អាគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ខេត្ដស្វាយរៀងនៅថ្ងៃទី ០២ ខែ កញ្ញាឆ្នាំ ២០១២ ត្រូវបានសម្ពោធន៍ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងមានការអញ្ជើញការចូលរួម ពីសំណាក់ឯកឧត្ដម លោកឧកញ៉ាលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នានាជុំវិញខេត្ដស្រុក-ក្រុង ព្រមទាំងយុវជន អ្នកស្ម័គ្រចិត្ដកាកបាទក្រហមក្រុមកាយារិទ្ធ សមាគមយុវជននិងប្រជាពលរដ្ឋសរុបចំនួន ៨៥០ នាក់ ។
លោក សំ ថា អភិបាលស្រុកស្វាយទាប បានធ្វើរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ពីសកម្មភាពរបស់ស្រុក និង ការសាងសង់អគារទីស្នាក់ការអនុសាខានេះឡើងដោយសារអាជ្ញាធរ បានមើលឃើញការរីកចំរើននៅថ្នាក់សាខា ស្រុកបានផ្ដល់ដីក្នុងបរិវេណសាលាស្រុកដើម្បីសាងសង់ ។
អគារទីស្នាក់ការថ្មីនេះត្រូវចំណាយទឹកប្រាក់សរុប ១៤,០០០ ដុល្លារ ក្នុងនោះ សាខា ១០,០០០ ដុល្លារ ក្រុមហ៊ុនថូម៉ាក់ ១,០០០ ដុល្លារ អាជីវករផ្សារប្រសូត្រថ្មី ៣៥៣ដុល្លារ ។
នាឱកាសនោះ លោកជំទាវបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍សំណេះសំណាល ដោយផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះប្រជាជនយើង ដោយបញ្ជាក់នូវការចូលរួមអនុវត្ដវប្បធម៌ចែករំលែកជួយឧបត្ថម្ភគាំទ្រ អ្នកមានលទ្ធភាពជួយអ្នកខ្វះខាតដូចនាពេលនេះជាសក្ខី ភាពបញ្ជាក់អំពីសមិទ្ធិផលដ៏ធំធេងនៅអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលបម្រើឱ្យបុព្វហេតុមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគោរពនូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម ។
លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជនដែលបានជួយកន្លងមក សូមជួយ បន្ដទៀតសំដៅឱ្យសាខា និង អនុសាខាទាំងអស់ទាំង ៨ ក្រុង-ស្រុក មានធនធានសម្ភារៈ ក្នុងការឆ្លើយតបបានទាន់ពេលវេលា ។ ក្នុងពិធីសម្ភោធនេះដែរ អនុសាខាបានជួយឧបត្ថម្ភគាំទ្រថវិកាចំនួន ១៣,១០០,៥០០រៀល ២,៩៩៥ ដុល្លារ និង អង្ករ ៥០០ គីឡូក្រាម ។
ក្នុងខណៈនោះដែរលោកជំទាវបណ្ឌឹត ម៉ែន សំអន បាននាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋចូលរួមចំនួន៣៥០ នាក់ ដែលម្នាក់ៗទទួលបានក្រម៉ាមួយ ជូនសមាគមន៍យុវជន ក្រុមកាយរិទ្ធី និងយុវជនកាកបាទក្រហមចំនួន ៧២ នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល ជូនកំលាំងការពារ ២០ម៉ឹនរៀល ជូនក្រុមរៀបចំវេទិការ ៥០ ម៉ឺនរៀលផងដែរ ។
អត្ថបទដោយ៖ ចាន់ រ័ត្នមុន្នី
ធ្វើបច្ចុប្បន្នភាព ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១២