សកម្មភាពផ្សេងៗ

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់កម្មកររោងចក្រ
ថ្ងៃទី ០៨-០៩ ខែ មិថុនា ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជា សហការជាមួយ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់បុគ្គលិករដ្ឋបាល បុគ្គលិកសហជីពមូលដ្ឋាន គិលានុដ្ឋាក នៃរោងចក្រនានា សរុបចំនួន ៣០នាក់ ក្នុងគោលបំណងដើម្បីឲ្យ អ្នកទាំងនោះក្លាយជាភ្នាក់ងារជំនាញអាចជួយធ្វើការសង្គ្រោះបឋម ដល់កម្មករ និយោជិតពេលជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ និងដួលសន្លប់ក្នុងការបំពេញការងារ មុនពេលរថយន្តសង្គ្រោះមកដល់៕

កម្មវិធីសុវត្ថិភាពសហគមន៌ផ្តល់ប្រាក់កម្ចីដល់ប្រជាជននៅស្រុកវាលវែង
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កម្មវិធីសុវត្ថិភាពសហគមន៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចុះធ្វើការផ្សព្វផ្សាយ ពីមីននិងផ្តល់ប្រាក់កម្ចី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដល់គ្រួសារចំនួន៥។ ក្នុងគ្រួសារនីមួយៗទទួលបានប្រាក់កម្ចី ចំនួន២០០ដុល្លារ។ ការផ្សព្វផ្សាយពេលនោះ មានមនុស្សចូលរួមស្តាប់ការ ផ្សព្វផ្សាយ អប់រំ ចំនួន ១៥នាក់ស្រី៨នាក់ និងជនពិការ ៣នាក់។

កិច្ចប្រជុំថ្នាក់តំបន់ ស្តីពីគម្រោងស្តារទំនាក់ទំនងគ្រួសារ
កក្រក៖ ព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៦ គម្រោងស្តារទំនាក់ទំនងគ្រួសារ បានបើកកិច្ចប្រជុំថ្នាក់តំបន់ដឹកនាំដោយលោកស្រី Benjamas Chatiwas ជាជំនួយការអ្នកសម្របសម្រួលផ្នែកការពារ។ សមាសភាពចូលរួម ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និង ម៉ាឡេស៊ី ដែលធ្វើឡើងរយ:ពេល២ថ្ងៃ នៅ សណ្ឋាគារអានីសវីឡា ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងចែករំលែកបទពិសោធន៍ការងារស្តារទំនាក់ទំនងគ្រួសារ។ បញ្ជាក់៖កិច្ចប្រជុំនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជាCRC និងគណ:កម្មការអន្តរជាតិកាកបាទក្រហម ICRC។

វគ្គបំប៉នគ្រូបង្គោលស្តីពី ការប្រែប្រួលអាកាសធាតុ និងសុខភាព
កក្រក៖ ថ្ងៃទី ៥ ដល់ ៨ ខែ មេសា ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជា សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គបំប៉នគ្រូបង្គោលស្តីពី ការប្រែប្រួលអាកាសធាតុ និងសុខភាព ដល់មន្រ្តីសាខាទាំង ២៥រាជធានី/ខេត្ត សរុបចំនួន ៣៧នាក់ ស្រ្តី ១០នាក់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានឧបត្ថម្ភថវិកា និងសម្របសម្រួលរបស់ សហព័ន្ធកាកបាទក្រហមអន្តរជាតិ IFRC ។
ក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមទៀតដល់គ្រូបង្គោលដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមសហគមន៍រៀងៗខ្លួន។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផ្សព្វផ្សាយស្ដីពី សុវត្ថិភាពចរាចរណ៍
ខេត្តសៀមរាប៖ នៅថ្ងៃទី ០៤ ខែមេសាឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលមានលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងយុវជនកក្រក និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព និងលោស្រី ហ៊ុន មករា នាយិការងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ជាអ្នកធ្វើបទបង្ហាញ ដល់គរុសិស្សឆ្នាំទី១ ជំនាន់ទី៣៤ ដែលមានចំនួន ១០៨នាក់ ស្រី ៧៥នាក់។
ក្នុងគោលបំណងផ្ដល់ការយល់ដឹងពី ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា សារៈប្រយោជន៍មួកសុវត្ថិភាព ផលប៉ះពាល់នៃការ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទោសបញ្ញតិនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹតស្ដីពី ការផាកពិន័យអន្តរការណ៍ដើម្បីបានជាមូលដ្ឋានក្នុងការអប់រំផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស នៅពេលដែលពួកគាត់ប្រឡងជាប់ក្លាយជាគ្រូបង្រៀន។