបន្តឱ្យបានទៀង ទាត់តាមការកំណត់
· សូមឱ្យស្ត្រីមានផ្ទៃពោះ និងអ្នកមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ចូលរួមកាត់បន្ថយអត្រាមរណ មាតា និងទារក ព្រមទាំងចូលរួមជាមួយរាជរដ្ឌាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ សហស្សវត្សរបស់អង្គការសហប្រជាជាតិ ទី ៤. ៥. ៦ ដោយធ្វើការពិនិត្យសុខភាព និងសម្រាលកូននៅ មន្ទីរពេទ្យបង្អែកដែលមានជំនាញច្បាស់លាស់
· ជាពិសេស សូមឱ្យឪពុក-ម្តាយទាំងអស់ ធ្វើការបញ្ជូនកុមារឱ្យចូលរៀននៅក្នុងសហគមន៍ របស់ខ្លួន
ជាទីបញ្ចប់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានចែកអំណោយ ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ជនទីទាល់ក្រ និងជនពិការក្រីក្រ ចំនួន ២០១១ គ្រួសារ នូវ អង្ករ(៣០ kg), មី, ត្រីខ, សារុង, ក្រមា, មុង, ភួយ, កំរាល ស, ក្រណាត់ស, អាវចាក់ដៃវែង, សាប៊ូកក់សក់, ទឹកបរិសុទ្ធ, ថវិកា (២០០០០ រៀល)៕
អត្ថបទដោយ ៖ លោក តាំង សាមឿន
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ២២ ខែ ធ្នូ ឆ្នាំ២០១១