សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិក្រវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃ ព្រហស្បត្តិ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៧គ្រួសារ និងប្រគល់ផ្ទះចំនួន ១ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិក្រវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលទទួលបានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង កន្ទេល ១ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១និងថវិកាចំនួន ១០០,០០០រៀល។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ នំធុង១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកា ២០,០០០រៀលផងដែរ ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង គ្រួសារមានជីវភាពខ្វះខាត អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកកំពង់រោទិ៍
សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃ ព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ នៅវត្តរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារសាខា អនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកជូនចាស់ជរាគ្មានទីពឹង គ្រួសារមានជីវភាពខ្វះខាត ១៣៣ គ្រួសារ ជនពិការ ១០ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ សរុប ១៤៥ គ្រួសារ មកពី ១១ ឃុំ ក្នុងស្រុកកំពង់រោទិ៍ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋទីទ័លក្រ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជាពិសេសចាស់ជរាគ្មានទីពឹង និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត និងពិសារទឹកដាំពុះ ដើម្បីការពារជម្ងឺឆ្លងនានាដែលបណ្តាលមកពីការកង្វះអនាម័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាលការលំបាកមួយគ្រាតែប៉ុណ្ណោះ ។
អំណោយដែលចែកជូនទាំង ១៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ចែកជូនដល់សិស្ស ពិកា គរ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស
សាខាកក្រកខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម ប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាយកសាខា មន្រ្តីប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់សិស្ស ពិកា គរ ថ្លង់ចំនួន ១៨០នាក់ ស្រី៧៥ រៀននៅវិទ្យាល័យអប់រំពិសេស ខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ុង យ៉េន បានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមសូមឲ្យក្មួយៗ ខិតខំរៀនសូត្រ ប្រុងប្រយ័ត្នខ្ពស់អំពីជម្ងឺគ្រុនឈាម ត្រូវសំអាតផ្ទះសំបែងសាលារៀនឲ្យបានស្អាតនិងមានអនាម័យជានិច្ចទាំងការសម្រាកត្រូវសម្រាកក្នុងមុងជាចាំ និងបំបាត់ទឹកថ្លុកដែលដក់នៅជុំវិញផ្ទះសាលារៀន ដូចជាសំបកកំប៉ុង,សំបកដូង,សំបកកង់ឡានចាស់ៗត្រូវដុតចោលឲ្យអស់ នៅពេលមានជម្ងឺនេះកើតឡើងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ។
អំណោយសរុបរួមមាន អង្ករ ៥០០ គីឡូក្រាម មីយើង ២០ កេះ និងអាវយឺតរោងចក្រ ចំនួន ២០០ អាវ ។

វគ្គផ្សព្វផ្សាយអំពីលចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមខ្មែរ-ចិននៅខេត្តសៀមរាប
សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយសមាគមខ្មែរ-ចិន បើកការផ្សព្វផ្សាយអំពីលចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមខ្មែរ-ចិន។ វគ្គផ្សព្វផ្សាយនេះធ្វើនៅសាលារៀនចិន ចុងសាន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
គោលបំណងនៃវគ្គផ្សព្វផ្សាយនេះគឺ ផ្ដល់នៅការយល់ដឹងឱ្យបានកាន់តែទូលំទូលាយអំពី -ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម -សមាសភាគ និងបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម -គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម -ប្រវត្តិ សកម្មភាព កាកបាទក្រហមកម្ពុជា និងការកៀរគររកមូលនិធិដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ (សមាជិកភាព ...)។
បន្ទាប់ពីទទួលបានការផ្សព្វផ្សាយរួច សមាជិក សមាជិកា នៃសមាគមខ្មែរ-ចិន ដែលបានចូលរួមនាពេលនោះមានការរីករាយ និងពេញចិត្តជាមួយសកម្មភាពមនុស្សដ៏ប្រពៃរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន និងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលមានឯកឧត្តម ទៀ សីហា ជាប្រធានគណៈកម្មាធិការសាខា ហើយក៏បានស្ម័គ្រចិត្តចូលជាសមាជិកភាពកាកបាទក្រហមកម្ពុជា នាពេលនោះផងដែរ៕

វគ្គបំប៉នស្តីពី "អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន" នៅក្រុងព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គបំប៉នស្តីពី "អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន" ជូនដល់មន្ត្រីសាខា អនុសាខាក្រុង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកស្ម័គ្រ ចិត្តកាកបាទក្រហមសរុប ២៨ នាក់ ស្រី១៩នាក់មកពីសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក នៃក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
វគ្គបំប៉ននេះ បានទទួលការឧបត្ថម្ភពីកាកបាទក្រហមជប៉ុន តាមរយៈ សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានរយៈ ពេល ៣ថ្ងៃ (ពីថ្ងៃទី ៦-៨ ខែសីហា ឆ្នាំ២០១៩)។
នៅក្នុងឱកាសនោះឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាមានសង្ឃឹមជឿជាក់ថា អ្នកស្ម័គ្រចិត្តដែល បានចូលរួមក្នុងវគ្គបំប៉ននេះ និងទទួលបានចំណេះដឹងថ្មីៗបន្ថែម សម្រាប់យកទៅផ្សព្វផ្សាយក្នុងសហគមន៍។