អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

អតីតសិស្សពូកែនិទ្ទេស A ឆ្នាំ២០១៦ ដែលមានជំងឺរលាកទងសួតធ្ងន់ធ្ងរទទួលអំណោយពីកក្រក

កក្រក​ ៖​ នៅទីស្នាក់ការ​កណ្តាល​ នារសៀលថ្ងៃទី ២៦​ ខែកក្កដា​ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឱ្យ​ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១​ កាកបាទក្រហម​កម្ពុជា​ យកសម្ភារៈ​ និងថវិកា​មួយចំនួន​ជូនដល់​ យុវជន​ ហេង​ ដូរ៉ង្គ​ អាយុ​ ១៩ឆ្នាំ​ អតីតសិស្ស​ពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ ដែលមាន​ជំងឺរលាក​ទងសួត​ធ្ងន់ធ្ងរ​ កំពុង​សម្រាកព្យាបាល​នៅបន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​កាល់ម៉ែត។

 

ក្នុងពេលប្រគល់​អំណោយនោះ លោកជំទាវ អគ្គលេខាធិការ​រងទី ១ បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើនូវការ​សួរសុខទុក្ខ ក្តីអាណិតអាសូរ​ ចំពោះ​យុវជន​ ហេង​ ដូរ៉ង្គ​ ដែល​ធនធាន​មនុស្សវ័យ​ក្មេងរបស់​សង្គមជាតិ​ និងជូនពរ ឆាប់​បានជា​សះស្បើយពីជំងឺ​ត្រឡប់ទៅសិក្សារៀនសូត្រ​បន្តទៀត។

ឪពុកម្តាយ​បង្កើតរបស់​ យុវជន​ ហេង​ ដូរ៉ង្គ​ ដែលមក​ទទួលអំណោយ​នាឱកាសនោះ បានសំដែង​ក្តីរំភើប​ឥតឧបមា​ ដោយទទួលបាន​ការគិតគូរ​ និងយកចិត្ត​ទុកដាក់​ ពីកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូច​ជារាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និងការចូលរួម​ពីសាកលវិទ្យាល័យ​ ព្រមទាំងក្រុម​យុវជន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​ជួយដល់ថ្លៃ​ព្យាបាល​ ពិសេសគឺ​ ផ្តល់កម្លាំងចិត្ត​ និងលើក​ទឹកចិត្ត​ ដែលជា​គុណបំណាច់​មិនអាច​កាត់ថ្លៃបាន។​

 

សូមបញ្ជាក់ថា​ យុវជន​ ហេង​ ដូរ៉ង្គ​ មានទីលំនៅ​នៅភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ជាអតីតសិស្សពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ បច្ចុប្បន្ន​កំពុងមានជំងឺ​ស្របពេល​កំពុង​សិក្សាថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន​ផ្នែក​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល៕

 

...

វគ្គផ្សព្វផ្សាយស្តីពី ច្បាប់មនុស្សធម៌អន្តរជាតិនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

កក្រក៖ ​នៅព្រឹក​ថ្ងៃទី​ ២៥ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា ​នាយកដ្ឋាន​ទំនាក់ទំនង​ និងលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ​ ប្រធាន​បេសកកម្ម​ អាយ.ស៊ី.អរ.ស៊ី ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ (អាយ.ស៊ី.អរ.ស៊ី) ដែលមាន​ការសម្រប​សម្រួល ​ពីសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ស្ពឺ បានបើកវគ្គ​ផ្សព្វផ្សាយ​ស្តីពី ច្បាប់មនុស្សធម៌​អន្តរជាតិ និងការប៉ះទង្គិច​ប្រដាប់​អាវុធ ក្នុងពេលបំពេញ​បេសកកម្ម នៅប្រទេស​អាហ្វ្រិក​កណ្តាល ជូននាយ​ទាហាន​សិក្ខាកាម នៃសាលា​ហ្វឹកហ្វឺន​កងកម្លាំងរក្សា​សន្តិភាព​ពហុជាតិ សរុបចំនួន ១៧៦ នាក់ (ស្រី ១៦ នាក់)។

 

វគ្គបណ្តុះបណ្តាល​នេះគឺ បញ្ជ្រាប​ការយល់ដឹង​អំពី តួនាទី និងភារកិច្ច​របស់​កាកបាទក្រហម​កម្ពុជា 
និង​ការបំពេញ​បេសកកម្ម​របស់ អាយ.ស៊ី.អរ.ស៊ី នៅប្រទេស​អាហ្វ្រិក​កណ្តាល​ ជូនដល់​នាយទាហាន​ដែលត្រូវទៅ​បំពេញបេសកកម្ម​នៅទីនោះ សម្រាប់​ធ្វើការ​ទំនាក់ទំនង​ក្នុងគ្រាអាសន្ន​ចាំបាច់​ណាមួយ។

 

...

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តកំពត

ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧ កាកបាទក្រហម​កម្ពុជា​ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ​នៅសណ្ឋាគារ​កំពត​ឌីយ៉ាម៉ង់ ក្នុងទីរួម​ខេត្តកំពត ។ ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា និងមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ខេត្តកំពត គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា មន្ត្រីសាខា និងអនុសាខា​កាកបាទក្រហម​កម្ពុជា ខេត្តចំនួន ៩ ក្នុងទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា សរុប ចំនួន ៦០ នាក់ ។ 

 

សិក្ខាសាលា​នេះមាន​គោលបំណង​លើកកំពស់​ការយល់ដឹង​ជាសាធារណៈ​ស្តីពី​ច្បាប់គ្រប់គ្រង ​គ្រោះមហន្តរាយ​ លើកកំពស់​កិច្ចសហការល្អ ក្នុង​ការអនុវត្ត​ច្បាប់។​



...

កិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃទី ២៤ ខែកក្កដា​ឆ្នាំ២០១៧ នេះ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​បានរៀបចំ​កិច្ចប្រជុំ​ បូកសរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា​ឆមាសទី ១ ​និងលើកទិសដៅ​ការងារ​ឆមាសទី ២ ឆ្នាំ២០១៧ នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ ចំនួន២១ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឃួន សុដារី អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា និងអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ-មន្ត្រី ប្រធាន​កិត្តិយស​ក្លឹប ទីប្រឹក្សា​យុវជន និងយុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន ៩១ នាក់។

 

កិច្ចប្រជុំនេះ បានពិភាក្សា​លើ​ចំណុចខ្លាំង​ បញ្ហា​ប្រឈម​ នៃការអនុវត្ត​នូវភារកិច្ច​ និងការទទួលខុស​ត្រូវ​របស់​យុវជន​កាកបាទក្រហម​កម្ពុជា ក្នុងឆមាសទី ១ ពីខែមករា ​ដល់ខែ​មិថុនា ឆ្នាំ២០១៧ ដែលបាន​និងកំពុងធ្វើ ​ព្រមទាំង​ដាក់ចេញ​នូវទិសដៅ​សមស្រប​ក្នុងការ​អនុវត្ត​កញ្ចប់​សកម្មភាព​សម្រាប់​ឆមាស​ទី ២ ឆ្នាំ២០១៧ ដោយ​ដើរស្រប​តាមគោលការណ៍​គ្រឹះទាំង ៧ របស់ចលនា​ តាមរយៈ​ វិស័យ​ស្នូលទាំង ៤ នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បានផ្តល់​អនុសាសន៍ និងសំណូមពរ​សំខាន់​ចំនួន ៥ រួមមាន ៖


១/ សូមប្រធាន​កិត្តិយស​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ បន្តជួយ​គាំទ្រឱ្យ​ក្លឹបយុវជន​ក្លាយជា​ថ្នាលមួយដើម្បី​បណ្ដុះបេះដូង​មនុស្សធម៌​ក្នុងជួរ​យុវជន និងនិស្សិត​នៅតាម​សាកលវិទ្យាល័យ។


២/ សូមក្លឹប​យុវជនទាំងអស់ ដែល​ជាកម្លាំងចលករ​ដ៏សំខាន់ ក្នុងការ​ចូលរួម​ការងារ​សង្គម បន្តធ្វើ​សកម្មភាពឱ្យបាន​ផុសផុល​បន្ថែមទៀត ដើម្បីធានា​បានការផ្តល់​សេវាមនុស្សធម៌​ប្រកប​ដោយ​ប្រសិទ្ធភាព។


៣/ សូមបន្ត​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន ឬអង្គការ​ចាត់តាំង​យុវជន​ដទៃទៀត ដែលមាននៅក្នុងសង្គម​ឬសហគមន៍។


៤/ សូមយកចិត្ត​ទុកដាក់ យកក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ធ្វើជា​កន្លែង​សិក្សារៀន​សូត្រ បណ្តុះ​ជំនាញ បំណិនជីវិត។ល។ ពិសេស ជួយដល់​និស្សិត​ក្រីក្របំផុត ដោយមិន​ឱ្យមាននិស្សិត​ណាម្នាក់​បោះបង់​ការសិក្សាដោយ​បញ្ហាជីវភាពឡើយ។


៥/ សូមយុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ​មានសីលធម៌ សុជីវធម៌ គុណធម៌ ធ្វើជា​យុវជន​គំរូ ជួយដល់សង្គមជាតិ​ឱ្យមាន​សុខសន្តិភាព និងរីក​ចម្រើន​ទៅមុខ៕

 

...

វគ្គផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហមដល់បណ្ឌិត្យសភានគរបាល

កក្រក ៖ ​នាព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧ កាកបាទក្រហម​កម្ពុជា សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ (អាយ.ស៊ី.អរ.ស៊ី) បានរៀបចំ​បើកវគ្គ​ផ្សព្វផ្សាយ​ជាមូលដ្ឋាន ​ស្ដីពី​គោលការណ៍​គ្រឹះរបស់​ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ មូលដ្ឋាន​ច្បាប់មនុស្សធម៌​អន្តរជាតិ​ និង​ការលើកកម្ពស់​តម្លៃ​មនុស្សធម៌​ ជូននិស្សិត​និងសិក្ខាកាម​ នៃសាលា​បណ្ឌិត្យ​សភា​នគរបាលកម្ពុជា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ប្រធាន​បេសកកម្ម​ អាយ.ស៊ី.អរ.ស៊ី មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ ​នៃនាយកដ្ឋាន​ទំនាក់ទំនង និងសហការី ​រួមទាំង​សិក្ខាកាម​សរុបចំនួន ១៧៩នាក់ ស្ថិតនៅ​ក្នុងស្រុកកៀនស្វាយ​ ខេត្តកណ្ដាល។

 

វគ្គនេះប្រព្រឹត្តទៅ​នៅក្នុង​គោលបំណង ដើម្បីផ្សព្វផ្សាយ​បញ្ជ្រៀប​ការយល់ដឹង​អំពី គោលការណ៍គ្រឹះ​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​ច្បាប់មនុស្សធម៌​អន្តរជាតិ ​និងការលើកកម្ពស់​តម្លៃមនុស្សធម៌ ​ជូនដល់​សិក្ខាកាម​ទាំងអស់​ដែលជា​កងកម្លាំង​នគរបាល​កម្ពុជា​ផងដែរ៕

 

1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តកំពត ៖ កាលពី​ព្រឹកថ្ងៃ​ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត​ បានរៀបចំ​ពិធី​វគ្គបណ្តុះបណ្តាល​មួយ ក្រោម​ប្រធានបទ «យុវជន​ជាភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបទ» ជូនដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ចំនួន ៤០នាក់ (ស្រី២០នាក់) មកពី​វិទ្យាល័យ​គោលដៅ​ចំនួន​៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ជាគណៈអធិបតី​ពីសំណាក់​លោក តាក ហាប់ សមាជិក​គណៈកម្មាធិការសាខា​ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។

 

វគ្គនេះមាន​គោលបំណង ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ហើយយកចំណេះ​ដឹងទាំង​នេះជួយ​ផ្សព្វផ្សាយ​សាលារៀន​ និងសហគមន៍​រៀងៗខ្លួន​ឱ្យកាន់តែប្រសើរឡើង៕

 

អានបន្ថែម...

សាខាកក្រក​ខេត្តព្រៃវែង៖ ​នៅព្រឹក​ថ្ងៃទី​ ០៤​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ បានបើក​វគ្គបណ្តុះបណ្តាល​ជនបង្គោល​ស្តីពី​ សុខភាព​មនុស្សចាស់ ​ស្ថិតក្រោម​អធិបតីភាព​ ឯកឧត្តម​ឧកញ៉ា សុខ ផេង​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា។

 

វគ្គ​បណ្តុះបណ្តាល​នេះប្រព្រឹិត្តិទៅ ​ក្រោមកិច្ច​សហការណ៍​ជាមួយកាកបាទក្រហ​មកម្ពុជា ​ដែលបានការ​ឧបត្ថម្ភថវិកា​ដោយសហព័ន្ធ​អន្តរជាតិ​ កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ​មានរយៈពេល ០២ថ្ងៃ ​ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែកក្កដា ឆ្នាំ ២០១៧ មានសិក្ខាកាម​ចូលរួម សរុបចំនួន ៣០នាក់ ស្រី ៨នាក់ មកពីអនុសាខា​ស្រុកពាមរក៍ ជាស្រុកគោលដៅ​សម្រាប់អនុវត្ត​សកម្មភាពគម្រោង។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
១.ដើម្បីអោយ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការជួយ​អប់រំផ្សព្វផ្សាយ​សារគន្លឹះ ស្តីពីការ​ការពារ​ជំងឺមិនឆ្លង និង​ថែទាំដល់​ប្រជាពលរដ្ឋដែល​មានអាយុច្រើន​រស់នៅក្នុង​សហគមន៍​ អោយមានសុខភាពល្អ​។​


២.ដើម្បីកែលម្អរ​គុណភាព​ជីវិតរបស់​ប្រជាជន​ ដែលមានអាយុ​ច្រើនរស់​នៅក្នុងសហគមន៍​ជនបទ ​ទទួលបានក្តីសង្ឃឹម​ ការគោរព ​និងការ​លើកកម្ពស់​សេចក្តីថ្លៃថ្នូ ​តាមរយៈការ​ការពារជម្ងឺ​មិនឆ្លង​ និងការថែ​ទាំសុខភាព។

 

អានបន្ថែម...

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកំពង់ឆ្នាំង​ ដឹកនាំដោយ​លោក ប្រាក់ សោភ័ណ្ឌ​ នាយក​សាខា រួមជាមួយ​នឹង មន្ត្រីសម្រប​សម្រួល​គម្រោង នៃនាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​បានចូលរួម​បើកវគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ​ និងការប៉ាន់ប្រម៉ាណ​ហានិភ័យ​នៅតាមសាលារៀន​ដោយមាន​ការអញ្ជើញចូលរួម​ពី ទីប្រឹក្សាយុវជន ​យុវជន​កាកបាទក្រហម​កម្ពុជា​៣គោលដៅ ​សរុបចំនួន ៣៥នាក់ ស្ថិត​នៅខេត្ត​កំពង់ឆ្នាំង។

 

វគ្គបណ្ដុះបណ្ដាលនេះ​ប្រព្រឹត្តទៅ​នៅក្នុង​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី ៥-៦-៧ ខែ​កក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណង​ដូចតទៅ៖


១-រកឲ្យឃើញ​នូវមុខសញ្ញា​គ្រោះមហន្តរាយ​នានា ដែលភ្លាប់​មានក្នុង​សាលារៀន
២-គ្រប់គ្រងមុខ​សញ្ញា​គ្រោះមហន្តរាយក្នុង​សាលារៀនឲ្យបាន
៣-រកអោយឃើញ​ហានិភ័យ​នានា​ដែលអាច​កើតមានឡើង​ក្នុងសាលារៀន
៤-វាស់ស្ទង់សម្ថតភាព​ហានិភ័យ និងសមត្ថភាព​របស់យើង​ ដើម្បី​ដោះស្រាយ៕

 

អានបន្ថែម...

សាខាកក្រករាជ​ធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ២៨​ ខែ​ ​មិថុនា ឆ្នាំ ២០១៧នេះ​ នៅសាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោក​ គ្រួច​ សាមឿន​ នាយក​ប្រតិបត្តិ​សាខា​ បានរៀបចំ​បើកវគ្គ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្តោតលើ​ហានិភ័យ​នៃការបើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង​រយៈពេល១ព្រឹក​ ​ជូនដល់ប្អូនៗ​និស្សិត​ប្រចាំ​សាកលវិទ្យាល័យ​ចំនួន៣០០នាក់ ​ដែល​វគ្គនេះ​បានការជួយ​ឧបត្ថម្ភគាំទ្រ​ពីអង្គការ​សម្ព័ន្ធអន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល​នៃគ្រឿងស្រវឹង​( IARD )​ ។

វគ្គអប់រំ​ផ្សព្វផ្សាយ​នេះមាន​គោលបំណងគឺ៖​ 
១.​ ដើម្បីផ្តល់​ចំណេះដឹង​ និងដើម្បីផ្សព្វផ្សាយ​ច្បាប់​ចរារណ៍​ផ្លូវគោក​ ។
២.​ បង្ហាញពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នាពេលបច្ចុប្បន្ន 
៣.​ កត្តាផ្សេងៗ​ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ចរាចរណ៍ 
៤.​ កត្តាគួរ​យល់ដឹង​ចំពោះការបើក​បរប្រកប​ដោយសុវត្ថិភាព ​ជាពិសេស​បង្ហាញ​ពី ផលប៉ះពាល់​នៃការបើកបរ​ពេលស្រវឹង​ ។

៥ ការពារ​ជីវិតអ្នក​សូមកុំបើក​បរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង ៕

អានបន្ថែម...

ព័ត៌មានផ្សេងៗ