កាលពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៣ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយគណ:ប្រតិភូ សប្បុរសជន សមាជិកគណកម្មាធិការកណ្តាល និងមន្ត្រីសាខាបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្នានទីពឹង និងជនពិការ ចំនួន ៥៩៤ គ្រួសារ មកពីស្រុកបរសេដ្ឋ និងស្រុកគងពិសី ដែលមានទីតាំងនៅ សាលាឃុំភារីមានជ័យ ភូមិពិរី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមក ចុះសួរសុខទុក្ខ និងចែកជូននូវអំណោយជាស្បៀងជូនដល់ជន ដែលងាយរងគ្រោះនាពេលនេះ ហើយ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការខិតខំរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាជនទូទាំងប្រទេសក្នុងរយៈកាល ៣៤ឆ្នាំកន្លងមកនេះ។
ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិទទួលបន្ទុកមេរោគអេដស៍ ជំងឺអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុខភាពមាតា និងទារក លោកជំទាវ បានធ្វើការអំពាវនាវដល់ស្ត្រីដែលមានផ្ទៃពោះ សូមអោយទៅពិនិត្យសុខភាពអោយបានទៀងទាត់តាមការកំណត់របស់លោកគ្រូពេទ្យ ហើយជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ ក៏សូមអោយពិគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់ រហូតដល់ពេលត្រូវឆ្លងទន្លេ ដើម្បីកាត់បន្ថយការឆ្លងពីម្តាយទៅទារក។
ទោះបីជាអត្រានៃការឆ្លងមេរោគបានធ្លាក់ចុះនាប៉ុន្មានឆ្នាំកន្លងមកនេះក្តី លោកជំទាវ ក៏នៅតែសំណូមពរដល់អ្នកផ្ទុកកមេរោគអេដស៍ទាំងអស់ មេត្តាសូមកុំបន្តចម្លងមេរោគ នេះដល់អ្នកដ៏ទៃ ហើយសំណូមពរអោយអ្នកទាំងអស់នោះទៅទទួលថ្នាំពន្យា និងខិតខំថែរក្សាសុខភាពខ្លួនអោយបានប្រសើរឡើង។ ជាពិសេស លោកជំទាវ បានលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមជួយចូលរួមអប់រំដល់ក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅក្នុងសហគមន៍អោយស្គាល់ពីទុក្ខលំបាកនៃការឆ្លងមេរោគអេដស៍។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិនានា នៅក្នុងខេត្តកំពង់ស្ពឺនេះ ដែលបានចូលរួមជួយដល់ប្រជាជន នាពេលកន្លងមកនេះ។ លោកជំទាវប្រធាន ក៏បានអំពាវនាវដល់ប្រជាជននៅក្នុងសហគម សូមជួយថែរក្សាសុវត្ថិភាពជាមួយនឹងអាជ្ញាធរដែនដី និងអំពាវ នាវសូមកុំអោយធ្វើចំណាក់ស្រុកខុសច្បាប់ ព្រមទាំងលើកទឹកចិត្តអោយបងប្អូនធ្វើការស្វែងរកការងារនៅក្នុង ស្រុក ដែលអាចជៀសផុតពីការធ្វើទារុណកម្មលើខ្លួនប្រាណ និងប្រការផ្សេងៗទៀត។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជាទីបញ្ចប់បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមអោយមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយចែកជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា ១ មុង ១ ភួយ ១ ក្រណាត់ស ១ ថវិកា ២០០០០ រៀល ។