កំពង់ឆ្នាំង

លោក ម៉ៅ ធនារក្ស ទទួលទេយ្យទានពីព្រះសង្ឃគង់ នៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី
សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ម៉ៅ ធនារក្ស អនុប្រធានគណៈកម្មាធិកាសាខា និងសហការី បានអញ្ជើញទទួលទេយ្យទានពីព្រះសង្ឃព្រះនាម ព្រះវិមល្លថេរ សៅ យ៉ាន រាជាគណៈថ្នាក់កិត្តិយស នៅវត្តសែនមនោរម្យ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរ លោកអនុប្រធាន បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគល់ជូនសាខា ហើយសាខានឹងយកទេយ្យទានទាំងនេះទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។
ទេយ្យទានដែលសាខាបានទទួលរួមមាន ៖ អង្ករ ១តោន មី ១០១កេស ត្រីខ ២៥០កំប៉ុង ទឹកត្រី ២៦យួរ ទឹកស៊ីអ៊ីវ ២៨យួរ ចានដែកចំនួន៦៣ សូរទឹកកកចំនួន១១ ចានស្រាកចំនួន៤០ កំសៀវចំនួន១៦ និងបំពង់ទឹកក្ដៅ ១៥បំពង់ផងដែរ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
សាខាកក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សហការជាមួយអនុសាខាកក្រក ស្រុកមណ្ឌលសីមា រួមដំណើរជាមួយអជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៩ ចំនួន ៣៣គ្រួសារ ស្មើនឹង៣៣ខ្នងផ្ទះ រស់នៅភូមិ១ ចំនួន០៩គ្រួសារ ភូម២ចំនួន១០គ្រួសារ ភូមិ៣ចំនួន១១គ្រួសារ និងភូមិបឹងកាឆាងចំនួន៣គ្រួសារ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៦០១សន្លឹក ស័ង្កសីចំនួន១០៨សន្លឹក និងសម្ភារមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ។ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៦០១សន្លឹក ស័ង្កសី ១០៨សន្លឹក ឆ្លើយតប ទៅតាមទំហំនៃការខូចខាតរបស់គ្រួសាររងគ្រោះនីមួយៗ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សួរសុខទុក្ខ កញ្ញា លាន ចន្ទ្រា កំពុងសម្រាកព្យាបាលជំងឺ (វះកាត់សន្លាក់) នៅមន្ទីរពេទ្យបង្អែក
សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន កញ្ញា លាន ចន្ទ្រា អាយុ ២៣ឆ្នាំ ក្រីក្រ កំព្រាឪពុក មានទីលំនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម កំពុងសម្រាកព្យាបាលជំងឺ (វះកាត់សន្លាក់) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមប្រធានគណៈកម្មាធិការសាខា សូមប្អូនស្រីកុំអស់សង្ឃឹម ត្រូវមានទំនុកចិត្តជឿជាក់លើគ្រូពេទ្យជំទាញ ត្រូវខំថែរក្សាសុខភាពដើម្បីឆាប់បានជាសះស្បើយ។ ពេលត្រលប់ទៅស្រុកកំណើតវិញត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ បើមានសភាពមិនស្រួលសូមប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិត ហើយក្នុងបើមានការចាំបាច់សូមទំនាក់ទំនង សាខា ឬអនុសាខាកាកបាទក្រហមកម្ពុជា នៅក្នុងភូមិសាស្ត្រនោះ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាយឺត២ អង្ករ៥០គីឡូក្រាម និងថវិកា១លានរៀល។

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ក្នុងឃុំកក់ និងឃុំមួយចំនួនទៀត ស្រុកពញាក្រែក
សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គណ:កិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា ប្រធានស្តីទីគណ:កម្មាធិការសាខា រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមស្រុកពញាក្រែក បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋប្រជាពលរដ្ឋក្រីក្រ ៣៦គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៥គ្រួសារ សរុបចំនួន សរុប៦១គ្រួសារនៅ ក្នុងឃុំកក់ និងឃុំមួយចំនួនទៀត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត គណ:កិត្តិយសសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនឲ្យនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង គ្រប់ពេលវេលា និងមិនទុកនរណាម្នាក់ចោល ដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់បងប្អូន និងសូមឲ្យបងប្អូនរៀបចំផ្ទះសម្បែងឡើងវិញ ព្រមទាំងខិតខំប្រកបរបរចិញ្ចឹមជីវិត កក៍ដូចជាដាំដំណាំផ្សេងៗ ដើម្បីធ្វើឲ្យកម្រិតជីវភាព បានប្រសើរឡើងវិញ។
អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពគ្រួសារចំនួន ៣៦គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន៥ម៉ឺនរៀល និងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ ទទួលបានឧបភោគ បរិភោគ និងថវិកាចំនួន១០ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងទទួលបានថវិកាបន្ថែមចំនួន៣០ម៉ឺនរៀល៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នាំអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅ ឃុំស្រែចារ ស្រុកស្នួល
នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមដំណើរដោយលោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាស្រុកស្នួល បាននាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ១៥គ្រួសារ នៅមូលដ្ឋានឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
នៅក្នុងឱកាសសំណះសំណាលនោះដែរ ឯកឧត្តម បានសម្តែងការសោកស្តាយជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែលបានបណ្តាលអោយខូចខាត់ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបានផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ពិសេសសូមជួយមើលថែទាំ ក្មេងៗនិងចាស់ជរា អោយបានល្អ ។
សូមបញ្ជាក់ថាអំណោយដែលបានចែកជូនគ្រួសាររងគ្រោះនាពេលនោះសម្រាប់គ្រួសាររងដោយខ្យល់កន្រ្តាក់ធ្ងន់ចំនួន៣គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០ គ.ក្រ, សារ៉ុង ១, ភួយ ១, មុង ១, ក្រម៉ា ១, មី ១ កេះ, ត្រីខ ១០ កំប៉ុង, តង់ ១ និង ថវិកា ២០០.០០០ រៀល និងគ្រួសាររងដោយខ្យល់កន្រ្តាក់មធ្យមចំនួន១២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ, សារ៉ុង ១, ភួយ ១, មុង ១, ក្រម៉ា ១, មី ១ កេះ, ត្រីខ ១០ កំប៉ុង និង ថវិកា ៥០.០០០ រៀល ជាមួយគ្នានេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្នួលបានឧបត្ថម្ភថវិកាជូនគ្រួសាររងគ្រោះធ្ងន់ចំនួន ៣ គ្រួសារនូវថវិកា ៥០.០០០រៀលក្នុងមួយគ្រួសារនិងលោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួល បានឧបត្ថម្ភជូនគ្រួសាររងគ្រោះធ្ងន់ចំនួន ៣ គ្រួសារនូវថវិកា ៥០.០០០ រៀលក្នុងមួយគ្រួសារផងដែរ។