ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៤៥០គ្រសារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម និង ឯកឧត្តម ជា ជាតិ ប្រធានគណៈកម្មាធិការសាខា ខេត្តកំពង់ធំ អមដំណើរ ដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា ខេត្តកំពង់ធំ បាននាំយកអំណោយសង្គ្រោះ ថវិកាឆ្លើយតបគ្រោះមហន្តរាយបន្ទាប់របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ មកពីភូមិទាំង៥ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៤៥០ គ្រួសារ។
តាមសេចក្តីរាយការណ៏ពី ឯកឧត្តម ជា ជាតិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានឱ្យដឹងថានៅក្នុងឃុំផាត់សណ្តាយមានភូមិចំនួន ៥ និងមានប្រជាពលរដ្ឋចំនួន ៩៨០ គ្រួសារ ភាគច្រើនមានមុខរបរនេសាទត្រី ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។ ដោយស្ថានភាពទឹកជំនន់ឆ្នាំនេះធ្ងន់ធ្ងរ បណ្តាលឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល ជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ។ ក្នុងនោះរាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយសង្គ្រោះជាបន្តបន្ទាប់ចំនួន ២ លើករួចមកហើយ នេះគឹជាលើកទី ៣ ដែលកាកបាទក្រហមកម្ពុជា បានបន្តផ្តល់ជំនួយសង្គ្រោះដល់បងប្អូន ដើម្បីជួយស្ដារជីវភាពរស់នៅរបស់បងប្អូន។
ក្នុងឪកាសនោះ លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចទាំងបី ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាក។ លោកជំទាវ អគ្គលេខាធិការ ក៍បានផ្តាំផ្ញើ ដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងអនាម័យជៀសវាងកើតជំងឺដង្កាត់ផ្សេងៗ ដើម្បីជួយ សម្រាលជីវភាពរស់នៅរបស់បងប្អូន ពិសេសគឺ " រស់នៅស្អាត ហូបស្អាត និងផឹកស្អាត "។ លោកជំទាវ ក៍បានផ្តល់ ជូនសារគន្លឹះរបស់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដល់ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបាន ៤ដង មុនពេលសម្រាល និងអ្នកផ្ទុកមេរោគអេដស៍ត្រូវទៅទទួលការព្យាបាល ដើម្បីកុំឱ្យឆ្លងអេដស៍ទៅកូន។ លោកជំទាវ ក៍បានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការប្រកប របរចិញ្ចឹមជីវិត និងបង្កើនជីវភាពរស់នៅ ឱ្យបានប្រសើរទ្បើង ក្រោយពេលទឹកស្រកអស់។
អំណោយដែលបានចែកជូនពេលនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០ គក្រ សាប៊ូម្សៅ ១ថង់ សាប៊ូដុំ ៦ ដុំ ថ្នាំផ្តាសាយសារា ២បន្ទះ បន្ថែមលើ ធុងទឹកចំណុះ ២០លីត្រ និង ថ្នាំក្ល័ររាំមីត ចំនួន៦០ គ្រាប់ ដែលបានចែកជូនកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១១។
សូមបញ្ជាក់ ថា ក្រុមការងារបានឧបត្ថម្ភ ដល់គ្រួសារ សព ១ គ្រួសារ ដែលប្តីរងគ្រោះស្លាប់ ដោយសារខ្យល់គ មានថវិកា ចំនួន ១៨ ម៉ឺនរៀល។
អត្ថបទដោយ ៖ លោកជំទាវ ហួន ច័ន្ទប៉ូរ៉ា
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១១