ទីស្នាក់ការកណ្តាល

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កក្រក ៖ នៅថ្ងៃពុធ ទី ២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៩១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតពិតប្រាកដដែលត្រូវការឱ្យជួយជាចាំបាច់។
ជាមួយនឹងការគិតគូរជួយសម្រាលការលំបាកក្នុងជីវភាព និងលេីកទឹកចិត្តឱ្យខិតខំបង្កបង្កេីនផលលេីកកម្ពស់ជីវភាពគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គិតគូរពីបញ្ហាសុខភាព អនាម័យ ពិសាទឹកដាំឆ្អិន បរិភោគស្អាត និងបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម-គ្រុនចាញ់។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ សូមប្រជាពលរដ្ឋទាំងអស់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វើដំណើរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាអាទិភាពកេីតមានរាល់ថ្ងៃនេះ និងចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ដោយជៀសវាងការប្រេីប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
បន្ទាប់ពីកម្មវិធីខាងលេីនេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខដល់គេហដ្ឋាន និងផ្តល់អំណោយជូនដល់ចាស់ឥតទីពឹង និងពិការចំនួន ៣គ្រួសារ ដែលរស់នៅក្នុងឃុំរស្មីសាមគ្គីនោះផងដែរ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ៗ នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប។ ទន្ទឹមនឹងនោះ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ក៏បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តធម្មត្រ័យទៀតផង៕

កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខា រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២,០៥២ នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន ២៧ ក្នុងរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំកម្ពុជា តំណាងសហព័ន្ធអន្តរជាតិប្រចាំកម្ពុជា គណៈកិត្តិយស-គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣,៨០០នាក់។
នៅក្នុងឱកាសដ៏ឱឡារិកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវសេចក្តីរីករាយ និងបានពាំនាំនូវព្រះ រាជទានសេចក្តីនឹករលឹក និងព្រះរាជឱង្ការផ្តាំសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតអំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសមាជិក-សមាជិកាទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទ ក្រហមកម្ពុជានៅទូទាំងប្រទេស សូមមានសុខភាព ល្អ ប្រាជ្ញាឈ្លាសវៃ មានចំណេះដឹង មានសីលធម៌ សក្តិសម ជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការ អភិវឌ្ឍប្រទេសជាតិយើង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រឹះស្ថាន មធ្យមសិក្សា ឧត្តមសិក្សា រាជធានីភ្នំពេញ ទីប្រឹក្សាយុវជន ប្រធានក្លឹបយុវជន និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ទាំង ២៤ខេត្ត ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាអនុវត្តទិសដៅ និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ការពង្រឹងសមត្ថភាព និងការពង្រីកបណ្តាញយុវជនកាកបាទក្រហម ដោយឈរលើយុទ្ធសាស្ត្រ ២០១១-២០២០ និងវិស័យស្នូលទាំងបួនរបស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗយុវជនកាកបាទក្រហម ដែលមានស្មារតីស្នេហាជាតិ បានចូលរួមបំពេញការងារមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ស្របតាមគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា និងស្របតាមកម្មវិធីនយោបាយអភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ លើសពីនេះទៀត ក្មួយៗ បាននិងកំពុងបំពេញបង្គ្រប់នូវគុណតម្លៃនៃតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដែលជា តួនាទីទោលរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ហើយកាកបាទក្រហមកម្ពុជា តែងតែបានប្រកាន់ខ្ជាប់ជារៀងដរាបមក។
ក្នុងឱកាសនេះដែរ ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមកាន់តែទូលំទូលាយ និងធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលានៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធីដូចខាងក្រោម ៖
១- ត្រូវរួមគ្នាបន្តពង្រឹង និង ពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា តាមលទ្ធភាពជាក់ស្តែងរបស់សាខានីមួយៗ តាមរយៈការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាព ការគ្រប់គ្រងសកម្មភាពការងារបណ្តុះបណ្តាលមុខជំនាញ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការទៅនឹងគ្រោះមហន្តរាយ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និង ការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើតបរិស្ថានឱ្យបានកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ។
២- ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត នៅគ្រប់ក្លិបយុវជនកាកបាទក្រហមកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាកក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ នៅតាមសាលា និងសាកលវិទ្យាល័យ ប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែកផ្តល់ចំណេះដឹងស្តីពីវិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យនិងសុខភាព ការការពារជំងឺឆ្លង ជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាឤសន្ន នៅតាមសាខាទាំង ២៥ រាជធានី-ខេត្ត។
៣- ត្រូវរួមគ្នាបន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដែលមានស្រាប់ តាមរយៈការផ្តល់បណ្ណសម្គាល់ខ្លួនដល់យុវជន និង ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ តាមរយៈការធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន និង វគ្គបណ្តុះ បណ្តាលនានា ដើម្បីធានាសុខដុមនីយកម្ម និង រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជន ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និង អន្តរជាតិ។
៤- ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្តផ្សព្វផ្សាយនូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ ដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។
៥- ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសការលើកទឹកចិត្តយុវជនឱ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនក្នុងសកម្មភាពជួយសហគមន៍ នៅគ្រប់រាជធានី-ខេត្ត។
៦- ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញទៅមក ជាមួយអង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ ដោយមិនត្រូវមើលស្រាលអ្នកដទៃ និងការបែងចែកប្រកាន់បក្សពួក ដែលឤចធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា។
៧- សូមក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សារភ្ជាប់ចំណេះវិជ្ជារបស់ក្មួយៗ ដែលមានស្រាប់ ទៅនឹងការអនុវត្ត និងការសិក្សាជំនាញថ្មីៗ ដែលទើបទទួលបាន ដើម្បីក្មួយៗឤចជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន ៧ ក្នុងរាជធានីភ្នំពេញ
កក្រក ៖ នៅរសៀលថ្ងៃពុធ ១រោច ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងឯកឧត្ដម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៤៣៨នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន ៧ ក្នុងរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន តំណាងសាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ យុវជន និងនិស្សិតសរុបចំនួន ៤៥០ នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមនិស្សិតនៅសាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ចំពោះសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត យកចិត្តទុកចំពោះនិស្សិត បុគ្គលិកសិក្សា នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាខ្លួនជាមុន ស៊ឹមគិតសិស្ស និស្សិត និងប្រជាពលរដ្ឋងាយរងគ្រោះក្នុងសហគមន៍ជាក្រោយ។
៦- សូមបន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូចដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាព។
ជាមួយគ្នានេះដែរ ឯកឧត្ដម សុះ មុះសិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋម្នាក់ៗមាននិន្នាការ ជំនឿសាសនា ខុសៗគ្នា ប៉ុន្តែទាំងអស់គ្នាមានគោលដៅរួមមួយ គឺដើម្បីអនាគតកម្ពុជា ហើយយុវជន គឺជាភាគហ៊ុនដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ស្ថិតនៅចំពោះមុខគណៈអធិបតី យុវជន កក្រក ៣នាក់ តំណាងសមាជិកថ្មីទាំងអស់ ឡើងមានចំណាប់អារមំណ៍ ប្ដេជ្ញាគាំទ្រ ដោយគោរព អនុវត្តតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើគ្រប់សកម្មភាពមនុស្សធម៌នានាក្នុងសង្គម និងធ្វើយ៉ាងណាឱ្យក្លាយជាកូនល្អ សិស្ស យុវជន និងពលរដ្ឋល្អ ជាគំរូគេក្នុងសាលា គ្រួសារ និងសង្គមជាតិ៕

កាកបាទក្រហមកម្ពុជា ទទួលអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥០កន្លែង ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់យុវជនមានជីវភាពលំបាកមកពីបណ្តាខេត្តនានា
(ភ្នំពេញ) ៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥០កន្លែង សម្រាប់ផ្តល់ជូនយុវជនដែលមានជីវភាពលំបាកនៅតាមបណ្តាខេត្តនានា ឱ្យទទួលបានឱកាសសិក្សាបន្តថ្នាក់បរិញ្ញាបត្រដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ទៅលើឯកទេស ១/ វិទ្យាសាស្ត្រអប់រំ ២/ ទស្សនវិជ្ជាសាសនា ៣/ ព័ត៌មានវិទ្យា ៤/ អក្សរសាស្ត្រអង់គ្លេស ៥/ នីតិសាស្ត្រ និង៦/ គ្រប់គ្រងទូទៅ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើទូលប្រគេនព្រះពរ និងថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលព្រះអង្គបានប្រោសព្រះរាជទាននូវអាហារូបករណ៍សម្រាប់យុវជនឱ្យទទួលបានការសិក្សាបន្ត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ។ កាកបាទក្រហមកម្ពុជា នឹងផ្សព្វផ្សាយពីអាហារូបករណ៍ទាំងនេះ ទៅតាមសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត ដេីម្បីផ្តល់ដល់យុវជនមានជីវភាពលំបាកដែលនឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិខាងមុខនេះ។
ក្នុងព្រះបរមនាម ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង និងគណៈប្រតិភូ បានពាំនាំព្រះបន្ទូលផ្តាំផ្ញើប្រទានពរ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដោយបានប្រោសព្រះរាជទាននាមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ហៅកាត់ថា ACC) ក្នុងការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជ្រើសរើសសាមណនិស្សិត-និស្សិត បាន១៤ជំនាន់មកហើយ ដោយមាននិស្សិតបញ្ចប់ការសិក្សាតាំងពីឆ្នាំ២០០៤ ដល់បច្ចុប្បន្នចំនួន ៣,២១៥នាក់ (ស្រី ១,៤៤៦នាក់)។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មានសាមណនិស្សិត-និស្សិត ១,០៧៥នាក់ និងនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងឆ្នាំសិក្សា២០១៩-២០២០ ចំនួន ៥៣៣នាក់ ដែលសរុបសាមណនិស្សិត-និស្សិតកំពុងសិក្សាមានចំនួន ១,៦០៨នាក់ (ស្រី ៨៦៨នាក់)។ អាសយដ្ឋានស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៊ី ក្បែរផ្សារទំនើបអ៊ីអន១ ៕

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ថ្មីនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
កក្រក ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ថ្មី ចំនួន ១០១នាក់ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាកជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងឯកឧត្ដម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល ទីប្រឹក្សាយុវជន តំណាងសាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ យុវជន និងនិស្សិតសរុបចំនួន ១៣០នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមនិស្សិតនៅសាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ចំពោះសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្ស និស្សិត និងយុវជន កក្រក នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍នានា។
៦- សូមបន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូចដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាព។
ជាមួយគ្នានេះដែរ ឯកឧត្ដម សុះ មុះសិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋម្នាក់ៗមានគោលដៅខុសៗគ្នា ប៉ុន្តែទាំងអស់គ្នាមានគោលដៅរួមមួយ គឺដើម្បីអនាគតកម្ពុជា ហើយយុវជន គឺជាភាគហ៊ុនដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ៕