Webmail
E-Learning
សេវាយើង

សកម្មភាពផ្សេងៗ

កាកបាទក្រហមកម្ពុជាចូលរួមអបអរទិវាយល់ដឹងអំពីមីន

អរអរទិវាយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ កម្មវិធី​សុវត្តិភាព​សហគមន៍​ របស់កាកបាទក្រហម​កម្ពុជា​បានប្រារព្វ​ទិវាជាតិ​យល់ដឹង​អំពីមីន នៅ៤ទីតាំង ផ្សេងៗគ្នា ក្នុងនោះ​មាន​សាខាពោធិ៍សាត់ ​សាខាបន្ទាយមានជ័យ ​សាខាឧត្តរមានជ័យ ​និងសាខាខេត្តព្រះវិហារ។

ការប្រារព្ធនេះ​មានគោលបំណង​ ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ​ដល់អ្នកចូលរួម​សរុបចំនួន​៧៣៤នាក់​ ស្រី ១៨៥ ក្នុង​នោះ​កុមារា​ចំនួន​ ៣៨៩​កុមារី​ចំនួន ១៨៦នាក់ ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ ​នឹង​អ្នកស្ម័គ្រចិត្ត​មួយចំនួន​ទៀត សំដៅកាត់​បន្ថយគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ​នឹងកាកសំណល់​ជាតិផ្ទុះពី​សង្គ្រាម ។

បើបើយោង​តាមរបាយការណ៍​របស់CMAA​ ក្នុងឆ្នាំ២០១៥ ​មានអ្នករងគ្រោះ​ដោយសារ​មីននិង​សំណល់​ជាតិផ្ទុះពី​សង្រ្គាម​ចំនួន​១១១នាក់។​

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និងការគាំពារកុមារ

ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ មកពីវិទ្យាល័យចំនួន៥ នៅក្នុងក្រុងសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃ នៅវិទ្យាល័យ១០មករា ១៩៧៩  ដោយផ្តោតជាសំខាន់ទៅលើមេរៀន ស្តីអំពីមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និង ការគាំពារកុមារ ក្រោមការឧបត្ថម្ភដោយ Australian Aid និង កាកបាទក្រហមអូស្ត្រាលី ។

       លោក ស៊ុំ សំអន នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប  បានជម្រាបជូននា ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដោយផ្តោត ទៅលើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ថ្មី ការផាកពិន័យ និងវិធីសាស្រ្ តធ្វើឲ្យមាន សុវត្ថិភាព នៅលើដងផ្លូវ និងបង្កើនការយល់ដឹង ពីគុណតម្លៃរបស់ជនពិការ បំផុសឱ្យយុវជនកាកបាទក្រហមកម្ពុជា អប់រំនឹងផ្តល់ឱកាសឱ្យយុវជនពិការ បានចូលរួមសកម្មភាពសង្គមនានា រួមទាំងផ្តល់យុវជនឱ្យចូលរួមទប់ស្កាត់រាល់ការរំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើ កុមារ។  

       លោកស្រី លុយ កូឡាប មន្រ្តីសម្របសម្រួលគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព ក៏មានប្រសាសន៍ថា៖  កុមារគឺជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ហើយថាការធ្វើការជាមួយកុមារ គឺជាការទទួលខុសត្រូវដ៏សំខាន់។ គ្រប់ពេលវេលា កុមារមានសិទ្ធិទទួលបានសុវត្ថិភាព​ និងត្រូវបានទទួលការការពារយ៉ាងត្រឹមត្រូវបំផុត។

    លោកស្រីបានពន្យល់ថា៖ តាមរយៈគោលនយោបាយគាំពារកុមារ និងខ្លឹមសារនៃសៀវភៅមគ្គុទ្ទេសក៍ ស្តីអំពីការគាំពារកុមារ កាកបាទ ក្រហមកម្ពុជា នឹងលើកទឹកចិត្តយ៉ាងសកម្មដល់ការអនុវត្តការងារនេះ។ កាកបាទក្រហមកម្ពុជា សង្ឃឹមថា កុមារ និងយុវជននឹងត្រូវបានការពារ ពីគ្រោះថ្នាក់ និងទទួលបាននូវឱកាសទាំងអស់ សម្រាប់ការចូលរួមនៅក្នុងជីវិតរបស់ពួកគេនិងសហគមន៍របស់ពួកគេ ដើម្បីបានក្លាយជាអ្នក ដឹកនាំដ៏មានប្រសិទ្ធិភាព និងជាអ្នកសម្រេចចិត្តនាពេលអនាគត៕​

ប្រជាជនឃុំព្រែកដាច់ទទួលប្រាក់កម្ចីពីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកលើកដែក

នៅ​ថ្ងៃ​២៦​​ មករា ​​២០១៦ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៣​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់បាន​ចំនួន​៥៥៥​គ្រួសារ​ហើយ​។ សូម​បញ្ជាក់​ជូន​ថា​​ មូលនិធិ​វើល​ម៉េត ​ត្រូវ​បាន​បង្កើត​ឡើង ​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន ១​លាន​រៀល​សម្រាប់​រយៈពេល១​ឆ្នាំ​ដោយ​គ្មាន​ការ​ប្រាក់។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះពិនិត្យអណ្តូងស្នប់នៅស្រុកចំនួន៣

នៅ​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១​​ខែមករា ឆ្នាំ​២០១៦​អណ្តូងស្នប់​ចំនួន​៣៨​អណ្តូង​ដែល​ឧបត្ថម្ភ​ដោយ​កាកបាទ​ក្រហម​ដាណឺម៉ាក​ត្រូវ​បាន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដំណាក់សុក្រំ​​ស្រុកដងទង់​​ឃុំ​ដានគោម​​ស្រុក​អង្គរជ័យ​​និង​ឃុំ​ព្រៃថ្នង​​ស្រុក​ទឹកឈូ​។​​ដើម្បី​ធានា​សុវត្ថិភាព​ប្រកបដោយ​ អនាម័យ​ក្នុង​ការ​ប្រើប្រាស់​ទឹកអណ្ទូង​ស្នប់នេះ​​ក្រុម​ការងារ​បាន​យក​ទឹក​អណ្តូង​ទាំង​៣៨​​មក​ពិនិត្យ​គុណភាព​នៅ​ភ្នំពេញ​។​ក្រោយពី​បាន​ដឹងថា​ទឹកអណ្តូង​ទាំងនោះ​មាន​មេរោគ​​បាក់តឺរី​ច្រើន(coli-form)​​ក្រុម​ការងារ​នៃ​កម្មវិធី​អភិវឌ្ឍន៍​សុខភាព​សហគមន៍​​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្តកំពត​បាន​ចុះ​យុទ្ធនាការ​សម្លាប់​មេរោគ​(Chlorination)​បាក់តេរី​នៅ​ក្នុង​អណ្តូង​ស្នប់​ចំនួន​៣៨​នោះ។​​ក្នុង​ពេលនោះ​ដែរ ​​ក្រុម​ការងារ​ក៏​បាន​ពិនិត្យ​ទីតាំង​ដើម្បី​ធ្វើ​កន្លែង​លាងសម្អាត​ដៃ​ដល់​សាលា​បឋម​សិក្សា​ចំនួន​៣​កន្លែង​ផងដែរ​៕

អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

ហៀន ផា​រី កើត​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩២ នៅក្នុង​ភូមិ​ដំណាក់​លួង  ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹក​ឈូ ខេត្តកំពត។ ផា​រី ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ម្នាក់​អាយុ ៨ខែ​ដែលជា​ចំណងដៃ​អា​ពារ​ហ៍​ពិពាហ៍​ជាមួយ​ស្វាមី​របស់​នាង។ ផា​រី ទៅពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​បាន​យ៉ាង​ទៀងទាត់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​បាន​សម្រាល​បុត្រ​នៅ​មណ្ឌល​សុខភាព​ផងដែរ។   ​ដើមឆ្នាំ២០១២ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយបាន​ការឧបត្ថម្ភ​ថវិកា និង​បច្ចេកទេស​ពី​កាកបាទក្រហម​ដា​ណឺ​ម៉ាក ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សុខភាព​សហគមន៍​មូលដ្ឋាន​ដែលមាន​រយៈពេល ៤ ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦។  

 

ក្នុង​ដំណើរការ​អនុវត្ត​សកម្មភាព​នៅក្នុង​ភូមិ​គោលដៅនីមួយៗ កម្មវិធី​បានជ្រើសរើស​អ្នកស្ម័គ្រចិត្តដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​នៅក្នុង​ភូមិ​របស់គាត់។ ផា​រី ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ​ដែល​បាន​លះបង​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ជា​អ្នកស្ម័គ្រចិត្ត​យ៉ាងសកម្ម​ម្នាក់​ក្នុងការ​បំពេញភារៈកិច្ច និង​តួនាទី​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​ពេលវេលា និង​ការចូលរួម​រាល់​សកម្មភាព​​ទាំងឡាយ​របស់​កម្មវិធី​កន្លងមក។

 

 

 

ផា​រី ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ពី​កាកបាទក្រហមកម្ពុជា​លើក​ទី១ គឺ​វិជ្ជា​សង្គ្រោះ​បឋម និង​វគ្គ​ជំនា​ញ​ជា​បន្តបន្ទាប់​ដូចជា អនាម័យ ទឹកស្អាត សុខភាព​មាតា​និង​ទារក ការគាំទ្រ​ចិត្ត​សង្គម និង​ជំងឺមិនឆ្លង​ជាដើម។ ក្រៅពីនោះ ផា​រី ទទួលបាន​កង់​មួយគ្រឿង បង្គន់​អនាម័យ​មួយ​ខ្នង ធុង​ចម្រោះ​មួយ ឃី​ត​សង្គ្រោះ​បឋម  អា​យឺត និង​សម្ភារៈ​សម្រាប់​អប់រំ​មួយចំនួនទៀត។  

 

 

ចាប់តាំងពី​ផា​រី បាន​ក្លាយជា​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​មក ផា​រី ទទួលបាន​នូវ​ការ​រាប់អាន និង​កោតសរសើរ​ពី​អ្នកភូមិ​កាន់តែច្រើនទៅៗ។  ផា​រី បញ្ជាក់ថា" នាង​ខ្ញុំ​ពេញចិត្ត និង​រីករាយ​ណាស់​ក្នុង​នាម​ជា​អ្នកស្ម័គ្រចិត្ត​ពីព្រោះ​នាង​ខ្ញុំ​បាន​ជួយ​សហគមន៍​របស់​នា​ង​ខ្ញុំ ជាពិសេស​បានទទួល​វគ្គ​បណ្តុះ​បណ្តាល​​ជាច្រើន​ពី​កាកបាទក្រហមកម្ពុជា​និង​សូម​អរគុណ​ដល់​កាកបាទក្រហមកម្ពុជា​ដែល​បានជ្រើសរើស​នាង​ខ្ញុំ​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ហើយ​ពេញចិត្ត​បន្តការងារ​នេះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ភូមិ-ឃុំ​របស់​នាង​ខ្ញុំ ជាពិសេស​ផ្នែក​សុខភាព និង​អនាម័យ។ នាង​ខ្ញុំសូម​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​នៅ​បន្ត​ជួយ​ភូមិ-ឃុំ​របស់​នាង​ខ្ញុំ​ត​ទៅមុខទៀត"។

 

រៀបរាងដោយ៖ លោក ​អ៊ិន សុភាព

Fist Prev 9 10 11 12 13 Next Last