Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

សេចក្តីជូនដំណឹង

...

សេចក្តីប្រកាសព័ត៌មានសម្រាប់៨ ឧសភា ២០១៦

លេខ  ០០១/១៦ កក្រក.ទទ

សេចក្ដីប្រកាសព័ត៌មាន
ស្ដីពីការប្រារឰទិវាពិភពលោក កាកបាទក្រហម  អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦
 
កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស  សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សមាគមជាតិកាកបាទក្រហមកម្ពុជា មានកិត្ដិយស និងសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូន សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បង-ប្អូនរួមជាតិទូទាំងប្រទេសបានជ្រាបថា កាកបាទក្រហមកម្ពុជា នឹងប្រារឰមេទ្ទីងថ្នាក់ជាតិដើម្បីអបអរខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ” នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង៨ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទិវា ៨ ឧសភា ដែលជាព្រឹត្តិការដ៏សំខាន់  សម្រាប់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម កៀរគររក មូលនិធិ ដើម្បីមានធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ខាងលើនេះ នឹងមានការអញ្ជើញចូលរួមពីឥស្សរជនមកពីស្ថាប័ននីតិបញ្ញតិ នីតិប្រតិបត្តិ តំណាងអង្គទូត ដៃគូសហប្រតិបត្ដិការនៅក្នុង និងនៅក្រៅចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិស័យឯកជន សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានក្នុង-ក្រៅប្រទេស យុវជន អ្នកស្ម័គ្រចិត្ដ សមាជិក-សមាជិកាកាកបាទក្រហមកម្ពុជា សារុបប្រមាណ ៤ពាន់នាក់។
ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា រងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ កំណើនរលកកម្តៅ រួមទាំងផលវិបាកពីសង្រ្គាមបន្សល់ទុកមិនទាន់អស់ និងបញ្ហាអទិភាពថ្មីៗកើតមាន ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ចំណាកស្រុក។ល។ ដែលទាមទារការចូលរួមទាំងស្មារតី ទាំងធនធានថវិកា-សម្ភារៈ ចាប់ពីបុគ្គលម្នាក់ឡើងទៅ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បង-ប្អូនរួមជាតិគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមជាកម្លាំងមនុស្សធម៌ តាមប្រពៃណីដ៏ល្អនៃវប្បធម៌ចែករំលែក បរិច្ចាគថវិកាដោយទឹកចិត្តជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុជួយអ្នករងគ្រោះ និងងាយរងគ្រោះ។
មូលនិធិដែលកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល ក៏ដូចជាតាមសាខារាជធានី-ខេត្ត ទទួលបាននឹងយកទៅប្រើប្រាស់ក្នុងការបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុងឧត្តម ធ្វើប្រតិបត្តិការជួយសម្រាលទុក្ខ លំបាករបស់បង-ប្អូនប្រជាពលរដ្ឋរងគ្រោះបំផុត ដែលជារួមមាន អ្នករងគ្រោះដោយមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ល។ នៅតាមសហគមន៍ ជនបទនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីឡើយ បានឆាប់រហ័ស និងទាន់ពេលវេលា។ 
 
 
 
...

ដំណើរឆ្ពោះទៅ ៨ ឧសភា ២០១៦

ដូចជា​រៀងរាល់​ឆ្នាំ ​ក្រោម​ការដឹកនាំ​ផ្ទាល់របស់​សម្តេច​ចៅហ្វាវាំង​ គង់ សំអុល ​ប្រធាន​គណៈកម្មការ​រៀបចំ ​ទិវា​ពិភពលោក ​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ​បាន​យកចិត្តទុកដាក់​ខ្ពស់​ ដើម្បី​ធ្វើឱ្យ​ទិវានេះ​កាន់តែប្រសើរ ​ឡើង​ជារៀងរាល់ឆ្នាំ​ ក្នុងគោលបំណង​ប្រមូល​សាធារណជន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងក្នុង​ និង​ក្រៅប្រទេស ​ឱ្យ​ចូលរួម​កាន់តែច្រើន​ឡើងក្នុង​បេសកកម្ម​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។

អនុគណៈកម្មការ​ ខ្លឹមសារ ​ព័ត’មាន​ ពិព័រណ៍ ​និង​ផ្សព្វផ្សាយ​ក្រោម​ការដឹកនាំ​ផ្ទាល់របស់​ លោកជំទាវ ​ឃួន សុដារី ​អនុប្រធាន​កាកបាទ ក្រហម​កម្ពុជា ​និងជា​ប្រធាន​អនុគណៈកម្មការ ​បានរៀបចំ​ឱ្យមាន​កម្មវិធី​ជាបន្តបន្ទាប់ ចំនួន៤គឺៈ

១.         ការប្រឡងគំនូរកុមារ

២.         វេទិកាយុវជន

៣.        ការចូលរួមផ្សព្វផ្សាយ​របស់​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍ និង

៤.         ការផ្សព្វផ្សាយ​តាមរូបភាព​នានា។

ការប្រឡង​គំនូរកុមារ

កម្មវិធីប្រឡងគំនូរ​កុមារ​ទូទាំង​ប្រទេស ចាប់ផ្តើមពី ឆ្នាំ២០១០ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​សកម្មភាព​ចម្រុះ​វិស័យ​ កាកបាទ​ក្រហម​កម្ពុជា​ និង​ជាពិសេស​បណ្តុះ​គំនិត​មនុស្សធម៌​ក្នុងចំណោម​កុមារ​ដែលជា​ទំពាំង​ស្នង​ឬស្សី។

ក្នុងគោលបំណង​ផ្សព្វផ្សាយ​ឱ្យបាន​ជ្រួតជ្រាប​ទៅ ដល់កុមារ និងមាតាបិតា​អាណាព្យាបាល​ទូទាំងប្រទេស និង​ដើម្បីលើកទឹកចិត្ត​ដល់ កុមារដែល​បានចូលរួម​គូរគំនូរ ហើយត្រូវ​បានសកម្មភាព​គូរគំនូរ ​និង​រូបគំនូរ​ជ័យលាភី​ ពីឆ្នាំមុន​មកចាក់ផ្សាយ​ឡើងវិញ ​នៅលើ​កកញ្ចក់​ទូរទស្សន៍។

ក្នុងឆ្នាំ២០១៦ ​ក៏ដូចជា​ឆ្នាំកន្លងមកហើយ​ កុមារ​នៅទូទាំង​រាជធានី-​ខេត្ត ​បានចូលរួម​ការប្រឡង​ដែលរៀបចំ​ធ្វើ​នៅតាម សាខា​កាកបាទ​ក្រហម​កម្ពុជា ហើយ​ដែល​សាមី​សាខា​នីមួយៗ​ម្ចាស់ការ​ទាំងថវិកា ទាំងការ​ទទួលខុសត្រូវ ​ផ្សព្វផ្សាយ​ដល់សិស្សា នុសិស្ស​ នូវខ្លឹមសារ​ប្រវត្តិ​នៃការបង្កើត​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និងពី​សកម្មភាពមនុស្សធម៌​ តាមវិស័យ​ស្នូលទាំង ៤ ​និងការជ្រើសរើស​ស្នាដៃ​គំនូរ​។ ប្រធានបទ​សម្រាប់ការ​ប្រឡងគូរគំនូរ​គឺៈ “សកម្មភាពចម្រុះវិស័យ​ របស់​កាកបាទក្រហម​កម្ពុជា​” ដែលមានន័យថា គូរគ្រប់ទិដ្ឋភាព​នៃសកម្មភាព​ការងារ​នៅ​លើក្រដាសគំនូរ​នោះ។ កុមារា កុមារី ត្រូវរៀននៅថ្នាក់ទី ៥ ទៅទី៦ និង​មានអាយុពី ១០ ទៅ១២ឆ្នាំហើយ​ត្រូវមាន​សមាសភាព​យេនឌ័រ។

ការប្រឡង​គំនូរនេះ គឺធ្វើឡើង​ជំហានទី១ គូរនៅតាម សាលារបស់​សាខារៀងៗខ្លួន ហើយ​ជ្រើសរើស​យកគំនូរ​ដែលមាន​ពិន្ទុ​ខ្ពស់ជាងគេចំនួន ៣រូប មក​ប្រកួតគ្នា​នៅទីស្នាក់ការ​កណ្តាល កាកបាទ​ក្រហមកម្ពុជា។

វេទិកាយុវជន

ដោយពិនិត្យ​មើលបញ្ហា​ប្រឈម​បច្ចុប្បន្ន​នៅក្នុង​ប្រទេសកម្ពុជា ដែលការបាត់បង់​ជីវិត​និង​ពិការភាព​ដោយគ្រោះថ្នាក់​ចរាចរ ណ៍ នៅតែមាន​អត្រាខ្ពស់ គួរឱ្យកត់​សម្គាល់​នៅឡើយ​និង​ដើម្បីឱ្យ​សាធារណៈជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់ ​ការអនុវត្ត​ច្បាប់ចរាចរណ៌​ផ្លូវគោកថ្មី ប្រធានបទៈ “យុវជន និងការគោរព​ច្បាប់ចរាចរណ៌​ផ្លូវគោក” ត្រូវបានជ្រើសរើស​យកមក បកស្រាយ​ក្នុងវេទិកាយុវជន ​នៅស្ទូឌីយោ​ទូរទស្សន៍​ជាតិកម្ពុជា ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦។ និស្សិត​នៅតាម គ្រឹះស្ថានឧត្តមសិក្សា ចំនួន ៤ សរុបចំនួន ១២០នាក់ បានចូលរួម​ដែលក្នុងនោះ សាកលវិទ្យាល័យ​នីមួយៗ មាននិស្សិត ៥រូប ត្រូវបាន​ជ្រើសរើស ជាវាគ្មិន ១០រូបជា​អ្នកចូលរួម​គាំទ្រ និង១៥​រូបទៀត​ចូលរួម​ស្តាប់ និងចូលរួម​ដាក់ពិន្ទុ​ដើម្បីឱ្យ​ការជ្រើសរើស​ជ័យលាភី​កាន់តែ​សុក្រឹត។

កាកបាទ​ក្រហម​កម្ពុជា​សង្ឃឹមថា​ សារគន្លឹះ​ដែលវេទិកាយុវជន​បានបកស្រាយ​ពិតជា​នឹងរួមចំណែក​ដល់ការ​លើកកម្ពស់​ស្មារតី យុវជន និងប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ឱ្យចូលរួម​កាន់តែ​សកម្មខ្លាំង​ឡើងថែម​ទៀតក្នុង​ការគោរព​ច្បាប់ចរាចរណ៌​ផ្លូវគោក ដើម្បីឈាន​សម្រេចបាន ទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់​ចរាចរណ៍​”។ ដើម្បីផ្សព្វផ្សាយ​ឱ្យបាន​កាន់​តែទូលំទូលាយ​ទូទាំង​ប្រទេស​កាកបាទ​ក្រហម​កម្ពុជា ​បានរៀបចំ​ឱ្យមាន​ក្រុមការងារ ​ស្ថានីយ៍​ទូរទស្សន៍ ​ចុះធ្វើបទ​យកការណ៌​ដល់មូលដ្ឋាន ​ព្រមទាំង​ការបោះពុម្ព​ជាផូសស្ទ័រ ​និងសន្លឹកបត់ អំពី​សកម្មភាពមនុស្សធម៌​។