
យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តធ្វើយុទ្ធនាការសម្អាតបរិស្ថាន
សាខាកក្រកខេត្តព្រះវិហារ: ព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធានកិត្តិយសក្លឹប និងទីប្រឹក្សាយុវជនកាកបាទក្រហម ប្រចាំវិទ្យល័យ ស្រុកជាំក្សាន្ត បានដឹកនាំយុវជន ចំនួន ៧៥នាក់ ស្រី៥៣ ធ្វើយុទ្ធនាការ ដើររើសសំរាម នៅតាមដងផ្លូវសាធាណ: ទីប្រជុំជន នៅជុំវិញផ្សារ មណ្ឌលសុខភាព និងសាលាស្រុកជាំក្សាន្ត ស្ថិតនៅក្នុង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង រួមគ្នាសម្អាតទីរួមស្រុក សំដៅឱ្យមានសោភ័ណភាពល្អ មានអនាម័យត្រឹមត្រូវ និងជាការដាស់អារម្មណ៍ដល់ប្រជាជនឱ្យចូលរួមសម្អាតនិងមានអនាម័យល្អហើយក៏ជាការទាក់ទាញអារម្មណ៍និងការផ្លាស់ប្តូរឥរិយាបទពីការចោលសំរាមទីសាធារណៈមកដាក់ទីកន្លែងត្រឹមត្រូវផងដែរ។ យុទ្ធនាការនេះរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់។

ប្រជាជនងាយរងគ្រោះបំផុតនៅឃុំព្រៃក្មេងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ ដោយលោកស្រី អោម ចន្នា នាយិកាសាខា និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន ៤គ្រួសារ ស្ថិតនៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកស្រី នាយិកា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ចាស់ជរា ទីទ័លក្រ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ប្រេងឆា ១ដប ធំធុង ២ធុង ទឹកដោះគោខាប់ ២កំប៉ុង ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន ៩០,០០០រៀល៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍
សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកវេជ្ជ.កែវ សុផាន់ នាយកសាខា និងសហការី បាននាំយកកង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយរបស់សប្បុរសជនមកពីប្រទេសអូស្រ្តាលី តាមរយៈកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅចែកជូនដល់កុមារដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ចំនួន ៩នាក់ ស្ថិតនៅស្រុកឈូក ខេត្តកំពត។
នាឱកាសនោះ លោកនាយក បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជងឺ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពបានល្អ និងរស់នៅប្រកបដោយអនាម័យ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាំអំណោយចែកជូនប្រជាជនងាយរងគ្រោះ ឃុំមហាឫស្សី
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥២គ្រួសារ មកពីភូមិចំនួន១៧ (ទីកន្លែងចែកនៅវត្តអង្គតាព្រះ) ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក និងជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឫនិន្នាកានយោបាយអ្វីឡើយ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាសុខភាពអោយបានល្អនិងរស់នៅប្រកបដោយអនាម័យ និងប្រកាន់ខ្ជាប់នូវ ហូតស្អាត ផឹកស្អាត រស់នៅស្អាត។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ធំធុង ១ធុង ទឹកដោះគោខាប់ ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល៕

ប្រជាជនចាស់ជរា និងជនពិកា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧នេះ នៅវត្តនន្ទមុនី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ រស់នៅក្នុងខណ្ឌមានជ័យ ។
មានប្រសាសន៍ទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម ប៉ា សុជាតិវង្ស បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព ហើយសូមបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចឡើងជាយថាហេតុ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រជុំបូកសរុបរបាយការណ៌ត្រីមាសទី៣ ឆ្នាំ ២០១៧
សាខាកក្រកខេត្តព្រះវិហារ: នៅរសៀលថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៧ នេះ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៌ត្រីមាសទី៣ ឆ្នាំ ២០១៧ និងលើកទិសដៅផែនការត្រីមាសទី៤បន្ត ក្រោមវត្តមាន លោក រ៉ាត់ សោភា អនុប្រធានគណ:កម្មាធិការសាខា នៅសាលាប្រជុំសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ។
កិច្ចប្រជុំនេះបានពិនិត្យមើលរាល់សកម្មភាពមនុស្សធម៌របស់ខ្លួនក្នុងរយៈពេល៣ខែកន្លងមក នូវចំណុចខ្វះខាត និង ចំណុចខ្លាំង និងទិសដៅបន្ត សំដៅសម្រាប់៣ខែខាងមុខទៀត។

គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ក្នុងស្រុកស្ទោងទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ ដោយសារទឹកជំនន់ចំនួន ៧៤៩គ្រួសារ ដែលរស់នៅក្នុងឃុំចំនួន ៨ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៧ នៅទីតាំង ៤ផ្សេងគ្នា រួមមាន ៖
១-ក្នុងបរិវេណវត្តឈើទាល សម្រាប់ប្រជាពលរដ្ឋចំនួន ១៧១ គ្រួសារ
២-ក្នុងបរិវេណវត្តថ្មី សម្រាប់ប្រជាពលរដ្ឋចំនួន ២៣៤គ្រួសារ
៣-ក្នុងបរិវេណវត្តព្រះដំរី សម្រាប់ប្រជាពលរដ្ឋចំនួន ៣១៦ គ្រួសារ
៤-សាលាឆទានភូមិនាងសល្ងាច សម្រាប់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ
ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះគ្រួសាររងគ្រោះ ដែលមកទទួលអំណោយមនុស្សធម៌ នាថ្ងៃនេះ។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋសព្វកំពុងរស់នៅក្រោមម្លប់សន្តិភាពបរិបូរណ៍នេះ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ បន្ថែមពីនេះទៀត សូមមើលថែរក្សាកូនចៅតូចឱ្យបានល្អ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងត្រូវដាំបន្លែដំណាំជុំវិញផ្ទះឱ្យបានច្រើន សម្រាប់ទទួលទានក្នុងក្រុមគ្រួសារ ជាជាងទិញបន្លែពីផ្សារ។ ជាងនេះទៅទៀត សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកចាស់ៗមួយចំនួនទទួលបានថវិកាឧបត្ថម្ភបន្ថែម ម្នាក់ៗចំនួន ១ម៉ឺនរៀល៕

កិច្ចសំណេះសំណាលជាមួយយុវជនកាកបាទក្រហមកម្ពុជាដែលទទួលបានអាហារូបករណ៍
កក្រក ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំ សំណេះសំណាលជាមួយយុវជនកាកបាទក្រហមកម្ពុជា-សិស្សចំនួន ៨៤អង្គ/នាក់ ដែលទទួលបានអាហារូបករណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សម កុសល នាយកនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើការកោតសរសើរចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ចូលរួមចំណែកក្នុងកិច្ចការសង្គម ធ្វើជាយុវជនគំរូ ជាមិត្តអប់រំមិត្តនៅតាមសាលារៀន និងជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថនៅក្នុងសង្គមជាតិ។
ជាកិច្ចតបស្នងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យុវជន-សិស្សក្រីក្រដែលទទួលបានអាហារូបករណ៍ទាំងអស់ បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ បន្តជីវភាពជាយុវជនកាកបាទក្រហមកម្ពុជានៅសាកលវិទ្យាល័យ ដើម្បីបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនដែលបាននិងកំពុងធ្វើកន្លងមក៕

កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខានៅខេត្តកំពង់ធំ
សាខាកក្រកខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសំណាក់ ព្រមទាំង សមាជិក-សមាជិកា គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្ដាល និងក្រុមប្រតិបត្តិសាខា សរុបចំនួន៣២នាក់។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ៖
១- ការកសាងធនធានមនុស្ស និងការរៀបចំតួនាទីភារកិច្ច របស់ក្រុមប្រតិបត្តិទៅតាមសមត្ថភាព និងជំនាញរបស់បុគ្គលម្នាក់ៗ។
២-ទម្រង់ការហិរញ្ញវត្ថុ ដោយត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ព្រមទាំងត្រូវកត់ត្រា រាល់ចំណូល-ចំណាយ និងចរន្តហិរញ្ញវត្ថុត្រូវដាក់ទៅតាមផ្នែកនីមួយៗ សម្រាប់ទ្រទ្រង់សកម្មភាពរបស់សាខា។
៣-ការរៀបចំរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់មន្ត្រី-បុគ្គលិកសាខា។
៤-លក្ខខណ្ឌការងារ និងប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេស របស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះដែរ លោកជំទាវអគ្គលេខាធិការ បានអញ្ជើញប្រគល់ឧបករណ៍បន្សុទ្ធទឹក និងសម្លាប់មេរោគក្នុងទឹក ម៉ូដែល AP 700 CL ចំនួន ២ ឈុត ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជាជំនួយរបស់សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ផងដែរ៕

ស្រ្តីទីទ័លក្ររើសអេតចាយសម្រាលកូនលើរ៉ឺម៉កទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខ ស្ត្រីទីទ័លក្រឈ្មោះ លន់ រាជនី អាយុ ២១ឆ្នាំ ជាអ្នករើសអេតចាយជាមួយម្តាយចាស់ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌច្បារអំពៅ។ ស្ត្រីនេះ ទទួលបានការជួយសម្រាលលើរ៉ឺម៉កកង់បី នៅវេលាម៉ោង ១ម៉១៥នាទីរសៀល ដោយពេទ្យឆ្មប យិន រមនី និងបានបញ្ជូនមកសម្រាកថែទាំក្រោយសម្រាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ ពេលនេះ ម្តាយនិងទារក មានសុខភាពល្អប្រសើរ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះអ្នកស្រី លន់ រាជនី និងផ្តាំផ្ញើឱ្យខិតខំបំប៉នសុខភាពឱ្យបានល្អ បរិភោគអាហារមានជីរជាតិ មានអនាម័យស្អាតក្នុងការថែទាំកូន និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
អ្នកស្រី លន់ រាជនី មានក្តីរំភើបឥតឧបមា ដោយបានការយកចិត្តទុកដាក់ គិតគូរទាន់ពេលវេលាពី កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល តែងគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនមានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ ខោអាវនិងសម្ភារៈចាំបាច់ ១៦មុខ ម្សៅកូនក្មេង ត្រីខ មី មុង ភួយ សារុង ក្រមា និងថវិកា ២០ មុឺន រៀល។ ដោយឡែក អ្នកឆ្លងទន្លេម្នាក់ទៀតនៅក្បែរនោះទទួលបាន មី ត្រីខ ឃីត ម្សៅកូនក្មេង និងថវិកា ៥មុឺនរៀលដែរ៕