កាលពីព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយតំណាងសហព័ន្ធ គណ:ប្រតិភូ សប្បុរសជន សមាជិកគណ:កម្មាធិការកណ្តាល និងមន្ត្រីសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន ៥៧០ គ្រួសារ មកពីស្រុករលាប្អៀរ ក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលមានទីតាំងនៅ ភូមិ ត្បែង ឃុំ អណ្តូងស្នាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្តែងនូវ ទឹកចិត្តចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះនាពេលនេះ ហើយ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការខិតខំរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាជនទូទាំងប្រទេសក្នុងរយៈកាល ៣៤ឆ្នាំកន្លងមកនេះ។
ជាថ្មីម្តងទៀត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិទទួលបន្ទុកមេរោគអេដស៍ ជំងឺអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុខភាពមាតា និងទារក លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់ស្ត្រីដែលមានផ្ទៃពោះ សូមអោយទៅពិនិត្យ សុខភាពអោយបានទៀងទាត់តាមការកំណត់របស់លោកគ្រូពេទ្យ ហើយជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ ក៏សូមអោយពិគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់ រហូតដល់ពេលត្រូវឆ្លងទន្លេ ដើម្បីកាត់បន្ថយការឆ្លងពីម្តាយទៅទារក។
លោកជំទាវប្រធាន ក៏នៅតែសំណូមពរដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ មេត្តាសូមកុំបន្តចម្លងមេរោគនេះដល់អ្នកដ៏ទៃ ហើយសំណូមពរអោយអ្នកទាំងអស់នោះទៅទទួលថ្នាំពន្យា និងខិតខំថែរក្សាសុខភាពខ្លួនអោយបានប្រសើរឡើង។ ជាពិសេសលោកជំទាវ បានលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមជួយអប់រំដល់ ក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅក្នុងសហគមន៍អោយស្គាល់ពីទុក្ខលំបាកនៃការឆ្លងមេរោគអេដស៍។
លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សហព័ន្ធអន្តរជាតិ កាកបាទក្រហម ដែលបានចូលរួមជួយដល់ប្រជាជន នាពេលកន្លងមកនេះ។ លោកជំទាវ បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមអោយមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយចែកជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា ១ មុង ១ ភួយ ១ ក្រណាត់ស ១ ថវិកា ២០០០០ រៀល ។