សាខាកាកបាទក្រហមកម្ពុជា

ពិធីបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា
យុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទើបនឹងជ្រើសរើសថ្មី ចំនួន២៣៣រូប មកពីបណ្តាវិទ្យាល័យអនុវិទ្យាល័យ ចំនួន៥ ក្នុងខេត្តសៀមរាប ត្រូវបានទទួលការបំពាក់ឯកសណ្ឋាន ជាយុវជនកាកបាទក្រហមកម្ពុជាដោយមានការចូលរួមពីសំណាក់ លោកជំទាវគួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប រួមទាំង លោកជំទាវ អស់លោក លោកស្រី ជាសមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ជុំ រ័ត្ននារី នាយិកាអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះឥន្ទកោសា និងតាមរបាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបានធ្វើការបញ្ជាក់ឱ្យដឹង ពីការរៀបចំបំពាក់ឯកសណ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជានៅពេលនេះគឺ មានចំនួន ១៥លើក មកហើយសរុប មានចំនួន២៣៧៦នាក់ ក្នុងនោះ ស្រី ១៣៣០នាក់ ហើយលើកទី១៦នេះ ត្រូវបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាបន្ថែម មានចំនួន ២៣៣រូប ដែលមកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៦៨រូប, វិទ្យាល័យបន្ទាយស្រី ២០រូប, វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចំនួន ៧០រូប, អនុវិទ្យាល័យអង្គរធំ ៣១រូប និង អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ចំនួន ៤០រូប។ ហើយនេះក៏ជាការឆ្លើយតបទៅនិងដំណើរការនៃការអភិវឌ្ឍន៍របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន ។ ការបំពាក់ឯកសណ្ឋានក្នុងការកសាងយុវជនស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបន្ថែមនៅតាមវិទ្យាល័យ អនុវិទ្យាល័យ នៅពេលនេះគឺដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ នៅខេត្ត ក៏ដូចនៅទូទាំងប្រទេសដែរ ដោយហេតុថាយុវជន កក្រក មួយចំនួន បានបញ្ចប់កម្រិតសិក្សាវិទ្យាល័យ ហើយបន្តទៅរៀនថ្នាក់ឧត្តមសិក្សា ។ បន្ទាប់មកគណៈអធិបតី និង ភ្ញៀវកិត្តិយស ក៏អញ្ជើញធ្វើការបំពាក់កន្សែង ជូនដល់ក្មួយៗក្រុមយុវជនកាកបាទក្រហមកម្ពុជាទាំង ២៣៣រូប ហើយតំណាងយុវជនកាកបាទក្រហមកម្ពុជាបានឡើងប្តេជ្ញាចិត្តនិងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ។ បន្ទាប់មកលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏បានបញ្ជាក់អំពីលទ្ធផល និងសកម្មភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយដល់ជនរងគ្រោះក្នុងឆ្នាំ២០១៣ព្រមទាំងលើកឡើងពីប្រវត្តិនៃការបង្កើតកាកបាទក្រហមកម្ពុជា នាថ្ងៃ ទី១៨ កុម្ភះ ឆ្នាំ១៩៥៥ ដោយឈរលើគោលការណ៍ គ្រឹះនៃចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលផ្តោតជាសំខាន់លើមនុស្សធម៌ និងសកលភាពផងដែរ។ ក្នុងនោះដែរលោកជំទាវក៏បានលើកឡើង នូវបរិបទថ្មីនៃមហាសន្និបាតលើកទី ៥ នៃកាកបាទក្រហមកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ២០១១-២០២០ ក្នុងទស្សនវិស័យរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និង ការពារ តម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងដោយផ្តោតការយកចិត្តទុក្ចដាក់លើវិស័យស្នូលទាំង៤ជាសំខាន់លើការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងថែទាំសុខភាពក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌របស់ ចលនា និងអភិវឌ្ឍន៍ស្ថាប័ន អភិវឌ្ឍន៍ធនធាន។ លោកជំទាវក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវគោរពប្រតិបត្តិពីតួនាទី ភារកិច្ចឲ្យខ្ជាប់ខ្ជួនក្នុងសកម្មភាពមនុស្សធម៌ និងធ្វើជាគំរូឈានមុខនៅក្នុងសាលារៀន ឧស្សាហ៍ ព្យាយាមរៀនសូត្រជាគំរូដល់មិត្តយុវវ័យត្រូវធើ្វការអប់រំ អនាម័យសុខភាព ព្រមទាំងចូលរួមក្នុងការងារសង្គម ពិសេសលើសុវត្ថិភាពចរាចរនៅក្នុងក្រុង។ លោកជំទាវក៏បានធ្វើការកោតសរសើរផងដែរដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាយើង ដែលមានស្មារតីឆន្ទៈ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ។ ក្នុងនោះលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏បាននាំយកនូវថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ក្មួយៗទាំង២៣៣រូបម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ ៕
លោក ឌួង ប៊ុនធី មន្ត្រីទំនាក់ទំនង
សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាល ប្រគល់ផ្ទះ ១ ខ្នង ជូនលោកយាយ អោ ឡៃ ចាស់ជរាក្រីក្រ នៅភូមិបឹងក្អែក ឃុំព្រែករកា នៅស្រុកកណ្តាលសឹ្ទង
នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៣ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហេ កាន់ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅចូលរួមពិធីប្រគល់ផ្ទះ ១ ខ្នង ជាអំណោយរបស់លោកឧកញ៉ា ថៃ សេងឡុង ជូនលោកយាយ អោ ឡៃ អាយុ ៩៤ ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ។ អញ្ជើញរួមដំណើរឯកឧត្តម ជាវ តាយ អភិបាលរងខេត្ត លោកឧកញ៉ា ថៃ សេងឡុង ឯកឧត្តម មាស សឿន លោកស្រី សុក ថុល សមាជិកគណៈកម្មាធិការសាខា លោកស្រី គង់ សារីយ៉ា នាយិកាសាខា មន្ត្រីក្រុមប្រតិបតិ្តសាខា លោក លោកស្រីជាមន្ត្រីអនុសាខាកាកបាទក្រហមស្រុក ក្រុមកាកបាទក្រហមឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងប្រជាពលរដ្ឋមួយចំនួនទៀត ។
ឯកឧត្តម ហេ កាន់ ក្នុងនាមគណៈកម្មាធិការសាខា មានមតិសំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយព្រមទាំងក្រុមគ្រួសារ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដោយកី្តនឹករឭក ។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ថៃ សេងឡុង ដែលមានសន្តានចិត្តដ៏សប្បុរសថ្លៃថ្លា បានសាងសង់ផ្ទះ១ខ្នង និងបង្គន់អនាម័យ ១ ជូនចំពោះលោកយាយព្រមទាំងក្រុមគ្រួសារ ដែលមានជីវភាពទីទ័លក្របានរស់នៅយ៉ាងសមរម្យ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ និងក្រុមកាកបាទក្រហមឃុំ សូមមេត្តាជួយមើលការខុសត្រូវអំពីសុខទុក្ខរបស់លោកយាយ និងក្រុមគ្រួសារជាបន្តទៀត ។
សូមបញ្ជាក់ថា តាមការអំពាវនាវរបស់សាខា កាលពីខែសីហាកន្លងទៅលោកឧកញ៉ា ថៃ សេង ឡុង បានជួយសាងសង់ផ្ទះ១ខ្នងនេះ ដែលសង់ពីដែកប្រក់ស័ង្គសីមានទំហំ ( 5m x 6.5m ) និងបង្គន់អនាម័យ ១ ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង ៣០០០ ដុល្លារសហរដ្ឋអាមេរិក ។
ក្នុងពិធីប្រគល់ផ្ទះ១ខ្នងនេះ សាខាក៏បាននាំយកអំណោយសប្បុរសធម៌មួយចំនួន ក្នុងនោះមានៈ អង្ករ ១០០ គីឡូក្រាម មី ៦ កេស ទឹកក្រូច ១ កេស សារុង ២ សម្ភារៈគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត និងថវិកាសរុបចំនួន ៨០ ម៉ឺនរៀល ជូនដល់លោកយាយផងដែរ ។
នាមសប្បុរសជនដែលបានចូលរួមឧបត្ថម្ភជូនលោកយាយក្នុងពិធីប្រគល់ផ្ទះរួមមានៈ លោកឧញ៉ា ថៃ សេងឡុង ថវិកា ១០ ម៉ឺនរៀល ទឹកសុទ្ធ ១ កេស មី ១ កេស ទឹកក្រូច ១ កេស នំប៉័ង ១០០ នំ ៣ ប្រអប់ ស្ករគ្រាប់ ២ កំប៉ុង និង ទឹកដោះគោ ១០ កំប៉ុង ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ថវិកា ១០ ម៉ឺនរៀល អង្ករ ៥០ គីឡូក្រាម មី ៥ កេស សម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន លោកស្រី ហូ សុវណ្ណិកា និងគ្រួសារ សមាជិកាក្រុមលេខាសម្តេច តេជោ ថវិកា ២០ ម៉ឺនរៀល អ្នកម្តាយ កូវ យាវ ១០ ដុល្លារ លោកជំទាវ ឃុន ណាង៉ាម អៀត សុខ ១៥ ដុល្លារ លោកជំទាវ ម៉ី កល្យាណ ស៊ុយ ច័ន្ទណារិទ្ធ ថវិកា ៥ ម៉ឺនរៀល លោកជំទាវ មល្លិកា ហូ វិចិត្រ ១៥ ដុល្លារ ឯកឧត្តម ជាវ តាយ ថវិកា ៩ ម៉ឺនរៀល លោកជំទាវ ស៊ុន ម៉ាលី ហេ កាន់ ថវិកា ១០ ម៉ឺនរៀល សាខាកាកបាទក្រហមកម្ពុជាខេត្ត អង្ករ ៥០ គីឡូក្រាម ។
អត្ថបទ ,រូបភាពៈ ហុក យ៉ុន
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខា ខេត្តកណ្តាល ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់ព្យុះរលំផ្ទះចំនួន ១២ គ្រួសារ នៅស្រុកស្អាង
នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៣ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខា បាននាំអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះរលំផ្ទះចំនួន ១២ គ្រួសារ នៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ។ អញ្ជើញរួមដំណើរមានលោកជំទាវ សុខ កែវ ច័ន្ទ សារុន ឯកឧត្តមជាសមាជិកគណៈកម្មាធិការសាខា លោកជំទាវជាភរិយាថ្នាក់ដឹកនាំខេត្ត លោកជំទាវ លោក លោកស្រីជាសមាជិកទ្រទ្រង់កាកបាទក្រហម មន្ត្រីក្រុមប្រតិបតិ្តសាខា មន្ត្រីអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរដែនដីជាច្រើនរូបទៀត ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍លោក ខឹម ច័ន្ទគីរី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកស្អាង រួចមក លោកជំទាវ សុខ កែវ ច័ន្ទ សារុន បានសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកជាមួយគ្រួសាររងគ្រោះ ព្រមទាំងបាន សំណូមពរដល់បងប្អូនទាំងអស់កុំមានការអស់សង្ឃឹមត្រូវប្រឹងប្រែងប្រកបរបររកស៊ី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត ។ ឯកឧត្តម ហាក់ ប៊ុនធឿន ជំនួសមុខឲ្យថ្នាក់ដឹកនាំ និងសមាជិកប្រតិភូសាខា មានមតិសំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយកី្តនឹករឭក ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំទំនាក់ទំនងរកជំនួយពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះបានទាន់ពេលវេលា និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវការពារកូនចៅព្រមទាំងក្រុមគ្រួសារ ដើម្បីបញ្ចៀសឲ្យបាននូវជំងឺឆ្លងផ្សេងៗ ដែលតែងតែកើតរាតត្បាតក្នុងរដូវវស្សា ពិសេសដូចជាជំងឺរាក និងជំងឺគ្រុនឈាមជាដើម ។ ក្នុងករណីនេះប្រសិនបើយើងមានការធ្វេសប្រហែសដោយពុំបានការពារទុកជាមុនទេ ក្រុមគ្រួសាររបស់បងប្អូនប្រាកដជានឹងកើតនូវជំងឺទាំងនេះជាមិនខាន បើកាលណាមានជួបប្រទះនូវជំងឺ នោះវានឹងត្រូវខាតបង់ទាំងថវិកា ពេលវេលាសម្រាប់ប្រកបរបររកស៊ី ព្រមទាំងបាត់បង់ដល់អាយុជីវិតផង ។ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលរស់នៅជាប់នឹងតំបន់មាត់ទន្លេ ព្រែក បឹងបួរ សូមបង្កើនការពារប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវទឹកជំនន់ ដោយកុំបណ្តែតបណ្តោយឲ្យកុមារតូចៗ ដែលពុំទាន់ចេះហែលទឹកទៅកាន់តំបន់ជាមុខសញ្ញាប្រឈម ព្រោះអាចជួបនឹងគ្រោះលង់ទឹកស្លាប់ដោយប្រការចៃដន្យជាក់ជាមិនខានឡើយ ។
លោកស្រី គង់ សារីយ៉ា អាននាមសប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈ និង ថវិកាៈ លោកជំទាវ គឹង ចាន់ឌី គន់ គីម ថវិកា ២៥ ម៉ឺនរៀល លោកឧកញ៉ា ថៃ សេងឡុង ថវិកា ១២ ម៉ឺនរៀល ឯកឧត្តម មាស សឿន និងលោកជំទាវ ថវិកា ១២ ម៉ឺនរៀល លោកជំទាវ អុល ណារ៉ាន់ ជឹម សុខខុន ថវិកា ១០ ម៉ឺនរៀល លោកជំទាវ ផៃ ប៊ុនឈឿន ថវិកា ២០ ម៉ឺនរៀល លោកជំទាវ ឈួ ចក្ត្រា អ៊ាវ ចំរើន ថវិកា១៥ ម៉ឺនរៀល លោកជំទាវ ប្រាក់ សុគន្ធា ថវិកា ៦ ម៉ឺនរៀល លោកស្រី សុខ សុវណ្ណារី ថវិកា ១២ ម៉ឺនរៀល លោកស្រី កិច អៃដាគន្ធារី ថវិកា ១២ ម៉ឺនរៀល លោកជំទាវ ដូ ញូ ប៊ុន សម ថវិកា ១២ ម៉ឺនរៀល លោកជំទាវ សុខ កែវ ច័ន្ទ សារុន សារុង ១២ និងនំប៉័ង ៤៨ ដើម ឯកឧត្តម ជាវ តាយ ថវិកា ២៤ ម៉ឺនរៀល ឧបាសិកា ឃុន ថន ថវិកា ៥០ ដុល្លារ លោកស្រី ថន មុំ សារុង ១៥ លោកជំទាវ ហូ ណូន ថវិកា ២០ ម៉ឺនរៀល លោកជំទាវ ឈុន សាមីឌី ថវិកា ១២ ម៉ឺនរៀល លោក វង្ស សិរី ថវិកា ១០ ដុល្លារ លោក សម ប៊ុនធឿន នំប៉័ង ២៤ ដើម និងលោកជំទាវ ចាន់ ណារី នៃ គន្ធ ថវិកា ៤០ ដុល្លារ ។
អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះនីមួយៗ មានៈ អង្ករ ២៥ គីឡូក្រាម មី ១ កេស សារុង ២ សម្ភារៈគ្រឿងឧបភោគបរិភោគចំនួន ១១ មុខ និង ថវិកាចំនួន ២១ ម៉ឺន ៥ ពាន់រៀល ។
សូមបញ្ជាក់ថា តាមរយៈការអំពាវនាវលោកស្រី គង់ សារីយ៉ា នាយិកាសាខា លោក វង្ស សិរី និស្សិតចៅក្រមជំនាន់ទី៦ បានបង់ថវិកាសមាជិកទ្រទ្រង់ថ្នាក់ទី១ឆ្នាំ២០១៣ ចំនួន ៥០ ដុល្លារសហរដ្ឋអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលផងដែរ ។
អត្ថបទ ,រូបភាពៈ លោក ហុក យ៉ុន
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ដស្វាយរៀងនាំយកជំនួយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យក់កន្ដ្រាក់នៅស្រុកស្វាយជ្រំ
នៅព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០១៣ ឯកឧត្ដមជៀង អំ ប្រធានកិត្ដិយសសាខា លោកជំទាវដួងវណ្ណា អនុប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយក ជំនួយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដស្វាយរៀងទៅចែកជូប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់ ចំនួន ៥ គ្រួសារនៅភូមិត្បែងឃុំគោកព្រីស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ដែលបណ្ដាល ឱ្យស្លាប់មនុស្ស២ នាក់ និងរងរបួសធ្ងន់ម្នាក់។
ឯកឧត្ដម បានសំដែងនូវការចូលរួមមរណៈទុក្ខដល់គ្រួសារនៃសព និង ពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាដែលជារៀងដរាបមក តែងតែយកចិត្ដទុកដាក់គិតគូរពីការលំបាករបស់ប្រជាជនយើង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ឯកឧត្ដមបានបញ្ជាក់ថាបច្ចុប្បន្ននេះសាខាកាកបាទក្រហមកម្ពុជាខេត្ដ មានបណ្ដាញរបស់ខ្លួននៅតាមឃុំ ស្រុកទូទាំងខេត្ដ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយសម្រាល ទុក្ខលំបាក របស់ប្រជាជនងាយរងគ្រោះគ្រប់ពេលវេលា។ ជាក់ស្ដែងថ្ងៃនេះ ក្រោយពីទទួលបានព័ត៌មាន ពីអនុសាខាស្រុករួចមក សាខាកាកបាទក្រហមខេត្ដបាននាំយកជំនួយមនុស្សធម៌មកដោះស្រាយភ្លាមៗ ដើម្បីជួយសម្រាលទុក្ខលំបាករប់បងប្អូន ទោះបីជាអំណោយដែលបានចែកជូននាពេលនេះមានតិចតួចក៍ ពិតមែន តែវាអាជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរ ហើយអំណោយទាំងនេះគឺបាន មកពីការអំពាវនាវពី សប្បុរសជននៅក្នុងនិងក្រៅខេត្ត។
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ឱ្យខិតខំថែរក្សាសុខភាពនិងអនាម័យ ចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀននិងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។