នៅក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌបឬស្សីកែវ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ចំនួន៨៤គ្រួសារ ត្រូវបានទទួលអំណោយសង្គ្រោះពី កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ នាល្ងាចថៃ្ងទី ០៣ ខែ កញ្ញា ឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ៖កម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
តាមសេចក្ដីរបាយការណ៍របស់អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌបឬស្សីកែវបានឱ្យដឹងថា កាលពីថៃ្ងទី ៣១ ខែ សីហា ឆ្នាំ ២០១២ វេលាម៉ោងប្រហែល១១:៣០នាទី មានគ្រោះអគ្គីភ័យបានឆាបឆេះនៅចំនុចក្រុមទី៩ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌបឬស្សីកែវ បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣០ខ្នង ប្រជាពលរដ្ឋរងគ្រោះចំនួនចំនួន៤៩ គ្រួសារ (គ្រួសារម្ចាស់ផ្ទះមានចំនួន៣២គ្រួសារ គ្រួសារជួលស្នាក់នៅមានចំនួន១៧គ្រួសារ) និងជាមួយគ្នានេះដែរមាន កម្មករ កម្មការិនីជួលផ្ទះស្នាក់នៅចំនួន៣៥នាក់ទៀតផង ។ ក្នុងប្រតិបត្ដិការពន្លត់អគ្គីភ័យខាងលើសមត្ថកិច្ចបានប្រើ្របាស់ រថយន្ដពន្លត់អគ្គីភ័យចំនួន២៤គ្រឿង បានធ្វើឱ្យអគ្គីភ័យរលត់អស់ទាំងស្រុងនៅវេលាម៉ោង១៣:០០រសៀល ដោយពុំមាន ប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ញំនាំនូវសេចក្ដីផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោក ស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ពីសំណាក់លោកជំទាវកិត្ដិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំងសូមឱ្យបងប្អូនកុំមានការអស់សង្ឃឹម ត្រូវពង្រឹងស្មារតីដើម្បីខិតខំតស៊ូប្រកប របរចិញ្ចឹមជីវិតទៅតាមលទ្ធភាពរបស់ខ្លួនបន្ដទៀត ដើម្បីស្ដារនូវជីវភាពគ្រួសារឡើងវិញ។ ឯកឧត្ដមប្រធានគណ៖កម្មា ធិការសាខា បានគូសបញ្ជាក់ថាគ្រោះអគ្គីភ័យគឺជាគ្រោះមហន្ដរាយមួយដែលគួរឱ្យសោកស្ដាយណាស់ ដែលបានបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិផ្ទះសំបែងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដែលភាគច្រើនកើតឡើងមកតែពីការធ្វេសប្រហែស ក្នុងនោះ ដែរ ឯកឧត្ដមសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ទៅលើភ្លើងអគ្គសនី ទៀន ធូប ចង្ក្រាន ហ្គាស រឺវត្ថុអ្វីៗដែលអាចឆាបឆេះបាន ដើម្បីចៀសវាងនូវគ្រោះ អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ ហើយសំរាប់បងប្អូនដែលរងគ្រោះនៅពេលណាមានលទ្ធភាពសាងសង់លំនៅ ដ្ឋានឡើងវិញត្រូវមានការយល់យោគគ្នាស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានរៀបចំសណា្ដប់ធ្នាប់ឱ្យបានល្អ ត្រូវទុក ច្រកចេញចូលឱ្យបានទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាបង្ការនៅពេលមានគ្រោះអាសន្នផ្សេងៗ។ អំណោយសង្គ្រោះដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង៨៤គ្រួសាររួមមាន ៖ អង្ករ២.៥២០គ.ក ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា, ទឹកត្រីទឹកស៊ីអ៊ីវ១.០០៨ដប ទឹកបរិសុទ្ធឱរ៉ាល់៨៤កេស ចាន៨៤ឈុត ស្ករសតែ៣៣៦កញ្ចប់ ថវិកាឧបត្ថម្ភគ្រួសារម្ចាស់ផ្ទះចំនួន១.៦០០.០០០រៀល គ្រួសារជួលស្នាក់នៅចំនួន៥១០.០០០រៀល និងកម្មករ កម្មការិនី ជួលស្នាក់នៅចំនួន៧០០.០០០រៀល ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ។ សំភារ៖ថវិកាបន្ថែមទទួលបានពី លោកជំទាវឧកញ៉ា យីន ផាន្នី អំបិលអ៊ីយ៉ូត៨៤កញ្ចប់ ម្សៅសាប៊ូ៨៤កញ្ចប់, លោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលរោងចក្រស្រារបៀរកម្ពុជា និងជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រូប ប្រេងឆា៨៤ដប ទឹកដោះគោ ៤២០កំប៉ុង, លោកឧកញ៉ា ថៃ សេងឡុង ថវិកា៨សែន៤ម៉ឺនរៀល, លោកជំទាវ មុំ ក្រសាល ថវិកា២សែនរៀល, លោកស្រី ទេស ច័ន្ទសារឿន ថវិកា១សែន, លោក ចាន់ ពិសី និងលោកស្រី ជា ណាវី ថវិកា២សែនរៀល ។
អត្ថបទ ៖ ទិត្យា
ធ្វើបច្ចុប្បន្នភាព ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១២