Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កណ្តាល

យុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅស្រុកប្រាសាទបាគង

សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែ អាសាឍឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិង ថ្ងៃ ទី ២៣ខែកក្កដាឆ្នាំ ២០១៩ គម្រោង​ពិការភាព​ និងសុវត្ថិភាព​ចរាចរណ៍ បានសហការ​ជាមួយក្រុមតន្រ្តី​ជនពិការ និងមន្រ្តីនគរបាល​ អធិការស្រុក​ប្រាសាទបាគង រួមទាំង​យុវជនកាកបាទក្រហមកម្ពុជា ​បានចុះអប់រំផ្សព្វផ្សាយ​សុវត្ថិភាពចរាចរណ៍ ​ដល់យុវសិស្សពិកា​រ សមាជិកយុវជនកាកបាទក្រហមកម្ពុជា​ យុវកាយរិទ្ធ និងសិស្សានុសិស្ស​សរុបអ្នកចូលរួមសរុប​ចំនួន ៤១២នាក់ ស្រី ២៥០នាក់ ក្នុងសកម្មភាព ​ផ្សព្វផ្សាយអម​ដោយក្រុមតន្ត្រីជនពិការ ​ហើយមានចែកខិត​ប័ណ្ណសុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយព័ត៌មាន​ពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍​ វិធីពាក់មួកឱ្យ​បានត្រឹមត្រូវចែក​ខិតប័ណ្ណស្តីពីស្លាកសញ្ញាចរាចរណ៍​សំខាន់ៗ សារ​សុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែក​កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍​ ផងដែរ។

យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម នៅភូមិព្រែកស្តី និង ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ​ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ​ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា​ខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំ ​ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការ​ និងការពារជំងឺគ្រុនឈាម ​នៅភូមិព្រែកស្តី និង​ ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ។ ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ​ ប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ​ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា​ ព្រមទាំង មានការអញ្ជើញ​ចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុម​ប្រតិបត្តិសាសាខា មន្ទីរសុខាភិបាល ​ខេត្ត-ស្រុក មន្ត្រីសាលាស្រុក​ អនុសាខាស្រុក មេឃុំ មណ្ឌលសុខភាព​ទូទាំងស្រុក យុវជនកាក បាទក្រហម​ អ្នកស្ម័គ្រចិត្ត កាយឫទ្ធិ​ សហភាពសហព័ន្ធ​យុវជនកម្ពុជា សិស្សានុសិស្ស សរុបចំនួន ៣៣៥ នាក់ ​នៅក្នុងបរិវេណវត្ត​ព្រែកស្តី ។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីបើកយុទ្ធនាការ ឯកឧត្តម ​គង់ សោភ័ណ្ឌ ក្នុងនាមឯកឧត្តម​បណ្ឌិតប្រធានកិត្តិយស​សាខា បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តី នឹករឭកជាទីបំផុត ។ បន្ទាប់ពី​ការជួបជុំបើកយុទ្ធនា​ការចប់សព្វគ្រប់ ក្បួនយុទ្ធការ​បានចុះធ្វើសកម្មភាព រៀងៗខ្លួនក្នុងភូមិគោលដៅ២ឝឺ៖​ ភូមិព្រែកស្តី និងភូមិព្រែកប៉ុក ​ដោយទទួលបានលទ្ធផល​ដូចខាង ក្រោម ៖ 


១-បានប្រើប្រាស់រថយន្ត​ចល័ត១គ្រឿង ចុះផ្សព្វផ្សាយ​ជាសារធាណៈ ស្តីពីការបង្ការ​ និងការពារ ជំងឺគ្រុនឈាម តាមភូមិប្រជាពលរដ្ឋ​នៅទូទាំងឃុំព្រែកស្តី ។
២-ក្រុមសំអាតបរិស្ថាន ​បានចុះធ្វើអនាម័យបរិស្ថានក្នុង​ភូមិព្រែកស្តី និងភូមិព្រែកប៉ុក ​ដែល មានសមាសភាពចូលរួមសរុប​ចំនួន ១៩៨ នាក់ ។ 
៣-ក្រុមដាក់ថ្នាំអាបេតក្នុង​ពាង និងអាងទឹកតាមខ្នង​ផ្ទះប្រជាពលរដ្ឋទាំងពីរភូមិ​ សមាសភាព សរុបចំនួន ១៣៧ នាក់ ។ ចំពោះលទ្ធផល​នៃការដាក់អាបេត​បានចំនួន ៧៦៣ ខ្នងផ្ទះ ស្មើនឹង ៣,៤៦៥ ពាង / អាងទឹក ។
៤-មន្ត្រីសុខាភិបាលខេត្ត ​បានបាញ់ថ្នាំសម្លាប់មូស ​នៅក្នុងភូមិព្រែកស្តី ​និងភូមិព្រែកប៉ុក ​និងនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន​កោះធំ ៕

ពិធីប្រកាសទទួលស្គាល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកលំផាត់

សាខាកក្រកខេត្តខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ​ឆ្នាំ២០១៩ នេះ សាខាកាកបាទ​ក្រហមកម្ពុជា រតនគិរី បានរៀបចំ​ពិធីប្រកាសទទួលស្គាល់​គណៈកិត្តិយស គណៈកម្មាធិការ​អនុសាខា កាកបាទក្រហម​កម្ពុជា ស្រុកលំផាត់ ក្រោមអធិបតីភាព ​ឯកឧត្តម គិត ទ្រី អនុ​ប្រធានគណៈកម្មាធិការសាខា ​និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ថង សាវុន ប្រធានគណៈកម្មាធិកា​សាខា កាកបាទក្រហម​កម្ពុជា ខេត្តរតនគិរី ​ដោយមានការ អញ្ជើញ​ចូលរួមពី ឯកឧត្តម ​លោកជំទាវ លោក លោកស្រី សមាជិក ​សមាជិកា គណៈកម្មាធិការ​សាខា អនុសាខា និងអង្គភាព​ពាក់ព័ន្ធ សរុបប្រមាណ ​៤៨នាក់ ស្រី០៨នាក់។

ក្នុងឱកាសនោះ លោក ស៊ឹង សុខនី ​អនុប្រធានគណៈកម្មាធិការ​អុនសាខា បានថ្លែងថា ​ពិធីប្រកាសតែងតាំងគណៈកិត្តិយសសាខា ​និងគណៈកិត្តិយស​អនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុកលំផា​ត់នៅថ្ងៃនេះ សរុបចំនួន ១៩ នាក់ ស្រី ០១នាក់ រួមមាន​ គណៈកិត្តិយស​សាខាអនុសាខា ៧ នាក់ និង គណៈកម្មាធិការ ​អនុសាខា ១១ នាក់ ក្នុងនោះអនុសាខា​ក៍បានរៀបចំអោយមាន​ក្រុមកាកបាទក្រហម​ ចំនួន ៣០នាក់ ស្រី ០៥ នាក់ ក្នុង០៦ឃុំនៃ​ស្រុកលំផាត់។ ពិធីប្រកាស​នាពេលនេះ គឺជាពិធីមួយដែលមាន​អត្ថន័យលើក​កម្ពស់តួនាទីរបស់អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកក្នុងការបំពេញ​ការងារមនុស្សធម៌ជួយជន​ងាយរងគ្រោះ និងជនរងគ្រោះ​ដោយគ្រោះមហន្តរាយ​ផ្សេងៗនៅតាម​មូលដ្ឋានអោយកាន់តែមាន​ភាពល្អប្រសើរឡើង ។ ទន្ទឹមនឹងនោះ ​លោកបានធ្វើការ​ប្តេជ្ញាចិត្តយ៉ាងមុត​មាំថា "បន្តគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ​ឯកឧត្តម ថង សាវុនជាប្រធាន​គណៈកម្មាធិកាសាខាខេត្ត នៅ​អាណត្តិក្រោយៗទៀត ​ដើម្បីបានបន្តដឹកនាំបេសកកម្ម​មនុស្សធម៌ឱ្យកាន់តែរីកចម្រើន​ថែមទៀត និងគោរព​យ៉ាងខ្ជាប់ខ្ជួននូវ​គោលការណ៍គ្រឹះទាំង ៧ នៃចលនាអន្តរជាតិ​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម គឺ ភាពមនុស្សធម៌ ​ភាពមិនលំអៀង អព្យាក្រឹតភាព​ ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត​ ឯកភាព និងសកលភាព"។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម​ គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ​ការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម​ប្រធានគណៈកម្មាធិកាសាខាជូន​ចំពោះសមាជិកសមាជិកាសាខា-អនុសាខា អង្គភាពនានា​ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ​ទាំងអស់ដែលតែងតែផ្តល់​នូវការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហប្រតិបត្តិការ​ជួយសម្រួលគ្រប់បែបយ៉ាងដល់​សកម្មភាពរបស់សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខា ។ ជាមួយគ្នានោះ ​ឯកឧត្តម បានផ្តាំផ្ញើជូន​គណៈអភិបាលអនុសាខា​គ្រប់ជាន់ថ្នាក់ សូមមេត្តាបន្តរក្សាពង្រឹង​សាមគ្គីភាពឱ្យបានជិតស្និទ្ធ ​និងសុខដុមនីយកម្ម រវាងសាខា​ អនុសាខា និងអង្គភាពពាក់ព័ន្ធននា ដើម្បីរក្សាបា​ននូវកម្លាំងសរុប និងមធ្យោបាយ​សរុប បន្តដឹកនាំសាខា​ អនុសាខា អនុវត្តសកម្មភាព សម្រាលរាល់ទុក្ខ​លំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះ តាមវិស័យ​មនុស្សធម៌ អោយទទួលបានជោគជ័យ ពោលគឺផ្តល់​នូវភាពកក់ក្តៅដល់ជនរងគ្រោះ ​និងងាយរងគ្រោះស្រប​តាម ប្រធានបទ "កាកបាទក្រហម​កម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា ​មិនទុកនរណាម្នាក់ចោល"៕

 

យុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម និងសម្អាតបរិស្ថាន នៅ ខេត្តព្រៃវែង

សាខាកក្រក ខេត្តព្រៃវែង​ ៖ នៅថ្ងៃអង្គារ ៧រោច ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ​អ៊ុក មាសសូលីណា ​នាយិកាសាខា បានចាត់អោយ​ មន្តី្រការិ.សុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយ​ចំនួន ០២រូប អនុសាខា​ក្រុងព្រៃវែង អាជ្ញាធរភូមិ​-សង្កាត់ យុវជន​កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុប​ចំនួន ៦៧នាក់ ស្រី ៣៥នាក់ បានចុះ​ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សា​យសហគមន៍ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម​ និងសម្អាតបរិស្ថាន ​នៅក្នុងភូមិ០១ ​សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

យុទ្ធនាការនេះធ្វើឡើង​ដើម្បីអប់រំផ្សព្វផ្សាយ​នូវសារមួយចំនួន​ដល់ប្រជាពលរដ្ឋដូចជា៖

១.ត្រូវរួមគ្នាជួយ​កំចាត់ប្រភពមូសខ្លា​តាមរយៈការកាប់ឆ្ការព្រៃ ​បំបាត់កុំឲ្យមានវត្ថុដក់ទឹកនៅក្នុង ​ឬជិតផ្ទះ ត្រូវលាងសំអាតពាង ​ឫអាងទឹក។ល។

២. ការពិនិត្យដង្កូវទឹកក្រោយ​ពេលដាក់ថ្នាំអាបែត​បំបាត់ដង្កូវទឹក​តើមានដង្កូវទឹកនៅក្នុង​ពាងឬអាងដែរឬទេ។

គ្រប់ករណីសង្ស័យមានជំងឺគ្រុនឈាម ​មិនត្រូវសាកល្បងព្យាបាល​ដោយខ្លួនឯង ឬ​ការប្រើប្រាស់ថ្នាំប្រភេទ ​អាស្ពីរីនឬអ៊ីប៊ុយ​ប្រ៉ូហ្វែន ជាដាច់ខាត​ និងមិនត្រូវស្វែងរក ​សេវាថែទាំសុខភាព​ណា ដែលមិនមាន​ជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាល​ជំងឺគ្រុនឈាមនោះ​ឡើយ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំព្រៃគគីរ និងនៅឃុំព្រៃតាអី

 

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ​៧រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ​ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩​ ឯកឧត្តម ម៉ែន វិបុល​ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់​ឲ្យក្រុមការងារសាខាដឹកនាំ​ដោយលោកជំទាវ ​ភួង សារី លេខាគណៈកម្មាធិការសាខា​ នាំយកអំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ​ និងចែកអំណោយ​ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់​កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ នៅឃុំត្នោត​ ស្រុកកំពង់រោទិ៍ រងគ្រោះធ្ងន់ ៤ ខ្នង ខូចខាតស្រាល ៧ ខ្នង នៅឃុំព្រៃគគីរ ​ស្រុកចន្ទ្រា រងគ្រោះធ្ងន់ ១ ខ្ន​ង និងនៅឃុំព្រៃតាអី ស្រុកស្វាយទាប រងគ្រោះ​ដោយសារអគ្គីភ័យ ១ ខ្នង សរុប ១៣ ខ្នង ។ 


នាឱកាសនោះលោកជំទាវ ​ភួង សារី បាននាំមកនូវប្រសាសន៍​ផ្តាំផ្ញើរសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពី​សុខមាលភាពប្រជាពលរដ្ឋទូទៅ ​ដោយមិនប្រកាន់និន្នាការ​នយោបាយអ្វីឡើយ ។ ជាមួយគ្នានេះ​ លោកជំទាវ បានលើកទឹកចិត្តសូម​កុំអស់សង្ឃឹម ហើយប្រឹងប្រែង​បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត​ ដើម្បីស្តារសេដ្ឋកិច្ច​គ្រួសារឡើងវិញ ។ លោកជំទាវ បានលើកឡើងពីការខិតខំប្រឹងប្រែង​របស់កាកបាទក្រហមកម្ពុជា ​ក្នុងការជួយដល់ប្រជាពលរដ្ឋ​នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ពោលគឺទីណាមាន​ការលំបាកទីនោះ​មានវត្តមានកាកបាទក្រហម​កម្ពុជាចុះជួយជានិច្ច ។ 


អំណោយដែលបានចែកជូន​គ្រួសាររងគ្រោះដោយសារ​អគ្គីភ័យទទួលបាន ៖ អង្ករ ៥០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៤០០,០០០ រៀល ។
គ្រួសាររងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ ១២ គ្រួសារ​៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ ​ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់​កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញ​សម្ភារជួសជុលផ្ទះឡើងវិញ ៕

Fist Prev 5 6 7 8 9 Next Last