ទីស្នាក់ការកណ្តាល

លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្នានទីពឹង និងគ្រួសារជនពិការ
កាលពីព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា អមដំណើរដោយ តំណាងសហព័ន្ធ គណប្រតិភូ សប្បុរសជន សមាជិកគណៈកម្មាធិការ កណ្តាល និងមន្ត្រីសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគ អេដស៍ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងគ្រួសារជនពិការ ចំនួន ៥៧០ គ្រួសារ មកពីស្រុកចំការលើ ដែលមានទីតាំងនៅ វិទ្យាល័យ បុសខ្នុរ ភូមិ ១០ មករា ឃុំ បុសខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្តែងនូវ ទឹកចិត្តចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះនាពេលនេះ ហើយ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការខិតខំរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជា ជនទូទាំងប្រទេសក្នុងរយៈកាល ៣៤ឆ្នាំកន្លងមកនេះ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខា កាកបាទក្រហមខេត្តកំពង់ចាម ដែលបានចូលរួមជួយដល់ជនដែលងាយរងគ្រោះ ជាពិសេសពេលមានគ្រោះមហន្តរាយ នាពេលកន្លងមកនេះ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន ធ្វើការអំពាវនាវដល់គ្រួសារទាំងអស់ សូមបរិភោគទឹកដែលដាំឆ្អិនត្រឹមត្រូវ និងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងការឈឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិក្នុងការព្យាបាល ហើយក៏អាចឈានដល់ការបាត់បង់ជីវិតផងដែរ។ នៅក្នុងឪកាសនោះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន អំពាវនាវដល់បងប្អូនទាំងអស់មេត្តា ប្រុងប្រយ័ត្ននឹងការឆ្លងនៃជំងឺផ្តាសាយបក្សី ដោយត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ និងត្រូវមានអនាម័យជាប្រចាំ។
ជា ថ្មីម្តងទៀត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិទទួលបន្ទុកមេរោគអេដស៍ ជំងឺអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អគ្គលេខាធិការអង្គការសហប្រជា ជាតិទទួលបន្ទុកសុខភាពមាតា និងទារក លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន ធ្វើការអំពាវនាវដល់ស្ត្រីដែលមានផ្ទៃពោះ សូមឱ្យទៅពិនិត្យ សុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់លោកគ្រូពេទ្យ ហើយជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ ក៏សូមឱ្យពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ រហូតដល់ពេលត្រូវឆ្លង ដើម្បីកាត់បន្ថយការឆ្លងពីម្តាយទៅទារក។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏នៅតែសំណូមពរដល់អ្នកផ្ទុកមេរោគអេដស៍ ទាំងអស់ មេត្តាសូមកុំបន្តចម្លងមេ រោគនេះដល់អ្នកដទៃ ហើយសំណូមពរឱ្យអ្នកទាំងអស់នោះទៅទទួលថ្នាំពន្យា និងខិតខំថែរក្សាសុខភាពខ្លួនឱ្យបានប្រសើរឡើង។ ជាពិសេស លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន លើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមជួយចូលអប់រំដល់ ក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅក្នុងសហគមឱ្យស្គាល់ពីទុកលំបាក់នៃការឆ្លងមេរោគអេ ដស៍។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានអំពាវនាវដល់មាតាបិតាទាំងអស់ សូមជួយធ្វើការអប់រំដល់កូនរបស់ខ្លួន ឱ្យដើរជៀសពីការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់គ្រឿងស្រវឹង និងមិនត្រូវប្រើអំពើហឹង្សាក្នុងគ្រួសារ។
ជាទីបញ្ចប់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា ១ មុង ១ ភួយ ១ ក្រណាត់ស ១ ថវិកា ២០០០០ រៀល ។

លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ លោកគ្រូពេទ្យ មន្ត្រីបុគ្គលិកនិងចែកអំណោយជាស្បៀងជូនដល់ កុមារសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ
កាលពីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកគណកម្មាធិការកណ្តាល មន្ត្រី បុគ្កលិកកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រី បុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងចែកអំណោយជាស្បៀងជូនដល់កុមារសម្រាក់ព្យាបាលជំងឺ ចំនួន ១៥០ នាក់ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីបុគ្គលិកមន្ទីពេទ្យ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន សម្តែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងធ្វើការកោតសរសើរ ដល់ការខិតប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងការជួយដល់ កុមារទាំងឡាយ ដែលបានចូលមកសម្រាកព្យាបាលជំម្ងឺ នៅមន្ទីរពេទ្យនេះ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន រំលឹកឡើងថា មន្ទីរពេទ្យកុមារជាតិនេះ បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨០ មកម្លេះ ដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល បានធ្វើអោយមន្ទីរពេទ្យ នេះមានលទ្ធភាពជួយសង្គ្រោះជីវិតកុមារជាច្រើន។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់មេត្តាជួយបន្តការងារដ៏ប្រសើនេះ ដើម្បីជាការជួយដល់ប្រទេសជាតិយើង ក្នុងការកាត់បន្ថយអត្រាស្លាប់នៃកុមារ និងជាការជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាមួយគ្នានោះផងដែរ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន អំពាវនាវដល់គ្រូពេទ្យទូទាំងប្រទេស ធ្វើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌វិជ្ជាជីវៈរបស់ខ្លួន អោយបានត្រឹមត្រូវ ត្រូវធ្វើខ្លួនជាអ្នកដែលជាក្តីសង្ឃឹមរបស់អ្នកជំម្ងឺ ជាពិសេសត្រូវផ្តោតលើការព្យាបាលជាចម្បង ជៀសជាងការបង់ថវិកា និងត្រូវមានសីលអធ៌និយាយស្តីល្អដល់អ្នកជំងឺ។ លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិតបាន អំពាវអោយបងប្អូនប្រជាជន សូមអញ្ជើញទៅពិនិត្យ ឬទទួលការព្យាបាលជាមួយគ្រូពេទ្យដែលមានសញ្ញាបត្រច្បាស់លាស់ និងមន្ទីរពេទ្យ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងការខាតបង់ថវិកា ពេលវេលា និងអាចដល់ការបាត់បង់ជីវិតរបស់ខ្លួនក៏អាចមាន។
ជាទីបញ្ចប់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន ធ្វើការអំពាវនាវ ដល់ប្រជាជន ជាពិសេសអាណាព្យាបាល កុមារទាំងអស់ សូមមានការប្រុងប្រយ័ត្នដល់ការរើបឡើងវិញនៃជំងឺផ្តាសាយបក្សី។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីបុគ្គលិក នៃមន្ទីរពេទ្យទាំងអស់ សូមមានសុខភាពល្អ និង ជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ជាកិច្ចបន្ទាប់មក លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ចើញទស្សនាកិច្ចសួរសុខ ទុក្ខដល់កុមារចំនួន ១៥០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ដោយម្នាក់ៗទទួលបាន៖ ឃីត ១ (សារុង ក្រមា មុង ភួយ) មីយើង ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូ ទឹកដោះគោខាប់ ៤កំប៉ុង ថវិកា ១០ម៉ឺន រៀល។

លោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសវនាការ និងសម្តែងការគួរសម នៅទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានលើកដំបូងរបស់ ឯកឧត្តមអគ្គរដ្ឋទូត ដែលមកធ្វើទស្សនកិច្ចពិភាក្សាការងារនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាពេលនេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូត បានចូលរួមរំលែកទុក្ខដល់ការទទួលមរណភាពនៃព្រះបរមរតនៈកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការកោតសរសើរ ដល់សម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ប្រពៃរបស់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាពិសេសការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងវិស័យសុខុមាលភាពប្រជាជននៅទូទាំងប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញពីគោលបំណងនៃជំនួបពិភាក្សានេះថា ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានភ្នាក់ងារ USAID មានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការសហប្រតិបត្តិការ ជាមួយនឹងកាកបាទក្រហមកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំអោយមានការជួបពិភាក្សាការងារ រវាងមន្ត្រីកាកបាទក្រហមកម្ពុជា និងមន្ត្រីភ្នាក់ងារ USAID ដើម្បីស្វែងរកនូវកម្មវិធី ឬគម្រោង ដែលភាគីខាង USAID អាចមានលទ្ធភាពជួយគាំទ្រ រួមមានផ្នែកបច្ចេកទេស ថវិកា និងសម្ភារៈ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បាន មានប្រសាសន៍ថា សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជា ដើម្បីប្រែក្លាយប្រទេសនេះអោយទៅជាប្រទេស ដែលមានលទ្ធភាពជួយ ខ្លួនឯងបាន និងបន្តអាចជួយដល់ប្រទេសផ្សេងៗនាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ភ្នាក់ងារ USAID បាន នឹងមានគំរោងចំនួនជិត ៣០គម្រោង កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ហើយក្នុង ជំនួបពិភាក្សានេះ គឺឯកឧត្តមឯកអគ្គរដ្ឋទូត ចង់កសាងនូវទំនាក់ទំនងរវាងគ្នានឹងគ្នា ដើម្បីចង់យល់ច្បាស់ពីតំរូវការជាអទិភាពរបស់កាកបាទក្រហម កម្ពុជា ដែលស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដោយធ្វើការប្រជុំរួមគ្នាក្នុងការស្វែងយល់ អំពីតំរូវចាំបាច់របស់ប្រទេស និងជាពិសេសធ្វើការត្រៀមនូវដំណោះស្រាយ ដើម្បីឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន សម្តែងនូវការស្វាគមន៍ ចំពោះការស្នើសុំនេះ ហើយសង្ឃឹមយ៉ាងខ្លាំង ថានឹងទទួលបាននូវជោគជ័យរួមគ្នាបន្ថែមទៀត។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន រំលឹកឡើងវិញថា កាកបាទក្រហមកម្ពុជា បានធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមអាមេរិក ក្រោមការគាំទ្រ ដោយ USAID ចាប់ តាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៧ ក្នុងផ្នែកឆ្លើយតបគ្រោះមហន្តរាយ និងឆ្នាំ ២០០៤ ដល់ ២០០៩ ផ្នែកសុខភាព ដែលកិច្ចសហប្រតិបត្តិការនោះបានទទួលជោគជ័យបានយ៉ាងល្អប្រសើរ។ លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត បាន លើកឡើងបន្ថែមទៀតថា កាកបាទក្រហមមានសាខារបស់ខ្លួននៅគ្រប់ ២៤ខេត្ត ក្រុង ហើយមានអនុសាខា និងបណ្តាញរហូតដល់សហគមន៍ ដែល រចនាសម្ព័ន្ធនេះ បានធ្វើអោយកាកបាទក្រហម កម្ពុជា មានលទ្ធភាពឆ្លើយតបនឹងគ្រោះមហន្តរាយនានា បានទាន់ពេលវេលា ព្រមទាំងធ្វើការផ្សព្វផ្សាយ នូវបញ្ហាសុខភាពជូនដល់ប្រជាជន នៅតាមសហគមន៍ប្រកបដោយ ប្រសិទ្ធិភាពផងដែរ ជាពិសេសពេលមាន គ្រោះមហន្តរាយធំៗកើតឡើង។ បច្ចុប្បន្ននេះ កាកបាទក្រហមមានដៃគូរចំនួន ១២ ហើយដែលមានដៃគូរ ចំនួន ៤ បានធ្វើផ្ទាល់ជាមួយសាខា តាមរបៀបវិមជ្ឈការ ដែលមានកម្មវិធីខ្លះមានការទាក់ទងទៅនឹងផ្នែក ទឹកស្អាតផងដែរ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន បន្ថែមថា កាកបាទក្រហមកម្ពុជា តែងតែចុះចែក អំណោយជូនដល់ចាស់ជរាគ្នានទីពឹង កុមារកំព្រារងគ្រោះដោយមេរោគអេដស៍ជម្ងឺអេដស៍ ជនពិការ និងជន រងគ្រោះដោយមេរោគអេដស៍ជម្ងឺអេដស៍ ព្រមទាំងជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងគ្រោះមហមន្តរាយ ផ្សេងៗ។
ដោយ កាកបាទក្រហមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល អាស្រ័យហេតុនេះ គឺមានតំរូវការចាំបាច់ដោយពឹង ពាក់លើម្ចាស់ជំនួយ និងសប្បុរសជនជាតិ អន្តរជាតិ ក្នុងការជួយផ្តល់នូវជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់ សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា កាកបាទក្រហមកម្ពុជា មានអ្នកស្ម័គ្រចិត្ត ជិត ២ ម៉ឺន នាក់ និងយុវជនកាកបាទក្រហម ជាង២ម៉ឹន នាក់ ហើយដែលពួកគេត្រូវការការបណ្តុះបណ្តាលនូវជំនាញបន្ថែម ដែលទាក់ទងទៅនឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅក្នុងសហគមន៍របស់ខ្លួន។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន បញ្ជាក់ថានេះ ជាបញ្ហាប្រឈមមួយរបស់កាកបាទក្រហមកម្ពុជា នៅក្នុងការស្វែងរកថវិកាដើម្បីគាំទ្រដល់ការបង្កើតវគ្គបណ្តុះ បណ្តាលនេះ។ ទាក់ទងនឹងបញ្ហា ការកាត់បន្ថយអាត្រាមរណៈមាតា និងទារក ព្រមទាំងការឆ្លងមេរោគអេដស៍ជម្ងឺអេដស៍ពីមាតាទៅទារក លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍/ជ ម្ងឺអេដស៍នៅកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ថា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន ធ្វើការអំពាវនាវ និងផ្សព្វផ្សាយពីការ ឆ្លងមេរោគអេដស៍ ដោយលើកទឹកចិត្តស្ត្រី និងស្ត្រីដែលមានផ្ទៃពោះ ទៅធ្វើការពិនិត្យសុខភាព និងពិគ្រោះ ជាមួយគ្រូពេទ្យ ដើម្បីបង្ការ និងកាត់បន្ថយការឆ្លងមេរោគអេដស៍ ហើយដែលប្រទេសកម្ពុជា បានធ្វើការកាត់ បន្ថយរហូត ដល់ក្រោម ០.៨% ដែលនេះជាការទទួលបានមុននៅគោលដៅសហសវត្សរបស់អង្គការសហប្រជាជាតិ។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក និងភ្នាក់ងារ USAID ដែលបានជួយគាំទ្រជំនួយនានា ដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា នាពេលកន្លងមកនេះ។
ជាទីបញ្ចប់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បាន សម្តែងនូវការសង្ឃឹមថា ចំណងសហប្រតិបត្តិការរវាង កាកបាទក្រហមកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានភ្នាក់ងារ USAID នឹងមានការពង្រឹង និង ពង្រីកប្រសើរឡើងជាលំដាប់ ហើយក៏សូមជូនពរដល់ ឯកឧត្តមអគ្គរដ្ឋទូត និងសហការី សូមមានសុខភាពល្អ និងជោគជ័យក្នុងការងារ។

លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជនពិការ
កាលពីព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយតំណាងសហព័ន្ធ គណ:ប្រតិភូ សប្បុរសជន សមាជិកគណ:កម្មាធិការកណ្តាល និងមន្ត្រីសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្មានទី ពឹង និងជនពិការ ចំនួន ៥៧០ គ្រួសារ មកពីស្រុករលាប្អៀរ ក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលមានទីតាំងនៅ ភូមិ ត្បែង ឃុំ អណ្តូងស្នាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្តែងនូវ ទឹកចិត្តចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះនាពេលនេះ ហើយ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការខិតខំរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជា ជនទូទាំងប្រទេសក្នុងរយៈកាល ៣៤ឆ្នាំកន្លងមកនេះ។
ជា ថ្មីម្តងទៀត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិទទួលបន្ទុកមេរោគអេដស៍ ជំងឺអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អគ្គលេខាធិការអង្គការសហប្រជា ជាតិទទួលបន្ទុកសុខភាពមាតា និងទារក លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាន ធ្វើការអំពាវនាវដល់ស្ត្រីដែលមានផ្ទៃពោះ សូមអោយទៅពិនិត្យ សុខភាពអោយបានទៀងទាត់តាមការកំណត់របស់លោកគ្រូពេទ្យ ហើយជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ ក៏សូមអោយពិគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់ រហូតដល់ពេលត្រូវឆ្លងទន្លេ ដើម្បីកាត់បន្ថយការឆ្លងពីម្តាយទៅទារក។
លោកជំទាវប្រធាន ក៏នៅតែសំណូមពរដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ មេត្តាសូមកុំបន្តចម្លងមេ រោគនេះដល់អ្នកដ៏ទៃ ហើយសំណូមពរអោយអ្នកទាំងអស់នោះទៅទទួលថ្នាំពន្យា និងខិតខំថែរក្សាសុខភាពខ្លួនអោយបានប្រសើរឡើង។ ជាពិសេសលោកជំទាវ បាន លើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមជួយអប់រំដល់ ក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅក្នុងសហគមន៍អោយស្គាល់ពីទុក្ខលំបាកនៃការឆ្លងមេរោគអេដស៍។
លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សហព័ន្ធអន្តរជាតិ កាកបាទក្រហម ដែលបានចូលរួមជួយដល់ប្រជាជន នាពេលកន្លងមកនេះ។ លោកជំទាវ បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមអោយមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយចែកជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា ១ មុង ១ ភួយ ១ ក្រណាត់ស ១ ថវិកា ២០០០០ រៀល ។

អង្គការគ្រួសារថ្មី បានទទួលថវិកា ពីកាកបាទក្រហមកម្ពុជា
អង្គ ការគ្រួសារថ្មី បានទទួលថវិកាចំនួន ២០លានរៀលពីកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០១៣គឺដើម្បីជួយសម្រួលការលំបាករបស់អង្គការគ្រួសារថ្មីដែល បានមើលថែរក្សាកុមារគថ្លង់នៅប្រទេសកម្ពុជា។
ក្នុងពិធីប្រគល់ថវិកានេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាបានប្រគល់ថវិកាជូនដល់អង្គការគ្រួសារថ្មី ចំនួន៣ឆ្នាំមកហើយៗក្នុងមួយឆ្នាំៗ កាកបាទក្រហមកម្ពុជាតែងតែធ្វើម្ហូបអាហារជូនដល់កុមារកំព្រា និងកុមារគថ្លង់ នៅអង្គការគ្រួសារថ្មី ១ ឬ ២ដង។ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅដល់អង្គការគ្រួសារថ្មី ដែល បានខិតខំប្រឹងប្រែងថែរក្សា យកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់កុមារកំព្រា និងគថ្លង់ ឱ្យកុមារទាំងនោះមានក្តីសង្ឃឹមទៅអនាគត។
នាឱកាសនោះលោក ហែវ៉េ រ៉ូកឺប្លង់ អគ្គនាយក អង្គការគ្រួសារថ្មី និងសការីបានថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែគិតគូ និងគាំទ្រដល់អង្គការគ្រួសារថ្មីជាដរាបមក។