សកម្មភាពផ្សេងៗ

កាកបាទក្រហមកម្ពុជាចូលរួមអបអរទិវាយល់ដឹងអំពីមីន
អរអរទិវាយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ កម្មវិធីសុវត្តិភាពសហគមន៍ របស់កាកបាទក្រហមកម្ពុជាបានប្រារព្វទិវាជាតិយល់ដឹងអំពីមីន នៅ៤ទីតាំង ផ្សេងៗគ្នា ក្នុងនោះមានសាខាពោធិ៍សាត់ សាខាបន្ទាយមានជ័យ សាខាឧត្តរមានជ័យ និងសាខាខេត្តព្រះវិហារ។
ការប្រារព្ធនេះមានគោលបំណង ធ្វើការអប់រំផ្សព្វផ្សាយ ដល់អ្នកចូលរួមសរុបចំនួន៧៣៤នាក់ ស្រី ១៨៥ ក្នុងនោះកុមារាចំនួន ៣៨៩កុមារីចំនួន ១៨៦នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូ នឹងអ្នកស្ម័គ្រចិត្តមួយចំនួនទៀត សំដៅកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន នឹងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ។
បើបើយោងតាមរបាយការណ៍របស់CMAA ក្នុងឆ្នាំ២០១៥ មានអ្នករងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន១១១នាក់។

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និងការគាំពារកុមារ
ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ មកពីវិទ្យាល័យចំនួន៥ នៅក្នុងក្រុងសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃ នៅវិទ្យាល័យ១០មករា ១៩៧៩ ដោយផ្តោតជាសំខាន់ទៅលើមេរៀន ស្តីអំពីមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និង ការគាំពារកុមារ ក្រោមការឧបត្ថម្ភដោយ Australian Aid និង កាកបាទក្រហមអូស្ត្រាលី ។
លោក ស៊ុំ សំអន នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប បានជម្រាបជូននា ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដោយផ្តោត ទៅលើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ថ្មី ការផាកពិន័យ និងវិធីសាស្រ្ តធ្វើឲ្យមាន សុវត្ថិភាព នៅលើដងផ្លូវ និងបង្កើនការយល់ដឹង ពីគុណតម្លៃរបស់ជនពិការ បំផុសឱ្យយុវជនកាកបាទក្រហមកម្ពុជា អប់រំនឹងផ្តល់ឱកាសឱ្យយុវជនពិការ បានចូលរួមសកម្មភាពសង្គមនានា រួមទាំងផ្តល់យុវជនឱ្យចូលរួមទប់ស្កាត់រាល់ការរំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើ កុមារ។
លោកស្រី លុយ កូឡាប មន្រ្តីសម្របសម្រួលគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព ក៏មានប្រសាសន៍ថា៖ កុមារគឺជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ហើយថាការធ្វើការជាមួយកុមារ គឺជាការទទួលខុសត្រូវដ៏សំខាន់។ គ្រប់ពេលវេលា កុមារមានសិទ្ធិទទួលបានសុវត្ថិភាព និងត្រូវបានទទួលការការពារយ៉ាងត្រឹមត្រូវបំផុត។
លោកស្រីបានពន្យល់ថា៖ តាមរយៈគោលនយោបាយគាំពារកុមារ និងខ្លឹមសារនៃសៀវភៅមគ្គុទ្ទេសក៍ ស្តីអំពីការគាំពារកុមារ កាកបាទ ក្រហមកម្ពុជា នឹងលើកទឹកចិត្តយ៉ាងសកម្មដល់ការអនុវត្តការងារនេះ។ កាកបាទក្រហមកម្ពុជា សង្ឃឹមថា កុមារ និងយុវជននឹងត្រូវបានការពារ ពីគ្រោះថ្នាក់ និងទទួលបាននូវឱកាសទាំងអស់ សម្រាប់ការចូលរួមនៅក្នុងជីវិតរបស់ពួកគេនិងសហគមន៍របស់ពួកគេ ដើម្បីបានក្លាយជាអ្នក ដឹកនាំដ៏មានប្រសិទ្ធិភាព និងជាអ្នកសម្រេចចិត្តនាពេលអនាគត៕

ប្រជាជនឃុំព្រែកដាច់ទទួលប្រាក់កម្ចីពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកលើកដែក
នៅថ្ងៃ២៦ មករា ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក បានប្រគល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់របស់មូលនិធិវើលម៉េតតាមរយៈកាកបាទក្រហមកម្ពុជា ជូនប្រជាជនភូមិព្រែកតូចនិងភូមិព្រែកដាច់ក្នុងឃុំព្រែកដាច់ចំនួន១៣គ្រួសារ ដើម្បីយកទៅប្រកបរបរចិញ្ចឹមគ្រួសារនិងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ។ សូមជម្រាបជូនផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ មូលនិធិវើលម៉េត បានផ្តល់ប្រាក់កម្ចីដល់ឃុំព្រែកដាច់បានចំនួន៥៥៥គ្រួសារហើយ។ សូមបញ្ជាក់ជូនថា មូលនិធិវើលម៉េត ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១២មកម្លេះ ដោយអនុវត្តចំនួន២ឃុំ គឺឃុំព្រែកដាច់ និងឃុំកំពង់ភ្នំ ក្នុងស្រុកលើកដែក ក្នុងគោលបំណងជួយស្តារជីវភាពប្រជាជនងាយរងគ្រោះឲ្យមានជីវភាពកាន់តែប្រសើរឡើង ក្នុងនោះដែរ មួយគ្រួសារៗបានទទួលប្រាក់កម្ចីចំនួន ១លានរៀលសម្រាប់រយៈពេល១ឆ្នាំដោយគ្មានការប្រាក់។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះពិនិត្យអណ្តូងស្នប់នៅស្រុកចំនួន៣
នៅថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមករា ឆ្នាំ២០១៦អណ្តូងស្នប់ចំនួន៣៨អណ្តូងដែលឧបត្ថម្ភដោយកាកបាទក្រហមដាណឺម៉ាកត្រូវបានចែកចាយជូនប្រជាពលរដ្ឋនៅក្នុងឃុំដំណាក់សុក្រំស្រុកដងទង់ឃុំដានគោមស្រុកអង្គរជ័យនិងឃុំព្រៃថ្នងស្រុកទឹកឈូ។ដើម្បីធានាសុវត្ថិភាពប្រកបដោយ អនាម័យក្នុងការប្រើប្រាស់ទឹកអណ្ទូងស្នប់នេះក្រុមការងារបានយកទឹកអណ្តូងទាំង៣៨មកពិនិត្យគុណភាពនៅភ្នំពេញ។ក្រោយពីបានដឹងថាទឹកអណ្តូងទាំងនោះមានមេរោគបាក់តឺរីច្រើន(coli-form)ក្រុមការងារនៃកម្មវិធីអភិវឌ្ឍន៍សុខភាពសហគមន៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានចុះយុទ្ធនាការសម្លាប់មេរោគ(Chlorination)បាក់តេរីនៅក្នុងអណ្តូងស្នប់ចំនួន៣៨នោះ។ក្នុងពេលនោះដែរ ក្រុមការងារក៏បានពិនិត្យទីតាំងដើម្បីធ្វើកន្លែងលាងសម្អាតដៃដល់សាលាបឋមសិក្សាចំនួន៣កន្លែងផងដែរ៕
_Main.jpg)
អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
ហៀន ផារី កើតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩២ នៅក្នុងភូមិដំណាក់លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ផារី ជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ ៨ខែដែលជាចំណងដៃអាពារហ៍ពិពាហ៍ជាមួយស្វាមីរបស់នាង។ ផារី ទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពបានយ៉ាងទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះ និងបានសម្រាលបុត្រនៅមណ្ឌលសុខភាពផងដែរ។ ដើមឆ្នាំ២០១២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយបានការឧបត្ថម្ភថវិកា និងបច្ចេកទេសពីកាកបាទក្រហមដាណឺម៉ាក ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋានដែលមានរយៈពេល ៤ ឆ្នាំ គឺចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦។
ក្នុងដំណើរការអនុវត្តសកម្មភាពនៅក្នុងភូមិគោលដៅនីមួយៗ កម្មវិធីបានជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីផ្សព្វផ្សាយ និងអប់រំនៅក្នុងភូមិរបស់គាត់។ ផារី ជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងឡាយដែលបានលះបងពេលវេលា កម្លាំងកាយចិត្ត និងជាអ្នកស្ម័គ្រចិត្តយ៉ាងសកម្មម្នាក់ក្នុងការបំពេញភារៈកិច្ច និងតួនាទីបានយ៉ាងល្អប្រសើរ ជាពិសេសពេលវេលា និងការចូលរួមរាល់សកម្មភាពទាំងឡាយរបស់កម្មវិធីកន្លងមក។
ផារី ទទួលបានវគ្គបណ្តុះបណ្តាលពីកាកបាទក្រហមកម្ពុជាលើកទី១ គឺវិជ្ជាសង្គ្រោះបឋម និងវគ្គជំនាញជាបន្តបន្ទាប់ដូចជា អនាម័យ ទឹកស្អាត សុខភាពមាតានិងទារក ការគាំទ្រចិត្តសង្គម និងជំងឺមិនឆ្លងជាដើម។ ក្រៅពីនោះ ផារី ទទួលបានកង់មួយគ្រឿង បង្គន់អនាម័យមួយខ្នង ធុងចម្រោះមួយ ឃីតសង្គ្រោះបឋម អាយឺត និងសម្ភារៈសម្រាប់អប់រំមួយចំនួនទៀត។
ចាប់តាំងពីផារី បានក្លាយជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមក ផារី ទទួលបាននូវការរាប់អាន និងកោតសរសើរពីអ្នកភូមិកាន់តែច្រើនទៅៗ។ ផារី បញ្ជាក់ថា" នាងខ្ញុំពេញចិត្ត និងរីករាយណាស់ក្នុងនាមជាអ្នកស្ម័គ្រចិត្តពីព្រោះនាងខ្ញុំបានជួយសហគមន៍របស់នាងខ្ញុំ ជាពិសេសបានទទួលវគ្គបណ្តុះបណ្តាលជាច្រើនពីកាកបាទក្រហមកម្ពុជានិងសូមអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានជ្រើសរើសនាងខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តហើយពេញចិត្តបន្តការងារនេះដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំរបស់នាងខ្ញុំ ជាពិសេសផ្នែកសុខភាព និងអនាម័យ។ នាងខ្ញុំសូមឲ្យកាកបាទក្រហមកម្ពុជានៅបន្តជួយភូមិ-ឃុំរបស់នាងខ្ញុំតទៅមុខទៀត"។
រៀបរាងដោយ៖ លោក អ៊ិន សុភាព