នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលស្វាគមន៍
ប្រតិភូកាកបាទក្រហមជប៉ុនដែលមកពីខេត្ត Yamagata ចំនួន ១៥រូប ក្នុងនោះមានយុវជនស្ម័គ្រចិត្តកាកបាទ
ក្រហមខេត្ត Yamagata ចំនួន៥រូប និងគ្រូប្រចាំវិទ្យាល័យចំនួន២រូប រីឯភាគីសាខាកាកបាទក្រហមកម្ពុជា ខេត្ត
សៀមរាប មានក្រុមប្រតិបត្តិចំនួន៩រូប និងយុវជនកាកបាទក្រហមចំនួន ៦រូបផងដែរ។
លោក ចយ សឿត បានសំណេះសំណាល និងរាយការណ៍ពីសកម្មភាពសាខាប្រចាំឆមាសទី១ ឆ្នាំ២០១២ និងសកម្មភាពឆ្នាំ២០១១កន្លងទៅ ហើយលោកក៍បានបន្ថែមទៀតថា ក្នុងនាម ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងក្នុងនាមលោកផ្ទាល់លោកមានសេចក្តី
សោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ប្រតិភូកាកបាទក្រហមជប៉ុនខេត្តYamagataដែលបានមក
បំពេញទស្សនកិច្ចលើទឹកដីសៀមរាប-អង្គរដ៏បវរនាឱកាសនេះ ។
លោក ចយ សឿត បានសង្ឃឹមជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូនឹងបានទទួលនូវសេចក្តីរីករាយជាមួយសម្បត្តិបេតិកភ័ណ្ឌ និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ព្រមទាំងបានសែ្វងយល់
ពីវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រកបដោយស្នាមញញឹមស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុតជាពិសេសគឺការពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន លើវិស័យមនុស្សធម៌ ស្របតាមគោលកាណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកាន់តែប្រសើរឡើងថែមទៀត ។
ក្នុងនោះដែរលោកប្រធានដឹកនាំប្រតិភូ បានថ្លែងអំណរគុណចំពោះក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទាំងអស់ដែលបានទទួលបដិសណ្ឋារកិច្ចនូវដំណើរទស្សនកិច្ចនេះ។ លោកបានបន្តថា លោកមានសេចក្តីរីករាយជាពន់ពេកនិងរំភើបរីករាយជាទីបំផុត ដែលលោកបានឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាល
របស់ខេត្តសៀមរាប។
ជាបន្តប្រតិភូជប៉ុនបានប្រគល់ជូននូវ តង់ចំនួន២០ និងហ្វឺសអេដឃីត ចំនួន២០ប្រអប់ ដល់សាខាខេត្តទុកសំរាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះក្នុងខេត្ត។
បន្ទាប់មកក្រុមប្រតិបតិ្តសាខាខេត្តបានជូនប្រតិភូទៅទស្សនាសាលាបឋមសិក្សាហ៊ុនសែន អញ្ចាញ ស្ថិតនៅភូមិធ្លកអញ្ចាញ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ដោយនាំយកនូវសំភារៈសិក្សាមួយចំនួនដូចជាកាបូប សៀវភៅ ប៉ិច ខ្មៅដៃ បន្ទាត់ ផ្តល់ជូនដល់កុមារនិងផ្តល់ជូនសំរាប់សាលារៀនទាំងមូលនូវម៉ាស៊ីនបូមទឹក១គ្រឿង ម៉ាស៊ីនកាត់ខ្មៅ១គ្រឿង និងធុងទឹកកកធំមួយដែលជាអំណោយរបស់កាកបាទក្រហមខេត្តYamagata ។
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
មន្ត្រីទំនាក់ទំនងលោក ឌួង ប៊ុនធី
ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១២