គំរោងវិជ្ជាសង្គ្រោះបឋម ក្រោមកិច្ចសហប្រតិបបត្ដិការរវាង កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ជាមួយកាកបាទក្រហមជប៉ុន នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១២ នៅភោជនីយដ្ឋានទឹកជ្រោះមាស បានរៀបចំទិវាពិភពលោកនៃការ សង្គ្រោះបឋម ដោយមានការចូលរួមពី លោកវេជ្ជ. សុខ សុគន្ធ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកឧកញ៉ា លោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា មន្ដ្រីប្រតិបត្ដិសាខា ព្រមទាំងអ្នកស្ម្រ័គចិត្ដ យុវជនកាកបាទក្រហម សិស្សានុសិស្សសរុបចំនួន៣០០នាក់ ។
តាមសេចក្ដីរាយការណ៍របស់មន្ដ្រីគំរោងវិជ្ជាសង្គ្រោះបឋមប្រចាំសាខា លោក ឆេ យ៉ត បានឱ្យដឹងថា ទិវាពិភព លោកនៃការសង្គ្រោះបឋមតែងតែប្រារឰនៅថ្ងៃសៅរ៍ សប្ដាហ៍ទី២ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការជួយ សង្គ្រោះរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិកចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៥៩ ។ លោកបានឱ្យដឹងទៀតថា សាខារាជធានីភ្នំពេញ បានទទួលគំរោងវិជ្ជាសង្គ្រោះបឋមឧបត្ថម្ភដោយ កាកបាទក្រហមជប៉ុន ចំនួន២ ដំណាក់កាលគឺ ដំណាក់កាលទី១ ឆ្នាំ២០០៩-២០១១ និងដំណាក់កាលទី២ ឆ្នាំ២០១២-២០១៤ ហើយបច្ចុប្បន្ន គំរោងបានកំពុងអនុវត្ដក្នុងដំណាក់កាលទី២លើសង្កាត់គោលដៅចំនួន៥រួមមាន សង្កាត់ឃ្មួញ បឹងទំពន់ និរោធ ចោមចៅ និងសង្កាត់ស្វាយប៉ាក ដោយក្នុង១សង្កាត់មានអ្នកស្ម្រ័គចិត្ដចំនួន១០នាក់ ។ ជាលទ្ធផលសំរាប់គំរោង ៖ បានចុះបង្រៀន និងផ្សព្វផ្សាយដោយមិនគិតកំរៃដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋតាមភូមិក្នុងសង្កាត់គោលដៅ, បានចុះបង្រៀន បង់ថ្លៃដល់រោងចក្រមួយចំនួន និងជាពិសេសបានជួយសង្គ្រោះបឋមដល់ជនរងគ្រោះដោយការហូរឈាម២៧នាក់ គ្រោះថ្នាក់ចរាចរណ៍២៣នាក់ ឆក់ខ្សែភ្លើងនិងរលាក១៤នាក់ បាក់ឆ្អឹងនិងជុងជាប់៣នាក់។
បន្ទាប់ពីការធ្វើបង្ហាញនូវវិជ្ជាសង្គ្រោះបឋមមានដូចជា ការដាក់ស្ថានភាពដំណេក, រលាក, ស្លាក់, ធ្លាយពោះ វៀន និងបាក់ឆ្អឹង របស់ក្រុមអ្នកស្ម្រ័គចិត្ដកាកបាទក្រហម រួចមក ក្នុងនាម ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានគណៈ កម្មាធិការសាខា និងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវេជ្ជ. សុខ សុគន្ធបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់លោកជំទាវកិត្ដិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្ដទុកដាក់ពង្រឹង និងពង្រីកលើការងារសង្គ្រោះបឋមនេះ ជាពិសេសបានបញ្ជ្រាប វិជ្ជានេះឱ្យទៅដល់សហគមន៍ តាមរយៈអ្នកស្រ័គចិត្ដ និងយុវជន កាកបាទក្រហមយើង ។
លោកបានគូសបញ្ជាក់ថា ដោយបច្ចុប្បន្ន ប្រជាពលរដ្ឋយើងនៅមានកម្រិត នៅពេលមានជួបបញ្ហាផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ លង់ទឹក រលាក ឆក់ ខ្សែភ្លើង ខ្យល់គរ រឺរងរបួសផ្សេងៗ ពួកគាត់តែងតែប្រើប្រាស់នូវវិធីសាស្ដ្របុរាណ និងធ្វើខុសបច្ចេកទេស ដែលជាកត្ដាងាយធ្វើឱ្យជនរងគ្រោះកាន់តែមានសភាពធ្ងន់ធ្ងរ រឺអាចបណ្ដាលឱ្យបាត់បង់ជីវិតក៏មាន ដែលនេះគឺពិតជាទាមទារឱ្យ ក្រុមអ្នកស្ម្រ័គកាកបាទក្រហម យើងត្រូវបន្ដផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិជ្ជាសង្គ្រោះបឋមនេះដល់ពួកគាត់ ព្រោះវិជ្ជានេះ មានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះដំបូងមុខនឹងក្រុមសង្គ្រោះ រឺគ្រូពេទ្យមកដល់ ។
អត្ថបទ ៖ ទិត្យា
ធ្វើបច្ចុប្បន្នភាព ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១២