ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី ៣ ដល់អ្នកស្រី ធីម ឆេងណៃ រស់នៅភូមិស្ទឹង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
កក្រក ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភអំណោយជាលេីកទី ៣ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់អ្នកស្រី ធីម ឆេងណៃ អាយុ៦៦ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរបណ្តាលឱ្យវះកាត់ជើង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះអ្នកស្រី ធីម ឆេងណៃ និងផ្តាំផ្ញើឱ្យបន្តថែទាំសុខភាព ពិសាអាហារឱ្យបានត្រឹមត្រូវ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយឡើងវិញ។
អ្នកស្រី ធីម ឆេងណៃ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាលការលំបាកជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយជាលើកទី២ នូវគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់ មណ្ឌលវិបស្សនាធុរៈសុវណ្ណគិរីរកាទេរភ្នំចំបាប់ ស្រុកបាទី
នៅទីស្នាក់ការកណ្តាល ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជាលេីកទី២ នូវគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការរស់នៅប្រចាំថ្ងៃរបស់ សីលវន្ត សីលវតី និងព្រះសង្ឃ ដែលកំពុងស្នាក់នៅ-គង់ នៅក្នុងមណ្ឌលវិបស្សនាធុរៈសុវណ្ណគិរីរកាទេរភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះសីលវន្ត សីលវតី ទាំងអស់ដែលកំពុងសិក្សាព្រះធម៌ និងស្នាក់នៅក្នុងមណ្ឌល ព្រមទាំងសូមបួងសួងឱ្យមានសុខភាពល្អ អាយុយឺនយូរ ដេីម្បីផ្សព្វផ្សាយនិងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតរៀងទៅ។
សីលវតី ស៊ុន វួចឪ ជន្មាយុ ៦៩ឆ្នាំ ដែលជាអ្នកទទួលខុសត្រូវក្នុងមណ្ឌលបានជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមជួបប្រទះតែពុទ្ធពរ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យថែមទៀតក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
អំណោយដែលផ្តល់ជូនមណ្ឌលរួមមាន ៖ អង្ករ ៣០០គីឡូក្រាម មី ១០កេស ត្រីខ ១០០កំប៉ុង ឃីត៥ (មុង៥ ភួយ៥ សារុង៥ ក្រមា៥) និងថវិកា ៥០ម៉ឺនរៀល។ ដោយឡែក ក្រណាត់ ១០ដុំ (ក្នុង ១ដុំ មានថវិកា ១ម៉ឺនរៀល) ជាណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥
កក្រក ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ដែលមានការចូលរួមពីឯកឧត្តមឧកញ្ញ៉ា កុក អាន ប្រធានកិត្តិយសសាខា និងឯកឧត្តម គួច ចំរើន និងថ្នាក់ដឹកនាំនៅតាមមន្ទីរ អង្គភាព សាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ២១៨នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាខាខេត្តព្រះសីហនុ។
ក្នុងពិធីនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានតែងតាំង ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខា អាណត្តិទី៥ ឯកឧត្តម លូ គឹមឈន់ ជាអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ម៉ាង ស៊ីណេត ជាអនុប្រធាន លោកជំទាវ ហៀក ហ៊ីមុល្លី ជាអនុប្រធាន លោកជំទាវ ប្រាក់ ច័ន្ទសុខា ជាហេរញ្ញឹកគណៈកម្មាធិការសាខា និងសែជូ សិទ្ធិជោតិ ជាលេខាធិការគណៈកម្មាធិការសាខា និងសមាជិក គណៈកម្មាធិការសាខាចំនួន ១៣នាក់ និងសមាជិកបម្រុង ២នាក់ សរុបចំនួន ១៥នាក់។
តំណាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ ឯកឧត្តម គួច ចំរើន បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
- យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
- រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
- យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥
យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥ (២០១៩-២០២៥)។ ពិធីនេះធ្វើឡើងក្នុងបរិវេណសាលាខេត្តស្វាយរៀង។
សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី លោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សរុប ចំនួន ២១៣នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង លោកជំទាវ ដួង វណ្ណា ជាប្រធានកិត្តិយសសាខា ឯកឧត្តម ជុំ ហាត និងអនុប្រធានកិត្តិយស សរុបចំនួន ៩ រូប។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥
៣- ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា
ក្នុងឱកាសនោះ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៥ ដែលមានសមាសភាព ១៥រូប។ យោងកំណត់ហេតុកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម ម៉ែន វិបុល ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ជា អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការគណៈកម្មាធិការសាខា។
តំណាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អាណត្តិទី៥ ឯកឧត្តម ម៉ែន វិបុល បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំគឺ
- កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
~ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
~ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់។
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
~ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា
កក្រក ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៩នេះ ការិយាល័យផ្សព្វផ្សាយកាកបាទក្រហមកម្ពុជា បានចុះធ្វើការផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត ស៊ុយ សារ៉េត ឧបការី សាកលវិទ្យាធិការ និងជាទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា និងលោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពី លោកគ្រូទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ក្រុមការងារការិយាល័យផ្សព្វផ្សាយទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងនិស្សិតចូលរួមសរុបចំនួន ១២៧នាក់ ដែលធ្វើឡើងនៅសាលប្រជុំ នៃសាកលវិទ្យាល័យកម្ពុជា។
ការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីឲ្យនិស្សិតមានការយល់ដឹងអំពីប្រវត្តិរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយបន្តទៅកាន់ទីសាធារណៈ សាលារៀន និងសហគមន៍ផងដែរ៕