ពិធីប្រជុំផ្សព្វផ្សាយពីជំងឺពងបែកនៅលើដៃ ជើង និងនៅក្នុងមាត់ត្រូវបានលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធធ្វើឡើងនៅតាមបណ្តាក្រុង -ស្រុកទាំង១២ របស់ខេត្តសៀមរាបទាំងមូល ដោយបានការអនុញ្ញាតពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ។ ដោយឡែកនៅសាលប្រជុំសាលាក្រុងសៀមរាប ក៍បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ដោយមានការចូលរួមពីសំណាក់លោកស្រី កុយ វិសាល អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីរួមជាមួយលោក លោកស្រី កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញក្រុងសៀមរាប យុវជនកាកបាទក្រហមកម្ពុជាបានអញ្ជើញចូលរួមជាច្រើនរូបផងដែរ។ បន្ទាប់ពីលោកស្រី កុយ វិសាល បានឡើងមានប្រសាសន៍ស្វាគមន៍ និងប្រកាសបើកអង្គពិធីរួចមក លោក ស៊ុំ សំអន ក៍បានធ្វើ ការផ្សព្វផ្សាយពីជំងឺពងបែកនៅលើដៃ ជើង និងនៅក្នុងមាត់ លោកក៏បានជម្រាបជូនពីគោលបំណងផ្សព្វផ្សាយនាពេលនេះគឺដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប បានយល់ដឹងឲ្យកាន់តែច្បាស់អំពីជំងឺនេះនិងវិធីសម្រាប់បង្ការទប់ស្កាត់លើការការពារចំពោះកុមារដែលងាយរងគ្រោះមានអាយុតិចជាង៥ឆ្នាំ និងការជៀសវាងកុំឲ្យមានជំងឺពងបែកនៅលើដៃ ជើង និងនៅក្នុងមាត់។ លោកក៍បានលើកឡើងផងដែរអំពី
និយមន័យជំងឺខាងលើនេះថាគឺជាជំងឺដែលបង្កឡើងដោយវីរុស ដែលជាទូទៅបានចម្លង និងកើតចំពោះកុមារមានអាយុតិចជាង៥ឆ្នាំ ប៉ុន្តែវាក៍អាចកើតមានចំពោះមនុស្សពេញវ័យផងដែរ។ បន្ទាប់ពីលោក ស៊ុំ សំអនបានឡើងជំរាបនូវគោលបំណង សមាសភាព ដំណើរការផ្សព្វផ្សាយ សេចក្តីប្រកាសពត៌មានរួមរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ស្តីពីជំងឺពងបែកនៅលើដៃ ជើង និងនៅក្នុងមាត់យ៉ាងស៊ីជំរៅជូនដល់អង្គពិធីក៍ដូចជាការធ្វើបទបង្ហាញនូវឯកសាររបស់មន្ទីរពេទ្យកុមារអង្គរ ស្តីពីជំងឺប្រភេទពងបែកនេះជូនដល់សិក្ខាមបានយល់ជ្រាបច្បាស់គឺបានសង្កត់ធ្ងន់ទៅលើវិធីការពារបង្ការទប់ស្កាត់ដោយបញ្ជាក់ថា ប្រភេទជំងឺពងបែកនេះពុំមានវ៉ាក់សាំងការពារនឹងវីរុសដែលបង្កឲ្យមានជំងឺនេះទេ ប៉ុន្តែយើងអាចកាត់បន្ថយភាព
គ្រោះថ្នាក់ពីការឆ្លងជំងឺនេះតាមរយៈការលាងដៃរបស់អ្នកជាមួយសាប៊ូឲ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីប្តូរកន្ទបកូនង៉ា និងក្រោយពេលចេញពីបន្ទប់ទឹក។ ត្រូវលាងសំអាតសម្ភារៈដែលអ្នកជំងឺប្រើប្រាស់ រួមបញ្ចូលទាំងប្រដាប់កេ្មងលេង ជាមួយសាប៊ូ និងទឹកនិងសម្លាប់មេរោគដោយប្រើទឹកសូលុយស្យុងក្លរីន។ ជៀសវាងការប៉ះពាល់ផ្ទាល់ដូចជា អោប ថើប ឬ ប្រើប្រាស់សម្ភារៈបរិភោគរួមគ្នា ដូចជាកែវផឹកទឹករបស់អ្នកជំងឺជាដើម។
នៅក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក ស៊ុំ សំអន ក៍បានអានខ្លឹមសារគន្លឹះនៃការលើកកម្ពស់សុខភាពមាតា និងទារករបស់ លោកជំទាវកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលមាន ៥ ចំនុច
១-សូមបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាពមន្ទីរពេទ្យដែលស្ថិតនៅជិតបំផុតនិងត្រូវពិនិត្យផ្ទៃពោះឲ្យបានបួនដងមុនសម្រាល។
២-សូមធ្វើតេស្តឈាមដើម្បីដឹងពីស្ថានភាពសុខភាព ជាពិសេសមេរោគអេដស៍ ដើម្បីទប់ស្កាត់ការចម្លងពីមាតា ទៅរក។
៣-ត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដោយឆ្មបដែលបានទទួលការបណ្តុះបណា្តលត្រឹមត្រូវ។
៤-ត្រូវពិនិត្យសុខភាពក្រោយពេលសម្រាល និងនាំកូនទៅចាក់វ៉ាក់សាំង តាមការណែនាំរបស់គ្រូពេទ្យ។
៥-ចំពោះស្ត្រីរស់នៅជាមួយមេរោគអេដស៍ សូមទៅទទួលសេវាបង្ការ ព្យាបាលថែទាំ និងគាំទ្រនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ ឲ្យបានទៀងទាត់។
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
មន្ត្រីទំនាក់ទំនងសាខា លោក ឌួង ប៊ុនធី
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២