Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

...

ទិវាបោសសម្អាតឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១៨​ខែកុម្ភៈ​ឆ្នាំ២០១៧នេះ ​ដើម្បីអបអរសាទរ​ខួបលើកទី៦២​នៃថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០១៧)​អ្នកស្ម័គ្រចិត្ត​ទីប្រឹក្សា យុវជន​កាកបាទក្រហម​កម្ពុជា និយោជិត​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត មន្ត្រីនៃ​ខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តសៀមរាប​សរុប១៥៨នាក់​ធ្វើការបោសសម្អាត​ស្លឹកឈើងាប់ ជម្រះស្មៅ​ធ្វើជាផ្លូវការពារ​ភ្លើងឆេះដែលអាចរាលដាល​ដល់ដើមឈើ​ក្នុងឧទ្យានសហស្សវត្សរ៍​កាកបាទក្រហមកម្ពុជា​ជាជាយថាហេតុណា​មួយផង ហើយជាពិសេស​ដើម្បីបញ្ជាក់ពី​សកម្មភាព​ចូលរួមរបស់ប្អូនៗយុវជន​កាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោក​បានលើកឡើង​ថា “យុវជនកំពុងនាំគ្នាធ្វើកម្មភាព” ផងដែរ។ ជាមួយគ្នានេះដែរមន្ត្រីដែលមកពី ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត​គឺជាមន្ត្រីជំនាញ ពួកគាត់បានធ្វើការតាក់តែង កាប់មែកឈើដែលចាស់ៗ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោល ដើម្បីឱ្យដើម​របស់វាអាច​លូតលាស់បានល្អ ។

 

សូមបញ្ជាក់ផងដែរ​ថា ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ដែលស្ថិត​លើទឹកដី​សៀមរាប អង្គរនេះ បានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធិបតីភាព​ខ្ពង់ខ្ពង់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា ដែលមាន មានទំហំប្រមាណជិត ៥ ហិកតា និងមានដើមឈើ​ប្រមាណជាង២៤៦០ដើម។

 

...

គ្រួសារទីទ័លក្រ និងមានជម្ងឺទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​១៧​ខែ​ កុម្ភៈ​ឆ្នាំ ២០១៧នេះ​ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌសែនសុខ​ដឹកនាំដោយ​លោកសក់ ច័ន្ទកញ្ញារិទ្ធ ​ប្រធាន​គណៈកម្មាធិការ​អនុសាខា បានចុះសាកសួរសុខទុក្ខ​និងនាំយកអំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ក្រុមគ្រួសារ​លោកតា​ អ៊ិន សាលូត ដែលមាន​ជីវភាពក្រខ្សត់ និងមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សព្វថ្ងៃគ្រួសារ​លោកតា​ស្នាក់នៅបន្ទប់ជួល​ ស្ថិតក្នុង​ភូមិសែនសុខទី១ សង្កាត់ឃ្មួញ​ ។

 

ទន្ទឹមនឹង​ការពាំនាំនូវ​ការផ្តាំផ្ញើសាកសួរ​សុខទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនដល់ក្រុម​គ្រួសារលោកតា​, លោកប្រធាន​គណៈកម្មាធិការអនុសាខា បានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ ជាក់ស្តែង​ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ។

 

អំណោយមនុស្សធម៌​ដែលនាំយកមក​ប្រគល់ជូនរួមមាន៖​ រទេះរុញ១គ្រឿង​ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ និងថវិកាចំនួន៣៣ម៉ឺនរៀល​ ៕

 

...

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖​នៅព្រឹកថ្ងៃទី១៧​ខែកុម្ភៈ​ឆ្នាំ២០១៧សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​បានរៀបចំ​ពិធី​បំពាក់​កន្សែង​យុវជនកាកបាទក្រហមកម្ពុជា​ចំនួន១០៥នាក់​ស្រី៦៤នាក់​(-វិទ្យាល័យ​វ៉ារិន​៦២នាក់​ស្រី៣៩នាក់​-អនុវិទ្យាល័យរំដួល​២២នាក់​ស្រី១៧​និងអនុវិទ្យាល័យ​ស្រែណូយ​២១នាក់ ស្រី៩នាក់)​​ពិធីនេះធ្វើនៅវិទ្យាល័យ​វ៉ារិន ស្រុកវ៉ារិន​ក្រោម​អធិបតីភាព​លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា។

 

មានប្រសាសន៍​នាឱកាសនោះ​លោកជំទាវ​បានលើកឡើងថា៖ កម្ពុជាបានចាត់ទុក​យុវជនជា​ធនធានគន្លឹះ និងមានតម្លៃបំផុត​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​វប្បធម៌​បរិស្ថាន​និងការ​រក្សាសន្តិភាព​ហើយនៅគ្រប់​សម័យកាល​គ្រប់សង្គម យុវជនជាកម្លាំងស្រួច​ដែលមាន​កម្លាំងកាយ-កម្លាំងចិត្ត​និងស្មារតីភ្លឺស្វាង​មានទឹកចិត្តក្លាហាន​ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាក​នានាពិសេស​យុវជនគឺជាសសរទ្រូង​របស់ប្រទេសជាតិ​ទាំងនៅពេល​បច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា​យុវជនកាកបាទក្រហមកម្ពុជា​គឺជាអ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែលជា​កម្លាំងស្នូល​មួយដ៏មាន​សារៈសំខាន់​និងសកម្មបំផុត​ក្នុងការផ្ដល់​នូវសេវាកម្ម​មនុស្សធម៌ ប្រកបដោយ​ការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "កាកបាទក្រហមកម្ពុជា​មានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា"​និង "សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត" នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា៕

...

សហព័ន្ធអន្តរជាតិ ប្រគល់អំពូលប្រើថាមពលពន្លឺព្រះអាទិត្យដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

កក្រក ៖ នាព្រឹកថ្ងៃទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ​លោក មុំ ភិរក្ស​ប្រធាន ការិយាល័យ​ស្តារទំនាក់ទំនងគ្រួសារ នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា​បានធ្វើពិធីប្រគល់​អំពូល​ប្រើថាមពល​ពន្លឺព្រះអាទិត្យ ( solar lantern ) ដែលជាជំនួយ​របស់សហព័ន្ធអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម ចំនួន​៩០​សម្រាប់​ដល់សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ​ដើម្បីប្រគល់​ជូនមណ្ឌលសុខភាព​ដែលគ្មាន​ចរន្តអគ្គិសនី​ពិធីប្រគល់នេះ​ធ្វើនៅ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ ។

...

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់​៖​នៅព្រឹកថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ២០១៧​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​ដឹកនាំដោយ​ ឯកឧត្តម​ខូយ សុខា​អនុប្រធាន​កិត្តិយស​ និងឯកឧត្តម​ខូយ រីដា​ប្រធាន​គណៈកម្មាធិការសាខា​បានចុះសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ចែកជូន​ គ្រួសាររងគ្រោះ​ដោយសារភ្លើងឆេះផ្ទះចំនួន​ ៦គ្រួសារ​ និងចាស់ជរាគ្មានទីពឹងចំនួន ៥៤នាក់ សរុប​ ៧០គ្រួសារ​ មកពីឃុំសំរោង​ និងឃុំផ្ទៈរុង​ ក្នុងស្រុកភ្នំក្រវ៉ាញ​ ខេត្តពោធិ៍សាត់។

 

នៅក្នុងឱកាសនោះ​ ឯកឧត្តមអនុប្រធានកិត្តិយសសាខា​ បានពាំនាំ​ការផ្តាំផ្ញើសួរសុខទុក្ខ​ពីសម្តេចកិត្តិព្រឹិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងក្នុងនាម​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ សូមសំដែងការសោកស្តាយ​ជាមួយក្រុមគ្រួសារ​រងគ្រោះភ្លើងឆេះផ្ទះទាំងអស់​ និងគ្រួសារ​ក្រីក្រចាស់ជរា​គ្មានទីពឹង​ដែលបានមកទទួលអំណោយ​ថ្ងៃនេះ។

 

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ​ ៦គ្រួសារ​ ក្នុងមួយគ្រួសារៗទទួលបាន​ ៖​អង្ករ៥០ គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ទឹកត្រី១ យួរ ទឹកសុីអ៊ីវ​១យួរ​ឃីត១​តង់១​ កន្ទេល១​ និងថវិកា ១០ម៉ឺនរៀល។​ ដោយឡែក​គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន​៥៤គ្រួសារក្នុងមួយគ្រួសារៗទទួលបាន​ ៖​អង្ករ ២៥គីឡូក្រាម​ មី១កេស​ ត្រីខ​១០កំប៉ុង​ទឹកត្រី១យួរ​ទឹកសុីអីុវ១យួរ​ និងថវិកា២ម៉ឺនរៀល។​

 

ទន្ទឹមនឹងនោះ​ ឯកឧត្តម​អនុប្រធានកិត្តិយសសាខា​ បានប្រគេន​ព្រះសង្ឃគង់​នៅវត្តបត់រំដួល​នូវ​ អង្ករ ៥០គីឡូក្រាម​ទឹកសុទ្ធ២កេស​ និងបច្ច័យ​​២០០ដុល្លារ​ សម្រាប់ជួយកសាងវត្ត៕

 

1 2 3 4 5 Next Last